(ភ្នំពេញ)៖ នៅកម្ពុជា លទ្ធភាពស្វែងរកសៀវភៅ សម្រាប់អាននៅមានការខ្វះខាតច្រើន ដោយបណ្ណាល័យក៏មានតិច ហើយភាគច្រើនប្រមូលផ្តុំតែ នៅតាមទីក្រុង។ អាស្រ័យដោយប្រជាជនកម្ពុជា នៅតាមជនបទមានចំនួនច្រើន ពោលគឺរហូតដល់ទៅ៨០ភាគរយ ហើយនោះ កុមារភាគច្រើនក៏ពុំសូវមានឱកាស រកសៀវភៅមកអានផ្ទាល់បានដែរ។ មិនតែប៉ុណ្ណោះ ចំនួនអ្នកនិពន្ធនៅកម្ពុជាក៏តិច អាស្រ័យដោយមិនសូវ មានទីផ្សារសម្រាប់សៀវភៅរបស់ពួកគេ។
ឧបសគ្គក្នុងការស្វែងរកសៀវភៅអាន និងសម្ភារសិក្សាផ្សេងៗទៀត បានញ៉ាំងឲ្យកុមារកាន់តែ ជួបការលំបាកក្នុងការសិក្សា អាន និងសរសេរ។ ក្នុងន័យរួមចំណែកពុះពារការលំបាកទាំងនេះ និងរួមចំណែកលើកកម្ពស់គុណភាពអប់រំ អង្គការអេដ អេ អាក់ស្យុង (អេ អ៊ី អេ) ក៏បានបង្កើតគម្រោងរួមមួយ ដោយប្រើបា្រស់ប្រព័ន្ធ បច្ចេកវិទ្យាព័ត៌មាន ហៅថាគម្រោង ខ្មែរលើន (KHMER LEARN) នៅឆ្នាំ២០១៥។ នៅក្នុងគម្រោងរួមនេះ មានកម្មវិធីមួយ ហៅថាកម្មវិធីខ្មែរឡាយប្រឹរី (Khmer Library) ដែលបច្ចុប្បន្ន មានអ្នកប្រើបា្រស់រហូតដល់ ១,០០,០០០នាក់ បានទទួលពានរង្វាន់ផ្នែកការ ទទួលខុសត្រូវសង្គមដែលផ្តល់ឲ្យ ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍កម្ពុជា នៅឆ្នាំ២០១៥។
កាលពីថ្ងៃទី២ ដល់ថ្ងៃទី៤ ខែសីហា កន្លងមក ក្រុមន្ត្រីអង្គការអេដ អេ អាក់ស្យុង នៅប្រទេសវៀតណាម និងប្រទេសឡាវ ដោយក្នុងនោះក៏មានមន្រ្តីមកពីក្រសួងអប់រំឡាវ ចូលរួមផងដែរ ប្រមាណជា ១០នាក់ បានមកបំពេញទស្សនកិច្ចសិក្សា និងរៀនសូត្រ ដកស្រង់បទពិសោធន៍ពីអង្គការអេដ អេ អាក់ស្យុងនៅកម្ពុជា ជាពិសេសគឺអំពីការប្រើបា្រស់ បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍(ICT) ដើម្បីបង្កើនឱកាស និងគុណភាពអប់រំ នៅប្រទេសរបស់រៀងៗខ្លួន។
ក្នុងអំឡុងពេល ៣ថ្ងៃ នៃកម្មវិធីទស្សនកិច្ចសិក្សានេះ ក្រុមមន្រ្តីពីប្រទេសវៀតណាម និងឡាវ ក៏បានចុះទៅដល់មូលដ្ឋានផ្ទាល់ផងដែរ ដើម្បីសង្កេតមើលការអនុវត្តន៍គម្រោង ជាក់ស្តែង និងសង្កេតមើល ថាតើនាយកសាលានានា ធ្វើដូចម្តេចក្នុងការរ៉ាប់រងទទួល និងអភិវឌ្ឍន៍គម្រោងនេះនៅតាម សាលារបស់រៀងៗខ្លួន ជាមួយនឹងការគាំទ្រពីអង្គការអេដ អេ អាក់ស្យុង។ ក្រុមមន្រ្តីទាំងពីរប្រទេសមាន ការចាប់អារម្មណ៍ខ្លាំង និងមានគំនិតថានឹងយកគម្រោងដូចគ្នានេះទៅអនុវត្ត នៅប្រទេសរបស់ផងខ្លួន ពោលគឺប្រើបា្រស់បច្ចេកវិទ្យាព័ត៌មាន និងគមនាគមន៍ដើម្បីលើកកម្ពស់អក្ខរកម្ម និងជួយជម្រុញវប្បធម៌អំណាន។
ទូ ង្វៀន នាយកកម្មវិធី អង្គការ អេដ អេ អាក់ស្យុង ប្រចាំនៅប្រទេសវៀតណាម បានថ្លែងថា៖ «សូម្បីមនុស្សចាស់ជាច្រើន ដែលកើតក្នុងសម័យសង្គ្រាម ក៏មិនសូវមានទម្លាប់អាននេះដែរ ពីព្រោះពួកគាត់គ្មានលទ្ធភាព រកសៀវភៅផង ក្រីក្រផងនិងដោយសារស្រុកមានចំបាំងរាំងជល់ផង។ ហើយទម្លាប់នេះក៏បន្សល់ទុកជា បន្តរហូតមកដល់ជំនាន់ក្រោយនេះទៀត»។
«ពលរដ្ឋឡាវជាច្រើន មិនអានភាសាឡាវដែលជាភាសាទូទៅ បោះពុម្ពលើសៀវភៅនានានោះឡើយ។ សៀវភៅពិតជាមានមែនហើយ តែមិនមែនមាននៅគ្រប់តែទីកន្លែងនោះទេ» វិថានយ៉ា មកពីអង្គការអេដ អេអាក់ស្យុង ប្រទេសឡាវ និយាយ។
កម្មវិធីដូចគ្នានេះ ដែលផ្តល់លទ្ធភាពចូលអានសៀវភៅ បានដោយមិនបង់ថ្លៃ នៅមិនទាន់បានបង្កើតនៅឡើយទេ នៅប្រទេសទាំងពីរនេះ។ អេដ អេ អាក់ស្យុង ប្រទេសឡាវ និងក្រសួងអប់រំឡាវ និងសាកល្បង គម្រោងឡាវលើន (Lao LEARN) នៅតាមសាលាចំនួនពីរឬបីសាលាសិន នៅដំណាច់ឆ្នាំនេះ។ ចំណែកឯប្រទេសវៀតណាមក៏នឹងចូលរួមផងដែរ ហើយនឹងសាកល្បងនៅតាម សាលាគោលដៅមួយចំនូន នៅមុនខែធ្នូ ឆ្នាំនេះ។
គម្រោងខ្មែរលើន រួមមានកម្មវិធីចំនួន៥ ហើយកម្មវិធីមួយចំនួនក្នុងចំណោមនេះនឹងត្រូវបានរៀបចំរួចរាល់ជាបន្តបន្ទាប់ នៅមុនដំណាច់ឆ្នាំ។ កម្មវិធីដែលអ្នកប្រើបា្រស់អាចចូល មើលបាននៅពេលបច្ចុប្បន្ននេះ រួមមានកម្មវិធីបណ្ណាល័យខ្មែរ (Khmer Library) ដែលផ្តល់លទ្ធភាពឲ្យអ្នកប្រើបា្រស់ ចូលទៅរកមើល និងអានសៀវភៅចំនួន៤០ចំណងជើងសម្រាប់កុមារ និងសៀវភៅចំនួន ១,២០០ ចំណងជើងសម្រាប់យុវជន ដោយមិនបង់ថ្លៃ រួមជាមួយនឹងសម្ភារៈអប់រំជាច្រើនទៀត កម្មវិធីខ្មែរអ្នកអប់រំ (Khmer Educator) ដែលជាកម្មវិធីមួយសម្រាប់គ្រូបង្រៀន មាតាបិតា និងសិស្ស ព្រមទាំងកម្មវិធីខ្មែរអ្នកនិពន្ធ (Khmer Writer) ដែលជាកម្មវិធីសម្រាប់ជនទាំងឡាយណា ដែលនិយមចូលចិត្តសរសេរ ឬចែករំលែកគំនិត យោបល់ ឬពុទ្ធិរបស់ខ្លួន តាមទម្រង់ណាមួយ។
អេដ អេ អាក់ស្យុង ក៏បាននិងកំពុងដំណើរការបណ្តើរៗ ផងដែរនូវកម្មវិធី ខ្មែររៀនអាន (Khmer Rea An) ដែលជាកម្មវិធីមួយសម្រាប់ជួយឲ្យកុមារឆាប់ចេះអាន និងទទួលបានចំណេះដឹង ផ្សេងៗឆាប់រហ័ស។ កម្មវិធីនេះ មានលក្ខណៈជាការឆ្លើយឆ្លងទៅវិញទៅមក មានចម្រៀងប្រភេទអប់រំ និងល្បែងផងដែរ ដើម្បីទាក់ទាញចិត្តក្មេងឲ្យចូលចិត្តអាន។
លោក វន សំភាស់ ប្រធានអង្គការអេដ អេ អាក់ស្យុង ប្រចាំប្រទេសកម្ពុជា បានលើកឡើងក្នុងឱកាសនោះថា៖ «ជាការចាំបាច់ណាស់ថា ត្រូវបណ្តុះវប្បធម៌អំណានក្នុងជួរកុមារ តាំងពីវ័យក្មេង ទើបអាចកសាងបាននូវគ្រឹះរឹងមាំសម្រាប់អនាគត និងការអប់រំរបស់ពួកគេ។ អាស្រ័យហេតុនេះហើយ ទើបយើងកំពុងខិតខំកសាង វប្បធម៌អំណាននេះនៅក្នុងចំណោមក្មេងៗ និងយុវជន តាមរយៈវិធីផ្សេងៗ ដែលប្រកបដោយភាពច្នៃប្រឌិតប្លែកៗ ថ្មីៗ និងមានលក្ខណៈសកម្មទៅវិញទៅមក»។
អេដ អេ អាក់ស្យុង (AEA) ជាអង្គការអភិវឌ្ឍន៍អន្តរជាតិមួយ ដែលត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៨១ ក្នុងគោលបំណងជម្រុញ ទៅមុខនូវបុព្វហេតុនៃការអប់រំ ដើម្បីទាំងអស់គ្នា ជាពិសេសគឺប្រជាពលរដ្ឋ ដែលងាយរងគ្រោះ។ នៅឆ្នាំ២០០១ អេដ អេ អាក់ស្យុង បានពង្រីកទៅដល់តំបន់អាស៊ីអគ្នេយ៍ និងប្រទេសចិន ហើយបច្ចុប្បន្ន មានគម្រោងចំនួន១៦ ដែលកំពុងដំណើរការនៅកម្ពុជា វៀតណាម ឡាវ និងចិន៕