(កំពត)៖ ក្រុមចោរប្លន់ប្រដាប់អាវុធ២នាក់ ដែលបានធ្វើសកម្មភាពប្លន់ នៅភូមិដើមពោធិ៍​ ឃុំអង្គសុភី​ ស្រុកកំពង់ត្រាច​ ខេត្តកំពត កាលពីថ្ងៃទី៥​ ខែវិច្ឆិកា​ ឆ្នាំ២០២៣​ វេលាម៉ោង១៦​ និង១៥នាទី ត្រូវបានកម្លាំងនគរបាលខេត្តកំពត សហការជាមួយកម្លាំងនគរបាលនាយកដ្ឋានព្រហ្មទណ្ឌ ក្រសួងមហាផ្ទៃ និងកម្លាំងនគរបាលខេត្តស្វាយរៀង រួមគ្នាតាមចាប់បានជាបន្តបន្ទាប់។

ស្នងការនគរបាលខេត្តកំពត លោកឧត្តមសេនីយ៍ទោ ម៉ៅ ច័ន្ទមធុរិទ្ធ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះថា ជនសង្ស័យទាំង២នាក់ ត្រូវបានចាប់ខ្លួនដោយម្នាក់ចាប់នៅ ខេត្តកំពត និងម្នាក់ទៀតតាមចាប់ដល់ខេត្តស្វាយរៀង។ ​

បើតាមលោកឧត្តមសេនីយ៍ស្នងការ ជនសង្ស័យទាំង២នាក់ រួមមាន៖

*ទី១៖ ឈ្មោះ អេង​ កុសល​ អាយុ៣១ឆ្នាំ​ នៅភូមិព្រៃតាព្រឹត​ ឃុំស្ដេចគង់ខាងលិច​ ស្រុកបន្ទាយមាស​ និងចាប់យកវត្ថុតាង​ទូរស័ព្ទ១គ្រឿង​ជារបស់ជនរងគ្រោះ
*ទី២៖ ឈ្មោះ កៅ ផា ហៅ ណៃ អាយុ២៧ឆ្នាំ រស់នៅភូមិអង្គសុភី ឃុំអង្គសុភី ស្រុកកំពង់ត្រាច ដែលត្រូវចាប់ខ្លួននៅខេត្តស្វាយរៀង។

លោកឧត្តមសេនីយ៍ស្នងការ បានបន្តថា ក្នុងពេលឃាត់ខ្លួន, ជនសង្ស័យឈ្មោះ​ អេង​ កុសល​ បានឆ្លើយសារភាពថា​ រូបគេពិតជាបានធ្វើសកម្មភាព​ប្លន់ទ្រព្យសម្បត្តិជនរងគ្រោះ ពិតប្រាកដមែ​។

សម្រាប់ជនសង្ស័យទាំង២នាក់ ត្រូវបាននាំខ្លួនមកកាន់ស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីបន្តធ្វើការសួរនាំចាត់ការបន្តទៀត។

ប្រតិបត្តិការនេះ ដោយអនុវត្តតាមបទបញ្ជារបស់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ, អគ្គស្នងការរងទទួលផែន និងលោកឧត្តមសេនីយឯក ង៉េង ជួ ប្រធាននាយកដ្ឋាននគរបាលព្រហ្មទណ្ឌ។

នៅថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០២៣ កម្លាំងជំនាញរបស់នាយកដ្ឋាននគរបាលព្រហ្មទណ្ឌ បានដឹកនាំសហការជាមួយ កម្លាំងជំនាញរបស់ស្នងការដ្ឋាននគរបាលខេត្តកំពត ធ្វើការឃាត់ខ្លួនជនសង្ស័យបានចំនួន០១នាក់មានឈ្មោះ អេង កុសល ភេទប្រុស ជនជាតិខ្មែរ នៅចំណុចភូមិព្រៃតាព្រិត្ត ឃុំស្តេចគង់ខាងលិច ស្រុកបន្ទាយមាស ខេត្តកំពត និងមុខសញ្ញាសេស សល់ម្នាក់ទៀតរត់គេចខ្លួន។

រហូតដល់ថ្ងៃ១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ វេលាម៉ោង១៦៖៥០នាទី កម្លាំងជំនាញរបស់នាយកដ្ឋាន ដឹកនាំដោយលោកឧត្តមសេនីយ៍ត្រី ហ៊ុន មុន្នីរ័ត្ន និងលោកវរសេនីយ៍ឯក ហែម បូណា អនុប្រធាននាយកដ្ឋាន បានដឹកនាំ និងបន្តសហការជាមួយស្នងការដ្ឋាននគរបាលខេត្តកំពត និងស្នងការដ្ឋាននគរបាលខេត្តស្វាយរៀង បានអនុវត្តដីកាចាប់ខ្លួនរបស់សាលាដំបូងខេត្តកំពត ជាមុខសញ្ញាសេសសល់ក្នុងករណី ឈ្មោះ កៅ ផា ហៅ ណៃ ភេទប្រុស អាយុ២៧ឆ្នាំ ជនជាតិខ្មែរ ចំណុចភូមិរកា ឃុំអង្គតាសូ ស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។

ជនសង្ស័យទាំងពីរ បានឆ្លើយសារភាពដូចគ្នាថា ពួកខ្លួនពិតជាបានធ្វើសកម្មភាពប្លន់ជនរងគ្រោះខាងលើពិតប្រាកដមែន។ បច្ចុប្បន្នជនសង្ស័យទាំងពីរខាងលើ បានប្រគល់ឲ្យស្នងការដ្ឋាននគរបាលខេត្តកំពត ជាម្ចាស់ករណីដើម្បីចាត់ការបន្តតាមនីតិវិធីបន្ត៕