(ភ្នំពេញ)៖ ក្រសួងការបរទេសកម្ពុជា នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ បានផ្ញើកំណត់ទូតជាថ្មីមួយទៀត ស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាពនានា ដូចជាការជីកស្រះ សង់ប៉ុស្តិ៍ និងផ្លូវជាដើមនៅតាម បន្ទាត់ព្រំដែនកម្ពុជា-វៀតណាម នៅក្នុងខេត្តមណ្ឌលគិរី រតនគិរី ស្វាយរៀង កណ្តាល និងតាកែវ។
នៅក្នុងកំណត់ទូតថ្ងៃទី១៨ ខែសីហា ក្រសួងការបរទេសបានរំលឹកឡើងវិញ ពីសកម្មភាពរបស់វៀតណាម ដែលបានសាងសង់ប៉ុស្តិ៍ព្រំដែន ផ្លូវ ជីកស្រះ និងសាងសង់សំណង់នានា នៅតាមបន្ទាត់ព្រំដែន ដោយបានបញ្ជាក់ថា ការសាងសង់នេះគឺជា ការរំលោភបំពានមកលើដែនអធិបតេយ្យ របស់កម្ពុជា។
ក្រសួងការបរទេសកម្ពុជា បានស្នើឲ្យវៀតណាមបញ្ឈប់សកម្មភាព សាងសង់ទាំងអស់នេះជាបន្ទាន់ និងធ្វើឲ្យស្ថានភាពបរិស្ថាន នៅតំបន់ទាំងនោះមានសភាព ដូចដើមឡើងវិញ។ ក្រសួង ក៏បានស្នើវៀតណាម ចាត់វិធានការរារាំងកុំឲ្យពលរដ្ឋវៀតណាម ចូលមកដាំដុះ ឬធ្វើសកម្មភាពនៅតំបន់ព្រំដែន ទាំងឡាយណា ដែលមិនទាន់បញ្ចប់ការកំណត់ខណ្ឌសីមា និងបោះបង្គោលព្រំដែន ក្នុងស្មារតីមិត្តភាព ភាពជាអ្នកជិតខាងដ៏ល្អ និងទំនាក់ទំនងជិតស្និទ្ធជាប្រពៃណី ដោយត្រូវទុកឲ្យគណៈកម្មការចម្រុះព្រំដែន នៃប្រទេសទាំងពីរបញ្ចប់ខណ្ឌសីមាឲ្យបានចប់ជាស្ថាពរសិន។
សូមបញ្ជាក់ថា សកម្មភាពសង់ប៉ុស្តិ៍ ជីកស្រះ ធ្វើផ្លូវ និងសង់សំណង់នានានេះ ប្រទេសវៀតណាម បានធ្វើឡើងជាបន្តបន្ទាប់តាំងពីអំឡុងឆ្នាំ២០១១មកម្ល៉េះ ហើយកម្ពុជា ក៏បានផ្ញើកំណត់ទូតទៅកាន់ វៀតណាមជារឿយៗផងដែរ។ ជាលទ្ធផលវៀតណាម ហាក់នៅតែគឃ្លើននិងបន្តធ្វើសកម្មភាព របស់ពួកគេដដែល៕