(ភ្នំពេញ)៖ មន្ត្រីរាជការក្រោមឱវាទរដ្ឋបាលរាជធានីភ្នំពេញ រួមជាមួយប្រជាពុទ្ធបរិស័ទជិតឆ្ងាយ ក្រោមការផ្តួចផ្តើមពីលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ និងលោកជំទាវ, លោក ម៉ប់ សារិន ប្រធានក្រុមប្រឹក្សា រាជធានីភ្នំពេញ បានជួបជុំពុទ្ធបរិស័ទ ប្រារព្ធពិធីក្រុងពាលី នមសិការព្រះរតនៈត្រ័យ សមាទានសីល និមន្តព្រះសង្ឃចម្រើនព្រះបរិត្ត និងសម្តែងធម៌ទេសនា នៅរសៀលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសាលារាជធានីភ្នំពេញ។

អង្គកឋិនទាននេះ នឹងត្រូវដង្ហែទៅវេរប្រគេនព្រះសង្ឃគង់ចាំព្រះវស្សា អស់កាលត្រីមាស នៅវត្តប្រសិទ្ធីរីម្មារាម ស្ថិតក្នុងសង្កាត់ពន្សាំង ខណ្ឌព្រែកព្នៅ ដើម្បីប្រមូលបច្ច័យកសាងព្រះវិហារ។

ប្រជាពលរដ្ឋកម្ពុជាគ្រប់ស្រទាប់វណ្ណៈ ដែលកាន់ព្រះពុទ្ធសាសនា ប្រាកដក្នុងចិត្តមកហើយថា កាលដែលមានលទ្ធភាព និងធនធានធ្វើពិធីបុណ្យដង្ហែរអង្គកឋិនទាន ទៅប្រគេនព្រះសង្ឃ គង់ចាំព្រះវស្សា តាមទីអារាមនានានោះ នឹងទទួលបានអានិសង្ឃទាំងក្នុងបច្ចុប្បន្នជាតិ និងអនាគតជាតិ ជាពិសេសបានបញ្ជូនមហាកុសលទៅដល់បុព្វការីជន ដែលបានធ្វើមរណៈកាលទៅកាន់លោកខាងមុខហើយនោះ។

ផ្អែកតាមសៀវភៅព្រះរាជពិធីទ្វាទស្សមាស ដែលផ្សព្វផ្សាយដោយវិទ្យាស្ថានពុទ្ធសាសនបណ្ឌិត បានបង្ហាញថា ពុទ្ធបរិស័ទ នាំគ្នាធ្វើបុណ្យកឋិននេះ គឺក្នុងជំនឿតាមគម្ពីរដីកាពុទ្ធសាសនា ស្តីពីកឋិនទានថា ជាកាលទានដ៏ មានផល្លានិសង្ឃច្រើនជាងទានទាំងពួង។ តាមពុទ្ធប្បញ្ញត្តិ ភិក្ខុសង្ឃដែលអាចទទួលក្រាលគ្រងកឋិនបាន លុះណាតែបានគង់ចាំព្រះវស្សាអស់ពេល ៣ខែដោយបរិបូរណ៍ ពុំមានដាច់កិច្ចចូលព្រះវស្សាទេនោះ ក៏ពុំអាចទទួលកឋិនទានពីពុទ្ធបរិសព្ទ័បានដែរ។

លោក ឃួង ស្រេង បានថ្លែងថា យើងទាំងអស់គ្នា មានឧិកាសជួបជុំធ្វើបុណ្យទាននាពេលនេះ គឺដោយសារយើងមានសន្តិភាពពេញផ្ទៃប្រទេស ក្រោមនយោបាយឈ្នះឈ្នះរបស់ស្ថាបនិកសន្តិភាព គឺសម្តេចតេជោ ហ៊ុន សែន និងបន្តមកដល់នយោបាយបញ្ចកោណ នៃអណត្តិទី៧ របស់រាជរដ្ឋាភិបាល ក្រោមការដឹកនាំរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រី។

បុណ្យកឋិនទាននេះ ក៏ជាការរួមចំណែកលើកស្ទួយវិស័យព្រះពុទ្ធសាសនា ដែលជាសាសនារបស់រដ្ឋឲ្យកាន់តែរុងរឿង និងគង់វង់យូអង្វែង។ ម៉្យាងទៀត ក៏បានបង្ហាញឲ្យឃើញពីការជួបជុំរបស់ពុទ្ធបរិសទ្ធ័ជិតឆ្ងាយ ដោយក្តីជ្រះថ្លា និងបង្កើនសាមគ្គីភាពរវាងប្រជាពលរដ្ឋ និងអាជ្ញាធរ ក្នុងការរួមចំណែកអភិវឌ្ឍន៍រាជធានីភ្នំពេញឲ្យកាន់តែរីកចំរើន។

តាមទំនៀមទំលាប់ ជនណាបានធ្វើបុណ្យកឋិនទាន ដែលនាំឲ្យភិក្ខុសង្ឃបានទទួលនូវអានិសង្ឃ៥យ៉ាង ឈ្មោះថា ជាអ្នកឲ្យសេចក្តីសុខដល់អ្នកដទៃ ក្នុងបច្ចុប្បន្នជាតិ ជននោះឯងតែងបានសុខក្នុងមនុស្សលោក និងទេវលោក ក្នុងអនាគត។

កម្លាំងសទ្ធាជ្រះថ្លារបស់ពុទ្ធបរិស័ទ ដែលកើតមានពីអង្គកឋិនទាន និងដើម្បីឧទ្ទិសកុសលផលបុណ្យ ជូនដល់វិញ្ញាណក្ខន្ធបុព្វការីជនមានមាតា បិតា ជីដូនជីតាញាតិការទាំង៧សណ្តាន និងឧទ្ទិសដល់វិញ្ញាណក្ខន្ធ យុទ្ធជនយុទ្ធនារីដែលបានពលីជីវិតដើម្បីបុព្វហេតុជាតិមាតុភូមិ។

បច្ច័យដែលប្រមូលបានពីអង្គកឋិនទាននេះ ដើម្បីវេរប្រគេនព្រះសង្ឃក្នុងពុទ្ធសីមាវត្តប្រសិទ្ធីរីម្មារាម ដើម្បីបន្តកសាងព្រះវិហារ និងសមិទ្ធិផលនានា តំកល់ទុកក្នុងព្រះពុទ្ធសាសនាតរៀងទៅ៕