(ភ្នំពេញ)៖ លោកសាស្ត្រាចារ្យ ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានទទួលជួបជាមួយក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដឹកនាំដោយលោកបណ្ឌិត ចន ណារិទ្ធ អនុរដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គម នៅទីស្តីការក្រសួង។

លោកសាស្ត្រាចារ្យរដ្ឋមន្ត្រីបានស្វាគមន៍យ៉ាងកក់ក្តៅ គណៈប្រតិភូក្រុមការងារនៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានមកជួបសម្តែងការគួរសម និងរាយការណ៍អំពីវឌ្ឍភាព និងទិសដៅនៃប្រព័ន្ធគាំពារសង្គមនៅកម្ពុជា។

​លោកបណ្ឌិត ចន ណារិទ្ធ បានបង្ហាញពីវឌ្ឍនភាពនៃការអនុវត្តក្របខណ្ឌគោលនយោបាយជាតិគាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ ដែលជាឯកសារគោល និងជាមគ្គុទ្ទេសក៍សម្រាប់ការអភិវឌ្ឍប្រព័ន្ធគាំពារសង្គមកម្ពុជា នាពេលបច្ចុប្បន្ន ដោយផ្អែកលើអភិក្រមកិច្ចគាំពារសង្គមពេញមួយវដ្តជីវិត និងផ្តោតលើសសរស្តមចំនួន២ គឺប្រព័ន្ធជំនួយសង្គម និងប្រព័ន្ធសន្តិសុខសង្គម។

លោកបន្ដថា បច្ចុប្បន្ននេះរាជរដ្ឋាភិបាលបាន និងកំពុងអនុវត្តកម្មវិធីជាតិជំនួយសង្គម និរបបសន្តិសុខសង្គមក្នុងប្រព័ន្ធគាំពារសង្គមនានា រួមមាន៖ មូលនិធិសមធម៌សុខាភិបាល របបសន្តិសុខសង្គមផ្នែកថែទាំសុខភាព និងកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកូនរហូតបានអាយុក្រោម២ឆ្នាំ ដែលត្រូវបានដាក់ឱ្យអនុវត្តចាប់តាំងពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០១៩មក។

​លោកសាស្ត្រាចារ្យរដ្ឋមន្ត្រី បានថ្លែងអំណរគុណ​ និងកោតសរសើរដល់អគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ដែលបានអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦ ដល់២០២៥ និងមានវឌ្ឍនភាពគួរឱ្យកត់សំគាល់ ព្រមទាំងយកចិត្តទុកដាក់ក្នុងការសហការសម្របសម្រួល ក្រុមការងារអន្តរក្រសួង ដើមី្បរៀបចំឯកសារសេចក្តីព្រាងផែនទីបង្ហាញផ្លូវ ឆ្ពោះទៅការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដើម្បីកំណត់អំពីចក្ខុវិស័យ និងផែនការយុទ្ធសាស្ត្រ ក្នុងការបោះជំហានជាដំណាក់កាលៗ ឆ្ពោះទៅការសម្រេចបាននូវការគ្របដណ្តប់សុខភាព ជាសកលនៅកម្ពុជា តាមរយៈការបន្តអភិវឌ្ឍ និងពង្រីកប្រព័ន្ធគាំពារសន្តិសុខសង្គម ព្រមជាមួយនឹងការពង្រឹង និងបង្កើនប្រសិទ្ធភាពផ្នែកថែទាំសុខភាព។

លោកសាស្ត្រចារ្យរដ្ឋមន្ត្រី ក៏បានលើកទឹកចិត្តភាគីពាក់ព័ន្ធនានានៃក្រសួងសុខាភិបាល បន្តសហការឱ្យកាន់តែស៊ីជម្រៅបន្ថែមទៀត ជាមួយអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិគាំពារសង្គម ក្នុងការអនុវត្តក្របខណ្ឌគោលនយោបាយជាតិ គាំពារសង្គម ឆ្នាំ២០១៦-២០២៥ និងអនុវត្តយុទ្ធសាស្ត្រសុខាភិបាលទាំង៩ ជាពិសេសសូមឱ្យផ្សារភ្ជាប់ការងារនេះ ជាមួយនឹងអាទិភាពគន្លឹះវិស័យសុខាភិបាលទាំងបីរួមមាន៖

១៖ ពង្រឹងសមត្ថភាពមណ្ឌលសុខភាព តាមរយៈការផ្គត់ផ្គង់សម្ភារៈបរិក្ខារ វេជ្ជសាស្ត្រ ឱសថចាំបាច់ ហេដ្ឋារចនាសម្ព័ន្ធ ពង្រឹងសមត្ថភាពបុគ្គលិកសុខាភិបាល ធ្វើយ៉ាងណាឱ្យការផ្តល់សេវាសុខភាពជូនប្រជាពលរដ្ឋ ២៤ម៉ោងក្នុង១ថ្ងៃ

២៖ ពង្រឹងសមត្ថភាពមន្ទីរពេទ្យបង្អែកស្រុកប្រតិបត្តិ និងខេត្តតាមរយៈការពង្រឹងសមត្ថភាព សង្ក្រោះបន្ទាន់ បន្ទប់វះកាត់ មន្ទីរពិសោធន៍ និងប្រព័ន្ធបញ្ជូនជាដើម

៣៖ ពង្រឹងស្ថាប័ននិងធនធានមនុស្សសុខាភិបាល តាមរយៈការពង្រឹងភាពជាអ្នកដឹកនាំស្ថាប័នគ្រប់លំដាប់ថ្នាក់ ដើម្បីជំរុញការគ្របដណ្តប់សុខភាពជាសកលនៅកម្ពុជា ដែលជារបៀបវារៈគោលនយោបាយប្រកបដោយមហិច្ឆិតាខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ដែលបានឆ្លុះបញ្ចាំងនៅក្នុងយុទ្ធសាស្រ្តបញ្ចកោណដំណាក់កាលទី១ របស់រាជរដ្ឋាភិបាលសម្រាប់នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និងប៉ិនប្រសប់ប្រកបដោយគតិបណ្ឌិតរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា៕