(ភ្នំពេញ)៖ ថ្ងៃទី១៧ ខែវិច្ឆិកា វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន លើកទី៣ ដែលសហការរៀបចំដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន ក្រសួងព័ត៌មាននៃព្រះរាជាណាចក្រកម្ពុជា ព្រមទាំងស្ថានទូតចិនប្រចាំនៅកម្ពុជា បានបើកធ្វើនៅរាជធានីភ្នំពេញ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិននិងឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជា បានមានវត្តមាន និង ឡើងថ្លែងសុន្ទរកថានៅក្នុងពិធីបើក។ អ្នកទទួលខុសត្រូវមកពីប្រព័ន្ធផ្សព្វផ្សាយធំៗជាង៤០ នៅកម្ពុជា តំណាងសហគ្រាសចិន និង មន្ត្រីតំណាងស្ថាប័នផ្សេងៗនៅកម្ពុជា សរុបជាង១២០នាក់ ក៏បានចូលរួមក្នុងកម្មវិធីនេះផងដែរ។

ឯកឧត្ដម នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា បានមានប្រសាសន៍ថា ប្រព័ន្ធផ្សព្វផ្សាយគឺជាកម្លាំងចលករដ៏សំខាន់ ក្នុងការផ្សព្វផ្សាយព័ត៌មាន និងបង្កើតរូបភាព ដើម្បីជះឥទិ្ធពលដល់មតិសាធារណៈប្រកបដោយប្រសិទ្ធភាព។កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជាចិន មានលទ្ធផលល្អនិងមូលដ្ឋានទូលំទូលាយ ដើម្បីចូលរួមចំណែកជាជំរុញការកសាង សហគមន៍ជោគវាសនារួមកម្ពុជាចិន។ ថ្មីថ្មីនេះ ខ្សែភាពយន្តឯកសារ ស្នាមញញឹមកម្ពុជា ដែលសហការផលិតដោយអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈឹមចិននិងអគ្គនាយកដ្ឋានទូរទស្សន៍ជាតិកម្ពុជាបានចាក់ផ្សាយជាផ្លូវការ ដោយបានបង្ហាញពីសមិទ្ធផលផ្លែផ្កា ដែលកើតចេញពីគំនិតផ្តួចផ្តើម ខ្សែក្រវាត់និងផ្លូវ។

ឯកឧត្ដម Wang Wentian ឯកអគ្គរដ្ឋទូតចិនប្រចាំនៅកម្ពុជាបានថ្លែងថា ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយគឺជាធាតុផ្សំសំខាន់ នៃការផ្លាស់ប្ដូរប្រជាជននិងប្រជាជនរវាងកម្ពុជានិងចិន។ ប៉ុន្មានឆ្នាំចុងក្រោយនេះ ទំនាក់ទំនងប្រព័ន្ធផ្សព្វផ្សាយប្រទេសទាំងពីរ មានញឹកញាប់ ទទួលបានលទ្ធផលលេចធ្លោ និងបានក្លាយជាអ្នកចូលរួមដ៏សំខាន់ និងអ្នកជំរុញដ៏វិជ្ជមាននូវកិច្ចសហប្រតិបត្តិការផ្ដល់ ប្រយោជន៍ឱ្យគ្នាលើគ្រប់វិស័យទាំងអស់រវាងកម្ពុជានិងចិន។

ឯកឧត្ដម Hu Jinjun អគ្គនាយករងនៃអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិនបានមានប្រសាសន៍ថា នៅក្នុងវេទិកាកំពូល”ខ្សែក្រវាត់និងផ្លូវ”សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិលើកទី៣ លោក ស៊ី ជីនភីង ប្រធានរដ្ឋចិន បានគ្រោងផែនទីបង្ហាញផ្លូវសម្រាប់”ការប្រកៀកស្មាគ្នាឆ្ពោះទៅទសវត្សមាសខាងមុខ” និងបាននាំមកនូវបេសកកម្មថ្មី ចក្ខុវិស័យថ្មី កាលានុវត្តភាពថ្មី សម្រាប់ការអភិវឌ្ឍប្រព័ន្ធផ្សព្វផ្សាយក្នុងយុគសម័យថ្មី។ ឯកឧត្ដមបានបន្តថា ប្រជាជននៃប្រទេសទាំងពីរកម្ពុជាចិន មានទំនាក់ទំនងយ៉ាងជិតស្និទ្ធ រួមជោគវាសនាជាមួយគ្នា ស្វែងរកជីវិតស្រស់បំព្រង ការសម្រេចបាននូវទំនើបកម្ម គឺជាគោលដៅតស៊ូរួមនៃប្រជាជននៃប្រទេសទាំងពីរ។ នៅលើមាគ៌ាស្វែងរកទំនើបកម្ម ប្រព័ន្ធផ្សព្វផ្សាយទទួលបន្ទុក បេសកកម្មដ៏ពិសេសនិងសំខាន់។

នៅក្នុងវេទិកា មានការចាក់បញ្ចាំងវីដេអូ ដែលផលិតឡើងជាពិសេសដើម្បីអបអរសាទរខួបគម្រប់១០ឆ្នាំនៃការលើកឡើងនូវគំនិតផ្ដួចផ្ដើម”ខ្សែក្រវាត់និងផ្លូវ”។ វីដេអូនេះបានឆ្លុះបញ្ចាំងអំពីសមិទ្ធផលផ្លែផ្ការយៈពេលដប់ឆ្នាំកន្លងមកនេះ ដែលប្រទេសកម្ពុជានិងចិនទទួល បានលើវិស័យផ្សេងៗដូចជាហេដ្ឋារចនាសម្ព័ន្ធ ទំនាក់ទំនងសេដ្ឋកិច្ច ការផ្លាស់ប្ដូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយជាដើម។
ភ្ញៀវកិត្តិយសចូលរួមក្នុងពិធី បានផ្លាស់ប្តូរមតិយោបល់ក្រោមប្រធានបទផ្សេងៗដូចជា“ទំនួលខុសត្រូវ និង បេសកកម្មវប្បធម៌ របស់ប្រព័ន្ធផ្សព្វផ្សាយ” និង “តើប្រព័ន្ធផ្សព្វផ្សាយត្រូវធ្វើដូចម្ដេច ដើម្បីរៀបរាប់រឿងរ៉ាវខ្សែក្រវាត់និងផ្លូវឱ្យបានល្អ”

ឆ្នាំ២០២៣ គឺជាខួបគម្រប់៦៥ឆ្នាំនៃការបង្កើតចំណងការទូតកម្ពុជាចិន ហើយក៏ជាឆ្នាំមិត្តភាពកម្ពុជាចិន។ វេទិកាផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន គឺព្រឹត្តិការណ៍ប្រចាំឆ្នាំនៃសម្ព័ន្ធផ្លាស់ប្ដូរវប្បធម៌កម្ពុជា-ចិន។ វេទិកាអនុវត្តតាមគោលការណ៍គោរពគ្នាទៅវិញទៅមក សហការឈ្នះ-ឈ្នះ ជួយគ្នាទៅវិញទៅមក និង រៀនសូត្រពីគ្នាដោយបរិយាបន្ន ដើម្បីធ្វើអោយការផ្លាស់ប្ដូរ និង ការរៀនសូត្រពីគ្នា រវាងប្រទេសទាំងពីរកម្ពុជាចិនមានភាពប្រក្រតី និងរួមកសាងសហគមន៍ជោគវាសនារួមកម្ពុជាចិន នៅក្រោមបរិបទនៃការអភិវឌ្ឍ ប្រកបដោយចីរភាព៕

វិទ្យុមិត្តភាពកម្ពុជាចិន