(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំ (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានថ្លែងថា ដើម្បីឲ្យដំណើការ នៃការបោះឆ្នោតមានភាពល្អប្រសើរ និងទទួលបានពីគ្រប់ភាគី គឺមានតែការយល់គ្នា ពីគ្រប់ភាគីពាក់ព័ន្ធ ទាំងអ្នកនយោបាយ និង អង្គការសង្គមស៊ីវិល។
លោក ស៊ិក ប៊ុនហុក បានថ្លែងដូច្នេះក្នុងពេលរូបលោកអញ្ជើញ ប្រកាសដាក់ឲ្យប្រើប្រាស់ជាផ្លូវការ នូវប្រព័ន្ធចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី តាមប្រព័ន្ធកុំព្យូទ័រនារសៀល ថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។
ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការ នៃការចុះបញ្ជីឈ្មោះអ្នកបោះឆ្នោតថ្មី តាមប្រព័ន្ធបច្ចេកទេសទំនើបនេះ លោកប្រធាន គ.ជ.ប បានថ្លែង រំលឹកថា ព្រោះតែការខ្វែងគំនិតគ្នា លើការបោះឆ្នោតជាតិ របស់អ្នកនយោបាយកាលពី ឆ្នាំ២០១៣ បានធ្វើឲ្យមានចលនាបាតុកម្មនានា ដែលស្ទើរឈានទៅរកការធ្វើបដិវត្តន៍នៅកម្ពុជា។
អ្នកនយោបាយនៅកម្ពុជា ត្រូវបានគេកត់សម្គាល់ឃើញថា តែងតែកើតមានការខ្វែងគំនិតគ្នា រាល់ពេលបោះឆ្នោតម្តងៗ ដោយសារតែគណបក្សនយោបាយទាំងនោះ មិនព្រមទទួលស្គាល់លទ្ធផល បោះឆ្នោត។ លោក ស៊ិក ប៊ុនហុង បានថ្លែងរំពឹងថា ការធ្វើកំណែទម្រង់នៃការបោះឆ្នោត ក៏ដូចជាការដាក់ឲ្យដំណើរការប្រព័ន្ធ ចុះបញ្ជីឈ្មោះបោះឆ្នោតឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រ នឹងបញ្ចប់នូវបញ្ហាខ្វែងគំនិតរបស់ អ្នកនយោបាយទៅលើការបោះឆ្នោត។
លោក ស៊ិក ប៊ុនហុក បានថ្លែងយ៉ាងដូច្នេះ «សូមអរគុណណាស់តំណាងប្រទេសនានា ព្រមទាំងតំណាងក្រសួង អង្គការសង្គមស៊ីវិល និងបក្សនយោបាយ។ មានតែការដែលយើងយល់គ្នានេះឯង ដែលយើងកាន់ដៃគ្នាឈាន ទៅរកជោគជ័យនៃការបោះឆ្នោត»។
លោកប្រធាន គ.ជ.ប ក៏បានបង្ហាញការចង់ឃើញ ការបោះឆ្នោតនៅកម្ពុជា នាពេលខាងមុខនេះ ប្រព្រឹត្តទៅដោយរលូន និង គ្មានបញ្ហា អ្វីកើតឡើងឡើយ រវាងអ្នកនយោបាយ និងអ្នកនយោបាយ។
សូមរំលឹកថា បន្ទាប់ពីការខ្វែងគំនិតគ្នាស្ទើរមួយឆ្នាំក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣ គណបក្សឈ្នះឆ្នោតទាំងពីរនៅកម្ពុជា គឺគណបក្សប្រជាជនកម្ពុជា ដែលគ្រប់គ្រងរាជរដ្ឋាភិបាល និងគណបក្សសង្រ្គោះជាតិ គណបក្សក្រៅរដ្ឋាភិបាល បានព្រមព្រៀងគ្នាធ្វើកំណែទម្រង់លើស្ថាប័នបោះឆ្នោត ដោយជ្រើសរើសក្បាលម៉ាស៊ីនថ្មី ដែល៤រូបជ្រើសរើសដោយគណបក្សប្រជាជនកម្ពុជា ៤រូបជ្រើសរើសដោយគណបក្សសង្រ្គោះជាតិ និងមួយរូបទៀត ជាការព្រមព្រៀងរវាងគណបក្សទាំងពីរ។ សមាសភាពថ្មី នៃក្បាលម៉ាស៊ីន ត្រូវបានរដ្ឋសភាបោះឆ្នោត ផ្តល់សេចក្តីទុកចិត្តនៅអំឡុងខែមេសា ឆ្នាំ២០១៥។
ក្រៅពីការប្តូរក្បាលម៉ាស៊ីន គណបក្សនយោបាយទាំងពីរ ក៏ព្រមព្រៀងធ្វើវិសោធនកម្ម ច្បាប់បោះឆ្នោត ព្រមទាំងបានព្រមព្រៀងរៀបចំចុះ បញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូរទ័រផងដែរ ដោយមានការផ្តល់ជំនួយ បច្ចេកទេសហិរញ្ញវត្ថុ និងការផ្តល់អនុសាសន៍នានាពីរដ្ឋាភិ បាលជប៉ុននិងសហភាពអឺរ៉ុប។
ក្រោយពីការចងក្រង និងបង្កើតអស់ជាច្រើនខែ ប្រព័ន្ធចុះបញ្ជីឈ្មោះតាមកុំព្យូទ័រ ត្រូវបានដាក់ឲ្យដំណើរជាផ្លូវការ នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ។ តែ គ.ជ.ប នឹងចាប់ផ្តើមបើកឲ្យប្រជាពលរដ្ឋខ្មែរ ទូទាំងប្រទេសចុះឈ្មោះ នៅថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០១៦នេះ។
ទាំងខាង គ.ជ.ប ភាគីជប៉ុន និងសហភាពអឺរ៉ុប សុទ្ធតែបានសម្តែងសុទិដ្ឋិនិយម លើប្រព័ន្ធចុះឈ្មោះអ្នកបោះឆ្នោតថ្មីនេះថា នឹងជួយឲ្យការបោះឆ្នោត កាន់តែល្អប្រសើរ។ តែទោះជាយ៉ាងណា សហភាពអឺរ៉ុប ចង់ឲ្យមានការបើកឲ្យមានការចូលរួម កាន់តែទូលាយថែមទៀតពី គ្រប់បក្សនយោបាយនិងអង្គការសង្គមស៊ីវិល ដើម្បីធានាបានថា ការបោះឆ្នោតនៅកម្ពុជាកាន់តែល្អប្រសើរ។
លោក ស៊ិក ប៊ុនហុក បានបញ្ជាក់ថា ប្រជាពលរដ្ឋខ្មែរ ដែលមានអាយុចាប់ពី១៨ឆ្នាំឡើងទៅ រួមទាំងព្រះសង្ឃផងដែរ ដែលមានអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ក៏ដូចជាលិខិតស្នាមផ្សេងៗ ដែលបញ្ជាក់ថា ជាពលរដ្ឋខ្មែរសុទ្ធតែអាចចុះឈ្មោះបោះឆ្នោតបាន។ សម្រាប់ពលករខ្មែរនៅក្រៅប្រទេសដូចជាប្រទេសថៃ គឺអាចមកចុះឈ្មោះនៅស្រុកកំណើត ឬអាចចុះឈ្មោះនៅតាមខេត្តជាប់ព្រំដែនថៃ តែត្រូវ មានការបញ្ជាក់អត្តសញ្ញាណ និងទទួលស្គាល់ពីអាជ្ញាធរ។
លោក ស៊ិក ប៊ុនហុក ក៏បានប្រកាសស្វាគមន៍គ្រប់ស្ថាប័ន ពាក់ព័ន្ធឲ្យចូលរួមសង្កេតការណ៍លើការ ចុះបញ្ជីឈ្មោះបោះឆ្នោតនេះ។
គ.ជ.ប បានបញ្ជាក់ថា ប្រជាពលរដ្ឋមានអាយុ អាចចូលរួមបោះឆ្នោតបាន មានចំនួនជាង ៩លាននាក់ ហើយមណ្ឌលចុះឈ្មោះបោះឆ្នោតមានជាង ២ម៉ឺនមណ្ឌល។ លោក ស៊ិក ប៊ុនហុក បានធានាថា នឹងខិតខំធ្វើឲ្យការ បញ្ចុះឈ្មោះបោះឆ្នោតថ្មីនេះ អាចបញ្ចប់ទៅបានទាន់ពេលវេលា និងមានភាពល្អប្រសើរ៕