(កណ្តាល)៖ ប្រជាលរដ្ឋ ៤០គ្រួសារ រស់នៅភូមិគគីរ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្តកណ្តាល បានថ្លែងអំណរគុណអាជ្ញាធរ ជាពិសេសមេឃុំគគីរ ដែលបានខិតខំប្រឹងប្រែងដោះស្រាយរហូតមានដំណោះស្រាយរហូតឈានទៅបើកផ្លូវចាស់១ខ្សែ ដែលទុកចោលជាង២០ឆ្នាំ នៅចំណុចរោងម៉ាស៉ិនកិនស្រូវ ឆ្ពោះមកកាន់ផ្លូវជាតិលេខ១ សម្រាប់បម្រើដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋ។

ក្រោយពីដោះស្រាយបញ្ចប់វិវាទ ជាពិសេសដោយមើលឃើញពីការលំបាកក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋដែលប្រើប្រាស់ផ្លូវនេះឆ្ពោះទៅកាន់ផ្លូវជាតិលេខ១ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ម្សិលមិញ លោក មុត សារិទ្ធ មេឃុំគគីរ ចាបផ្តើមសាងសង់ផ្លូវលំ ១ខ្សែនេះឡើងដើម្បីផ្តល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋធ្វើដំណើរ។

សម្រាប់ប្រភពថវិកា គឺបានមកពីការចូលរួមពីសំណាក់អាជ្ញាធរមូលដ្ឋានឃុំគគីរ ប្រជាពលរដ្ឋ និងសប្បុរសជន។ ផ្លូវនេះមានប្រវែង ៧៥ម៉ែត្រ និងទទឹង៣.៥ម៉ែត្រ។

ប្រជាពលរដ្ឋក្នុងមូលដ្ឋាន បានឱ្យដឹងថា ផ្លូវ១ខ្សែខាងលើនេះ ត្រូវបានទុកចោលជាង២០ឆ្នាំមកហើយ មូលហេតុដោយសារគ្មាននរណាយកចិត្តទុកដាក់ សាងសង់ និងជួសជុលនោះឡើយ៕