(ចិន)៖ លោក អ៊ុច បូររិទ្ធ ទេសរដ្ឋមន្ត្រីនៃរាជរដ្ឋាភិបាលកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញចូលរួម និងបានថ្លែងសុន្ទរកថាក្នុងវេទិកាសេដ្ឋកិច្ច និងសង្គម៖ ការពង្រឹងកិច្ចសហប្រតិបត្តិការ និងការសម្របសម្រួល និងរួមគ្នាស្វែងរកការអភិវឌ្ឍអាស៊ី នៅរដ្ឋធានីប៉េកាំង ក្រោមប្រធានបទ៖ «ការរក្សាកិច្ចសន្ទនាអរិយធម៌ ដើម្បីលើកតម្កើងអរិយធម៌ និងវឌ្ឍនភាពមនុស្សជាតិ»។

ក្នុងឱកាសនោះលោកទេសរដ្ឋមន្ត្រី បានសង្កត់ធ្ងន់លើសារៈសំខាន់នៃប្រវត្តិសាស្ត្ររបស់អាស៊ី ដែលជាទីតាំងលំនៅដំបូង និងជាប្រភពដើមដ៏សំខាន់មួយនៃអរិយធម៌របស់មនុស្សជាតិ ដោយរៀបរាប់ពីប្រវត្តិសាស្រ្តដ៏សម្បូរបែបរបស់កម្ពុជា និងបានគូសបញ្ជាក់ពីការចូលរួមយ៉ាងសកម្មរបស់កម្ពុជានាសម័យបុរាណ ក្នុងទំនាក់ទំនងជាមួយប្រជាជាតិដទៃទៀត តាមរយៈផ្លូវសូត្រសមុទ្រក្នុងចន្លោះសតវត្សទី១ និងទី៦។

ដោយរំលេចនូវភាពសម្បូរបែបនៃអរិយធម៌អាស៊ីនិងសកល លោក អ៊ុច បូររិទ្ធ ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអរិយធម៌សកល (GCI) របស់លោកប្រធានាធិបតី ស៊ី ជីងពីង ដែលផ្តល់តម្លៃលើទំនាក់ទំនងនិងកិច្ចសន្ទនាស៊ីជម្រៅនៃអន្តរអរិយធម៌ ក្នុងការលើកស្ទួយវឌ្ឍនភាពមនុស្សជាតិ និងជំរុញឱ្យមានការផ្តល់តម្លៃចំពោះគ្នាទៅវិញទៅមក លើក្តីសង្ឃឹមនិងវិបុលភាពរួម។

លោកទេសរដ្ឋមន្ត្រី ក៏បានកោតសរសើរចំពោះគំនិតផ្តួចផ្តើមអភិវឌ្ឍន៍សកល (GDI) និងគំនិតផ្តួចផ្តើម ខសែក្រវាត់និងផ្លូវ (BRI) ក្នុងការជំរុញការអភិវឌ្ឍប្រកបដោយគុណភាពខ្ពស់ និងលើកកម្ពស់ការតភ្ជាប់នៅទ្វីបអាស៊ី អឺរ៉ុប អាហ្វ្រិក និងអាមេរិកឡាទីន តាមរយៈបណ្តាញហេដ្ឋារចនាសម្ព័ន្ធការផ្លាស់ប្តូររវាងប្រជាជននិងប្រជាជន ការអភិវឌ្ឍធនធានមនុស្ស ព្រមទាំងកំណើនបៃតងនិងភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ។ កម្ពុជាប្ដេជ្ញាបន្តកិច្ចសហការក្នុងការអនុវត្តគំនិតផ្តួចផ្តើមទាំងនេះដើម្បីផលប្រយោជន៍របស់ប្រជាជាតិទាំងអស់។

លោក អ៊ុច បូររិទ្ធ ក៏បានថ្លែងអំពីវឌ្ឍនភាពគួរឱ្យកត់សម្គាល់របស់កម្ពុជាលើវិស័យជាច្រើន ដែលសម្រេចបានតាមរយៈការធានាបាននូវសន្តិភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការសម្រាប់ផលប្រយោជន៍រួម ក៏ដូចជាការគាំទ្រពីប្រទេសចិននិងបណ្តាប្រទេសជាមិត្ត ព្រមទាំងស្ថាប័នផ្សេងៗ។ លោកក៏បានរំលេចផងដែរថា ក្នុងរយៈពេលជាងពីរទសវត្សរ៍កន្លងមក អត្រានៃភាពក្រីក្ររបស់កម្ពុជាបានធ្លាក់ចុះជាលំដាប់ ក្នុងអត្រាប្រចាំឆ្នាំជាមធ្យម ១,៦ ភាគរយ។ សេដ្ឋកិច្ចកម្ពុជាបានសម្រេចនូវកំណើនជាង ៧ភាគរយក្នុងមួយឆ្នាំ មុនពេលនៃការផ្ទុះឡើងនូវជំងឺកូវីដ-១៩។ វិធានការឆ្លើយតបនានារបស់កម្ពុជា ជាមួយការគាំទ្រពីដៃគូទ្វេភាគីនិងពហុភាគី បានបង្ហាញពីប្រសិទ្ធភាពខ្ពស់របស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការគ្រប់គ្រងស្ថានការណ៍ និងការស្តារប្រទេសឡើងវិញ ក្រោយវិបត្តិជំងឺកូវីដ-១៩។

លោកទេសរដ្ឋមន្រ្តី បានគូសបង្ហាញពីយុទ្ធសាស្ត្រអភិវឌ្ឍថ្មីរបស់កម្ពុជា សំដៅប្រែក្លាយកម្ពុជាឱ្យទៅជាប្រទេសមានចំណូលមធ្យមកម្រិតខ្ពស់នៅឆ្នាំ២០៣០ និងជាប្រទេសដែលមានចំណូលកម្រិតខ្ពស់នៅឆ្នាំ២០៥០។ ក្នុងន័យនេះរាជរដ្ឋាភិបាលកម្ពុជាបានប្តេជ្ញាចិត្តយ៉ាងពេញទំហឹងក្នុងការអនុវត្តយុទ្ធសាស្ត្របញ្ចកោណក្នុងរយៈពេល២៥ឆ្នាំ ដែលស្របជាមួយនឹងគោលការណ៍បរិយាបន្ន សន្តិភាពនិងស្ថិរភាព និរន្តរភាព និងកិច្ចសហប្រតិបត្តិការអន្តរជាតិបើកទូលាយ និងផ្អែកលើច្បាប់។ ក្នុងនាមជាសមាជិកអាស៊ាន កម្ពុជាប្ដេជ្ញាចិត្តចូលរួមយ៉ាងសកម្មក្នុងកិច្ចសហប្រតិបត្តិការពហុភាគី គាំទ្រពាណិជ្ជកម្មដោយសេរីនិងបើកចំហ និងមិនគាំទ្រសកម្មភាពគាំពារនិយម ឯកតោភាគីនិយម និងសេដ្ឋកិច្ចជាតិនិយម។

លោក អ៊ុច បូររិទ្ធ បានសង្កត់ធ្ងន់ថា ការអភិវឌ្ឍឥតឈប់ឈររបស់អាស៊ីពឹងផ្អែកលើការពង្រឹងកិច្ចសហប្រតិបត្តិការនិងភាពជាដៃគូ ដោយប្រើប្រាស់ភាពចម្រុះជាចំណុចខ្លាំង។ តាមរយៈគោលការណ៍បើកទូលាយនិងប្រកបដោយបរិយាបន្ន យើងអាចយកឈ្នះលើការប្រឈមនានា និងទាញយកឱ្យអស់ពីលទ្ធភាពនូវកាលានុវត្តភាពសម្រាប់ផលប្រយោជន៍រួមផងដែរ៕