Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

យុទ្ធនាការដាំដើមឈើក្នុងរដូវវស្សា​៖ ​«អាជ្ញាធរជាតិអប្សរា បន្តដាំកូនឈើលើផ្ទៃដី​ជាង៨ហិកតា នៅក្នុងស្រុកប្រាសាទបាគង»

18-08-2016 19:57

(សៀមរាប)៖ ព្រៃឈើជាសម្បត្តិ​រួមរបស់សហគមន៍ ព្រៃឈើជាសោភ័ណភាពធម្មជាតិ សម្រាប់ទាក់ទាញភ្ញៀវទេសចរ ព្រៃឈើជារនាំងការពារខ្យល់ព្យុះ និងគ្រោះទឹកជំនន់ ព្រៃឈើជាអ្នកការពារដ៏អង់អាច ចំពោះប្រាង្គប្រាសាទ។ ដោយយល់ឃើញនូវតម្លៃនេះ អាជ្ញាធរជាតិអប្សរា បានចេញយុទ្ធនាការដាំដើមឈើ ក្នុងតំបន់អង្គរឲ្យបានយ៉ាង​តិច៦ម៉ឺនដើម ក្នុងឆ្នាំ២០១៦នេះ។ ដើម្បីឲ្យយុទ្ធនាការនេះទទួលជោគជ័យ អាជ្ញាធរជាតិអប្សរាបានដាំកូនឈើ​ តាម​បណ្តាទីតាំងផ្សេងៗជាច្រើនមកហើយ។

ដោយឡែក​នៅថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ តាមរយៈក្រុមការងារសហគមន៍ ប្រចាំស្រុកប្រាសាទបាគងលោក សុខ លក្ខិណា ទីប្រឹក្សាអាជ្ញាធរជាតិអប្សរា ដោយមានការចូលរួមពីលោក ពៅ ពិសិដ្ឋ អភិបាលរងនៃគណៈអភិបាលខេត្តសៀមរាប ព្រមទាំងមន្ត្រីបុគ្គលិកអាជ្ញាធរជាតិអប្សរា អាជ្ញាធរមូលដ្ឋាន ព្រះសង្ឃ និងប្រជាពលរដ្ឋ បានប្រារព្ធពិធី​ដាំកូនឈើចំនួន៤០០០​ពាន់ដើម នៅភូមិត្រាច ឃុំបល្ល័ង្ក ស្រុកប្រាសាទបាគង ខេត្តសៀមរាប។

លោក សុខ លក្ខិណា បានមានប្រសាសន៍ថា ដោយមានការឯកភាពគ្នា រវាងអាជ្ញាធរជាតិអប្សរា និង អាជ្ញាធរមូលដ្ឋាន ប្រជាពលរដ្ឋ កូនចំនួន៤០០០ដើម ត្រូវបានយកទៅដាំលើផ្ទៃដី៨.៣៧ហិកតា ដែលក្រុមស៊ីម៉ាក់បានបោសសម្អាតមីន រួចរាល់ជាស្ថាពរ។ តាមផែនការ ផ្ទៃដី៨.៣៧ហិកតានេះ នឹងត្រូវដាំកូនឈើ ឲ្យបានយ៉ាងតិច៨០០០ដើម។ ប៉ុន្តែព្រឹកនេះ ដាំបានតែចំនួន៤០០០ដើមសិន ដែលមានប្រភេទឈើ​ប្រណិតចម្រុះដូចជា បេង គគីរ ឈើទាល កកោះ គ្រញូង ច្រេស និងត្រសេកជាដើម។ ចំណែកកូនឈើ៤០០០ដើមទៀត នឹងត្រូវដាំបន្តដោយភ្នាក់ងារព្រៃឈើ របស់អាជ្ញាធរជាតិអប្សរា។ ពិធីដាំកូនឈើរបស់អាជ្ញាធរជាតិអប្សរា នៅពេលនេះ ក៏ទទួលបាននូវការគាំទ្រពីសំណាក់លោកបណ្ឌិតអភិបាល នៃគណៈអភិបាលខេត្តសៀមរាប ហើយបានសហការគ្នាយ៉ាងល្អ ជាមួយអាជ្ញាធរពាក់ព័ន្ធ ដើម្បីឲ្យពិធីនេះប្រព្រឹត្ត ទៅតាមផែនការដែលបានគ្រោងទុក។

លោកបានបន្តថា ប្រពៃណីដាំកូនឈើជាស្នាព្រះហស្ត ដែលបានបន្សល់ទុកដោយសម្តេចព្រះបរមរតនកោដ្ឋ ព្រះបាទនរោត្តម សីហនុ ដែលឲ្យឈ្មោះថា រុក្ខទិវា ហើយពិធីនេះត្រូវបានក្រសួងកសិកម្ម កំណត់យ៉ាងជាក់លាក់ ដើម្បីប្រារព្ធពិធីដាំកូនឈើនេះ ជារៀងរាល់ឆ្នាំទូទាំងប្រទេស។ ដោយឡែក ចំពោះអាជ្ញាធរជាតិអប្សរា មានលក្ខណៈពិសេសគឺដាំកូនឈើជាប្រចាំ ព្រោះព្រៃឈើមានសារៈសំខាន់ និងផលប្រយោជន៍ខ្លាំងណាស់​ចំពោះមនុស្ស សត្វ បរិស្ថាន និងប្រាង្គប្រាសាទ។

លោក និន ចាន់សាមៀន ប្រធាននាយកដ្ឋានគ្រប់គ្រងព្រៃឈើ ទេសភាពវប្បធម៌ និងបរិស្ថានបានលើកឡើងថាព្រៃឈើ មិនត្រឹមតែជួយដល់មនុស្ស សត្វនិងបរិស្ថានប៉ុណ្ណោះទេ ប៉ុន្តែព្រៃឈើក៏ជួយដល់ប្រាង្គប្រាសាទ ឲ្យស្ថិតនៅគង់វង្សយូរអង្វែងផងដែរ។ លោកបញ្ជាក់ថា ព្រៃឈើជារបាំងខ្យល់ ទប់ស្កាត់ការសឹករេចរឹល រង្គោះរង្គើដល់ថ្មប្រាង្គប្រាសាទ ព្រៃឈើជាមធ្យោបាយស្រូបទឹកក្រោមដី ផ្តល់សំណើមដល់ថ្មប្រាង្គប្រាសាទ ដើម្បីរក្សាបាននូវការស្រុត និងរបេះក្បាច់រចនា ព្រៃឈើការពារនូវការហូរ​ច្រោះ ទប់ស្កាត់និងការដួលរលំ នៃប្រាង្គប្រាសាទនិងផ្តល់នូវសោភ័ណភាព ទាក់ទាញនូវភ្ញៀវទេសចរជាតិ និងអន្តរជាតិឲ្យចូលមកទស្សនា កាន់តែច្រើនៗឡើង ដែលជាប្រភពចំណូល ដ៏សំខាន់ដល់ប្រជាសហគមន៍ និងជាតិទាំងមូល៕