(ភ្នំពេញ)៖ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance) បានបង្ហាញជំនឿថា តាមរយៈយុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ ដែលទើបនឹងប្រកាសដាក់ប្រើប្រាស់ជាផ្លូវការថ្មីៗនេះ នឹងចូលរួមចំណែកស្តារសត្វខ្លាធំ ឬខ្លាដំបង ដែលបាត់វត្តមាននៅកម្ពុជា តាំងពីឆ្នាំ២០០៧ ឱ្យមានវត្តមានក្នុងព្រៃធម្មជាតិវិញ ក្រោយផែនការនាំសត្វខ្លាធំ ចំនួន៤ក្បាល ពីប្រទេសឥណ្ឌា មកកាន់កម្ពុជា។

ឆ្លើយតបនឹងសំណួររបស់អ្នកយកព័ត៌មាន Fresh News នាឱកាសសន្និសីទសារព័ត៌មាន កាលពីល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត បានបង្ហាញការជឿជាក់យ៉ាងដូច្នេះថា៖ «យុទ្ធសាស្ត្រចក្រានេះ គឺពិតជាបានចូលរួមចំណែកក្នុងការជួយលើផែនការស្តារសត្វខ្លាធំនេះ ដោយសារតែមានចំណុចមួយក្នុងចំណោមនោះ គឺការពារព្រៃឈើ ឱ្យបានគង់វង្ស»។

បើតាម កញ្ញា ស៊ូវណ្ណា, សត្វខ្លាធំ ដែលគ្រោងនាំមកកាន់កម្ពុជានៅឆ្នាំក្រោយនេះ គឺមានឈ្មោលចំនួន១ក្បាល និងញីចំនួន៣ក្បាល។
គម្រោងស្តារសត្វខ្លាធំ ឬខ្លាដំបងនេះ គឺជាគម្រោងរួមគ្នារវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលឥណ្ឌា ដោយផ្អែកលើការចុះហត្ថលេខាលើអនុស្សរណៈរវាងប្រទេសទាំងពីរនាពេលថ្មីៗនេះ ដើម្បីបោះជំហានទៅមុខជាប្រវត្តិសាស្ត្រសម្រាប់ការអភិរក្សសត្វខ្លាធំ។

អនុលោមតាម «យុទ្ធសាស្រ្តបញ្ចកោណ» ដំណាក់កាលទី១ និងផ្អែកលើមូលដ្ឋានច្បាប់ គោលនយោបាយ និងយុទ្ធសាស្រ្តជាតិដែលមានជាធរមាន ព្រមទាំងក្របខណ្ឌអនុសញ្ញាអន្តរជាតិពាក់ព័ន្ធ ក្រសួងបរិស្ថានបានរៀបចំ «យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ឆ្នាំ២០២៣-២០២៨» ក្នុងគោលបំណងតម្រង់ទិស និងចង្អុលបង្ហាញការងារអាទិភាព ដើម្បីធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រឹតកម្មបរិស្ថានកិច្ច ឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងលើកកម្ពស់សេដ្ឋកិច្ចបៃតង សំដៅធានាសម្រេចគោលដៅនៃយុទ្ធសាស្រ្តបញ្ចកោណ គឺ «ជាប្រទេសអព្យាក្រឹត្យកាបូន និងមានគម្របព្រៃឈើ៦០ភាគរយ នៅឆ្នាំ២០៥០»។

យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តនេះ ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺទី១៖ គោលនយោបាយ, ទី២៖ រដ្ឋបាលឌីជីថល និងទី៣៖ ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០ គឺ ភាពស្អាត ភាពបៃតង និងចីរភាព។

យុទ្ធសាស្ត្រចក្រា វិស័យបរិស្ថាន ២០២៣-២០២៨ នឹងប្រើប្រាស់ ជាផែនទីបង្ហាញផ្លូវក្នុងការអនុវត្តឱ្យចំគោលដៅអាទិភាព ផ្តល់សេវាសាធារណៈឱ្យចំតម្រូវការរបស់សាធារណជន និងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យក្លាយទៅជាឧត្តមប្រយោជន៍បម្រើដល់ប្រជាពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងចូលរួមចំណែកឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុសកល។

កញ្ញាបណ្ឌិត ស៊ូវណ្ណា បានបញ្ជាក់បន្ថែមថា ឯកសារសំណើ និងការដឹកជញ្ជូនសត្វខ្លាធំពីប្រទេសឥណ្ឌា មកកាន់កម្ពុជា ត្រូវបានរៀបចំ និងបញ្ជូនដល់ដៃរដ្ឋាភិបាលឥណ្ឌារួចហើយ ដោយរង់ចាំតែភាគីឥណ្ឌាបញ្ជូនមកឱ្យប៉ុណ្ណោះ។ សត្វខ្លាធំទាំង៤ក្បាលនេះ នឹងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ ដែលត្រូវបានការពារ និងចាត់ទុកថា មានសុវត្ថិភាពបំផុត ក្នុងការស្តារសត្វខ្លាធំនៅកម្ពុជាឡើងវិញ។

ក្រសួងបរិស្ថាន និងអង្គការ WA និងអង្គការមូលនិធិធម្មជាតិសកល ហៅកាត់ WWF បានរៀបចំដីព្រៃទំហំ៩០ហិកតា ស្ថិតក្នុងដែនជម្រក សត្វព្រៃតាតៃនៃតំបន់ជួរភ្នំក្រវាញ ដោយមានរបងដែក ទ្រុងដែក អាងទឹក និងសត្វព្រៃសម្រាប់ជាចំណីសម្រាប់បន្ស៊ាំសត្វខ្លាធំដែលគ្រោងទទួលពីរដ្ឋាភិបាលប្រទេសឥណ្ឌា មុនលែងចូលតំបន់ស្នូលនៃតំបន់ការពារធម្មជាតិ។ សត្វខ្លាធំដែលគ្រោងលែងក្នុងតំបន់ស្នូលនៃជួរភ្នំក្រវាញ នឹងផ្តល់ការគាំទ្រការល្បាតដល់ឧទ្យានុរក្ស ការផ្តល់ជំនួយបច្ចេកទេសដូចជាការបំពាក់វិទ្យុទាក់ទងលើ.ក សត្វខ្លា ការតាមដានដំណើរសត្វខ្លាពីផ្កាយរណប ហើយទិន្នន័យដែលប្រមូលបានគឺគ្រប់គ្រងដោយក្រសួងបរិស្ថាន។

សូមបញ្ជាក់ថា គម្រោងស្តារសត្វខ្លាធំឡើងវិញនេះ បន្ទាប់ពីបាត់វត្តមានពីទឹកដីកម្ពុជា កាលពីអំឡុងឆ្នាំ២០០៧ ដោយការបរបាញ់ ដើម្បីពាណិជ្ជកម្មឆ្អឹង និងស្បែក។ វត្តមានរបស់វា ធ្លាប់បានរកឃើញ នៅតាមតំបន់មួយចំនួនដូចជាភូមិភាគឦសាន និរតី និងខាងជើងប្រទេសកម្ពុជា៕