(ភ្នំពេញ)៖ សហគ្រិនខ្មែរ (Khmer Enterprise) សហការជាមួយវិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍ (NIEI) បានរកឃើញ និងប្រគល់ពានរង្វាន់ដល់ម្ចាស់សហគ្រាសដែលបានចូលរួមប្រកួតក្នុងកម្មវិធី «ពានរង្វាន់សហគ្រិន ថ្នាក់ជាតិឆ្នាំ២០២៣»

ពិធីនេះបានធ្វើឡើងក្រោមវត្តមានលោក ហេង សួរ រដ្ឋមន្រ្តីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ និងលោកបណ្ឌិត ឈៀង វណ្ណមុនិណ្ឌ នាយកប្រតិបត្តិសហគ្រិនខ្មែរ។ ពិធីប្រគល់ពានរង្វាន់នេះធ្វើឡើងនាពេលថ្មីៗកន្លងទៅ។

ក្រោយពីការប្រកួតប្រជែងដ៏ស្វិតស្វាញ គណៈកម្មការវាយតម្លៃបានពិភាក្សាយ៉ាងហ្មត់ចត់ និងសម្រេចជ្រើសរើស ជ័យលាភី៤រូប តាមចំណាត់ថ្នាក់ដូចខាងក្រោម៖

*ម្ចាស់ជ័យលាភីលេខ១ បានទៅលើ លោក ឆែន ច័ន្ទដារ៉ា (ម្ចាស់អាជីវកម្មសហគ្រាសធុនមធ្យម ផលិតប្រេងឆាកន្ទក់ មកពីខេត្តបាត់ដំបង)
*ម្ចាស់ជ័យលាភីលេខ២ បានទៅលើ លោកស្រី ចៅ លន់មូលីការ (ម្ចាស់អាជីវកម្ម Cambodian Standard Development & Supply Co.,Ltd មកពីរាជធានីភ្នំពេញ)
*ម្ចាស់ជ័យលាភីលេខ៣ បានទៅលើ លោកចាន់ សិល្បសុជាតិ (ម្ចាស់អាជីវកម្ម អ៊ីឆេ ង៉ូវហេង មកពីខេត្តកំពត)
*ម្ចាស់ជ័យលាភីលេខ៤ បានទៅលើ លោក សុទ្ធ វណ្ណៈ (ម្ចាស់អាជីវកម្ម អូស្ត្រាលី ផេស៊ីហ្វិក អ៊ិនវេសម៉ិន ខូ អិលធីឌី មកពីខេត្តសៀមរាប)។

ម្ចាស់ជ័យលាភីលេខ១ ទទួលបានរង្វាន់ជាទឹកប្រាក់សរុប១ម៉ឺនដុល្លារ មានឱកាសធ្វើជាទីប្រឹក្សា «វិទ្យាស្ថានជាតិសហគ្រិនភាព និងនវានុវត្តន៍» ជាវាគ្មិនកិត្តិយសក្នុងកម្មវិធីសហគ្រិនរបស់វិទ្យាស្ថាន ជាតំណាង របស់វិទ្យាស្ថានចូលរួមប្រកួតប្រជែង ពានរង្វាន់សហគ្រិនក្នុងតំបន់ ជាអ្នកផ្ដល់ពិន្ទុសម្រាប់កម្មវិធី «ពានរង្វាន់ សហគ្រិនថ្នាក់ជាតិ» នៅឆ្នាំក្រោយព្រមទាំងទទួលបានលិខិតបញ្ជាក់ទទួលស្គាល់ដោយក្រសួងការងារ និងបណ្ដុះ បណ្ដាលវិជ្ជាជីវៈ។

គួររម្លឹកថា នេះជាលើកទី៤ហើយដែល «កម្មវិធីប្រកួតពានរង្វាន់សហគ្រិនថ្នាក់ជាតិ» បានប្រព្រឹត្តទៅ។ កម្មវិធី នេះធ្វើឡើងដើម្បីលើកទឹកចិត្តសហគ្រិនកម្ពុជាឲ្យបើកបង្ហាញគំនិតអាជីវកម្មរបស់ខ្លួន និងសមិទ្ធផលដែលសម្រេច បានដល់គណៈកម្មការវាយតម្លៃ និងដាក់ពិន្ទុដើម្បីទទួលបានដំបូន្មានល្អៗការលើកទឹកចិត្ត និងអបអរសាទរជា សាធារណៈដល់ម្ចាស់ជ័យលាភីដែលបានខិតខំប្រឹងប្រែងអភិវឌ្ឍអាជីវកម្មរបស់ខ្លួន ហើយបានរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ។

ជាក់ស្តែងការប្រកួតប្រព្រឹត្តទៅដោយមានការដាក់ពាក្យចំនួន ២៥៤ក្រុមហ៊ុន មកពីទូទាំងប្រទេសកម្ពុជាដែល ការផ្សព្វផ្សាយ បានបែងចែកជា ៥តំបន់រួមមាន៖ តំបន់បាត់ដំបង តំបន់សៀមរាប តំបន់កំពង់ចាម តំបន់កំពត និងតំបន់កណ្តាល។

គួរជម្រាបថា សហគ្រិនខ្មែរត្រូវបានបង្កើតឡើងក្នុងគោលបំណងធ្វើការដោយផ្ទាល់ជាមួយស្ថាប័នដៃគូ និងអ្នកពាក់ ព័ន្ធនានានៅក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាពនៅកម្ពុជា។ សហគ្រិនខ្មែរមានចក្ខុវិស័យក្លាយជាថ្នាលជាតិ សម្រាប់ការលើកកម្ពស់សហគ្រិនភាពតាមរយៈការគាំទ្រទាំងហិរញ្ញវត្ថុនិងមិនមែនហិរញ្ញវត្ថុដល់ធុរកិច្ចថ្មី និង សហគ្រាសធុនតូច និងមធ្យមដែលមានសក្ដានុពលនៅក្នុងវិស័យអាទិភាព ដូចជាវិស័យ បច្ចេកវិទ្យាគមនាគន៍ សេវាកម្ម កសិកម្ម និងផលិតកម្ម ឱ្យបានច្រើនដើម្បីចូលរួមលើកកម្ពស់សេដ្ឋកិច្ចជាតិ៕