(ព្រៃវែង)៖ លោក ប៉ែន វិបុល រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅអគារសិក្សា១ខ្នង កម្ពស់២ជាន់ ស្មើនឹង៤បន្ទប់ នៃវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា១ខ្នង ស្មើនឹង៥បន្ទប់ នៃសាលាបឋមសិក្សាព្រៃព្នៅ ស្រុកពារាំង ខេត្តព្រៃវែង។

ថ្លែងក្នុងឱកាសនោះ លោក ឆាយ ប៉េងឆាន នាយក នៃវិទ្យាល័យព្រៃព្នៅ បានឲ្យដឹងថា លោករដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី ប៉ែន វិបុល មិនត្រឹមតែផ្តល់នូវអគារសិក្សាប៉ុណ្ណោះទេ លោកបានឧបត្ថម្ភ តុសិស្សចំនួន២០០, កៅអីចំនួន៤០០, ក្តារខៀន៤ និងតុកៅអីគ្រូបង្រៀនចំនួន៤ឈុត ព្រមទាំងរៀបចំដាក់ អំពូល និងកង្ហារក្នុងបន្ទប់ផងដែរ។

លោកនាយកសាលាបានបន្តថា អគារសិក្សា១ខ្នង ពីរជាន់ស្មើ៤បន្ទប់ នៅវិទ្យាល័យព្រៃព្នៅ និងអគារសិក្សា១ខ្នងស្មើ ៥បន្ទប់នៅសាលាបឋមសិក្សាព្រៃព្នៅ និងសម្ភារៈមួយចំនួន ដែលជាអំណោយរបស់លោក ប៉ែន វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី ព្រមទាំងលោកស្រី ដែលចំណាយពេលកសាងអស់រយៈពេល១៩៩ថ្ងៃគត់ និងអស់ថវិកាជាង១៩ម៉ឺនដុល្លារ។

លោក ប៉ែន វិបុល រដ្ឋមន្ត្រីអមនាយករដ្ឋមន្ត្រី បានថ្លែងថា សមិទ្ធផលដែលប្រារព្ធពិធីសម្ពោធនាថ្ងៃនេះ គឺជាសមិទ្ធផលថ្មីមួយទៀត សម្រាប់វិទ្យាល័យព្រៃព្នៅ ក្នុងការបំពេញតម្រូវការចាំបាច់ ក្នុងការសិក្សារបស់ក្មួយៗ ចៅៗ ដើម្បីសិក្សារៀនសូត្រ ក្រេបយកចំណេះវិជ្ជា និងជាកន្លែងបណ្ដុះបណ្ដាលធនធានមនុស្សយ៉ាងសំខាន់ ក្នុងការការពារសុខសន្តិភាព និងអភិវឌ្ឍន៍ប្រទេស។ បន្ថែមលើសពីនេះ លោកបានលើកឡើងថា ប្រភពនៃចំណេះដឹង​ គឺកេីតចេញពីការខិតខំប្រឹងប្រែងសិស្សាដែលសិក្សារៀនសូត្រទទួលបានចំណេះដឹង​ ដេីម្បីអភិវឌ្ឍន៍ខ្លួន ឲ្យក្លាយជាធនធានដ៏សំខាន់សម្រាប់ប្រទេសជាតិ។

លោករដ្ឋមន្ដ្រីប្រតិភូមអម ប៉ែន វិបុល បានសង្កត់ធ្ងន់ថា ក្រោមម្លប់សុខសន្តិភាព​ បានធ្វើឲ្យប្រទេសកម្ពុជា ក៏ដូចជាខេត្តព្រៃវែង មានការរីកចម្រេីនលេីគ្រប់វិស័យ​ ជាក់ស្តែងវិស័យអប់រំ​ សាលារៀន បានរីកដុះដាលគ្រប់ទីកន្លែងងាយស្រួល ដល់សិស្សានុសិស្សបានសិក្សារៀនសូត្រ ក្រោមការដឹកនាំ និងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណ របស់ប្រមុខរាជរដ្ឋាភិបាលកម្ពុជា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ​នៅក្នុងអាណត្តិទី៧នេះ ដូច្នេះសិស្សានុសិស្ស​ ត្រូវតែខិតខំប្រឹងប្រែង សិក្សារៀនសូត្រឲ្យបានពូកែ ដើម្បីក្លាយខ្លួនទៅជាកូនល្អ សិស្សល្អ នឹងជួយអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចម្រើនទៅមុខជាលំដាប់។

លោក ប៉ែន វិបុល ក៏បានផ្តាំផ្ញើដល់សិស្សានុសិស្ស ត្រូវចៀសឲ្យឆ្ងាយពីគ្រឿងញៀន​ ដែលជាឃាតករលាក់មុខយ៉ាងសាហាវ ​ដែលធ្វេីឲ្យអ្នកដែលបានប្រេីប្រាស់​ ក្លាយជាមនុស្សមួយផ្សេងទៀត បាត់បង់សតិអារម្មណ៍ និងហ៊ានធ្វេីអ្វីៗគ្រប់យ៉ាង​ និងធ្វេីឲ្យប៉ះពាល់ដល់កិត្តិយសក្រុមគ្រួសារ​ និងសង្គមជាតិទាំងមូលផងដែរ។

សូមបញ្ជាក់ថា នៅក្នុងឱកាសនោះ លោក ប៉ែន វិបុល បានឧបត្ថម្ភដល់សិស្សពូកែដែលទទួលបានមេដៃមាស ចំនួន២នាក់ ក្នុងម្នាក់ៗថវិកា១០ម៉ឺនរៀល, មេដៃប្រាក់ ២ម្នាក់ៗ ៨ម៉ឺនរៀល, មេដៃសំរិទ្ធ ៦ម៉ឺនរៀល, មេដៃកិត្តិយស ៥ម៉ឺនរៀល, ក្រុមប្រឹក្សាឃុំ និងស្មៀន ៨នាក់ម្នាក់ៗ ៦ម៉ឺនរៀល, លោកមេភូមិ ស្មៀនភូមិ ចំនួន១២នាក់ក្នុងម្នាក់ៗ ៤ម៉ឺនរៀល, លោកគ្រូ អ្នកគ្រូម្នាក់ៗ ៨ម៉ឺនរៀល និងសិស្សានុសិស្សក្នុងម្នាក់ៗ១ម៉ឺនរៀលផងដែរ៕