(កំពង់ឆ្នាំង)៖ នាយឧត្តមសេនីយ៍ សៅ សុខា អគ្គមេបញ្ជាការរង នៃកងយោធពលខេមរភូមិន្ទ និងមេបញ្ជាការកងរាជអាវុធហត្ថលើផ្ទៃប្រទេស បានក្រើនរំលឹកដល់កម្លាំងករាជអាវុធហត្ថ ឱ្យក្តាប់ជាប់នូវចំណុចគោលសំខាន់ៗចំនួន៩ សម្រាប់រាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ក្នុងពិធីបិទវគ្គបណ្ដុះបណ្ដាលនាយទាហានរងកងរាជអាវុធហត្ថជំនាន់ទី៤៦ នៅមជ្ឈមណ្ឌមហកវឹកហ្វឺនភ្នំជុំសែនរីករាយ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សៅ សុខា បានក្រើនរំលឹកដល់កម្លាំងករាជអាវុធហត្ថ គប្បីក្តាប់ជាប់នូវចំណុចគោលសំខាន់ៗចំនួន៩ រួមមាន៖

*ទី១៖ រាជរដ្ឋាភិបាលអាណត្តិទី៧ នៃរដ្ឋសភា បានដាក់ចេញនូវយុទ្ធសាស្រ្តបញ្ចកោណ-ដំណាក់កាលទី១ ដោយកំណត់យកការកែទម្រង់ និងការពង្រឹងអភិបាលកិច្ចល្អជាស្នូល។ ក្នុងនោះរាជរដ្ឋាភិបាល បានប្រកាសដាក់ឱ្យអនុវត្តនូវកម្មវិធីនយោបាយអាទិភាពចំនួន៦ ដែលមានគោលដៅសំខាន់គឺជួយប្រជាជន ការពារសុខភាព ផ្តល់ចំណេះដឹង បង្កើតការងារយកចិត្តទុកដាក់ជាពិសេសជួយគ្រួសារក្រីក្រ និងផ្តល់ការគាំទ្រដល់ការអភិវឌ្ឍទីជនបទ តំបន់ឆ្ងាយដាច់ស្រយ៉ាល។ ដើម្បីអនុវត្តបាននូវកម្មវិធីនយោបាយអតិ្ថភាពខាងលើចាំបាច់ប្រទេសកម្ពុជាទាំងមូលត្រូវរក្សាឱ្យបាននូវសន្តិភាព មានសន្តិសុខ សណ្តាប់ល្អ គ្មានបទល្មើស គ្មានការប្រើប្រាស់គ្រឿងញៀន គ្មានក្មេងទំនើង គ្មានចលាចល និងអំពើហិង្សា ធ្វើដូច្នេះបានទើបទាក់ទាញបានអ្នកទេសចរណ៍ អ្នកវិនិយោគមកកាន់ព្រះរាជាណាចក្រកម្ពុជា។

*ទី២៖ ដោយឡែកកងរាជអាវុធហត្ថក៏ត្រូវបន្តធ្វើកំណែទម្រង់ ស្របតាមបាវចនារបស់ខ្លួនគឺ (កសាង ហ្វឹកហ្វឺន និងប្រយុទ្ធ) កន្លងមកកងរាជអាវុធហត្ថបានធ្វើកំណែទម្រង់ច្រើនមកហើយ ដូចជា៖ រចនាសម្ពន្ធ ចាត់តាំង ក្រមខ័ណ្ឌចាត់តាំង មធ្យោបាយគ្រឿងបំពាក់ ការងារអប់រំបណ្តុះបណ្តាល ហ្វឹកហ្វឺនជំនាញវិជ្ជាជីវៈ ការងារកសាងអង្គភាព របៀបរបបធ្វើការ និងការដឹកនាំ គ្រប់គ្រង បញ្ជា ប៉ុន្តែ មិនទាន់ស្រុះដៃស្រុះជើងស្មើៗគ្នានៅឡើយទេ មានរាជធានី-ខេត្តចំនួន ៩/២៥ មេបញ្ជាការបានខ្នះខ្នែងប្រឹងប្រែងកសាងអង្គភាព ចិញ្ចឹមទ័ព យកចិត្តទុកដាក់កែលម្អរការស្លៀកពាក់ឱ្យកម្លាំង។ មានអ្នកចង់កាន់តំណែង មេបញ្ជាការកងរាជអាវុធហត្ថខេត្តច្រើនគ្នា មុនតែងតាំងសកម្មខ្នះខ្នែងធ្វើការ តែពេលទទួលបានការតែងតាំងបែរទៅជាស្ពឹកស្រពន់ សោះអង្គើយទៅវិញ ធ្វើដូច្នេះមិនត្រឹមត្រូវទេ។ ចំពោះកម្លាំងដែលបំពេញឱ្យខេត្តចំនួន២៣ នាពេលនេះ គឺមិនអនុញ្ញាតឱ្យប្រើកម្លាំងនេះខុសគោលដៅទេ កម្លាំងនេះត្រូវស្ថិតក្នុងកងអនុសេនាធំ កងរាជអាវុធហត្ថចល័តរបស់ខេត្ត។

*ទី៣៖ ស្នងការដ្ឋានភស្តុភារ ការិយាល័យហិរញ្ញវត្ថុ ត្រូវផ្ទេរគោលរបប ប្រាក់បៀវត្ស ទៅឱ្យខេត្តចាប់ពីខែវិច្ឆិកានេះទៅ។

*ទី៤៖ មុខវិជ្ជាដែលត្រូវរៀនសម្រាប់កម្លាំងនេះ មិនទាន់ចប់នៅឡើយទេ កម្លាំងនេះត្រូវវិលត្រឡប់ មកហ្វឹកហ្វឺនវិញតាមកម្មវិធីបណ្តុះបណ្តាលកងរាជអាវុធហត្ថចល័ត ដូចជា៖ បើកបររថយន្ត មុជហែលទឹក បង្ការពន្លត់អគ្គីភ័យ ប្រយុទ្ធលើផ្ទះខ្ពស់ៗក្នុងទីក្រុង ការហ្វឹកហ្វឺនជំនាញទាំងនេះយើងប្រើប្រាស់បានទាំងការពារជាតិ ទាំងការពារសន្តិសុខផ្ទៃក្នុង និងសង្រ្គោះគ្រោះមហន្តរាយផ្សេងៗ ដែលកើតមានឡើងជាយថាហេតុ។ នៅពេលខាងមុខនេះ មានកម្មវិធីពីរដែលត្រូវប្រើកម្លាំងនេះ នោះគឺការចូលរួមផែនឈរអបអរសាទរខួបលើកទី២៥ ថ្ងៃបញ្ចប់សង្រ្គាមតាមរយៈនយោបាយឈ្នះឈ្នះ និងការប្រាព្ធខួបកងទ័ពជើងគោក។

*ទី៥៖ សម្តេចធិបតី នាយករដ្ឋមន្ត្រី ទើបបំពាក់រថយន្តដឹកជញ្ជូនតាមរាជធានី-ខេត្តទាំង២៥ ដូច្នេះប្រើរថយន្តនេះ សម្រាប់ដឹកកម្លាំងចល័ត និងសូមរៀបចំរោងដាក់រថយន្ត ថែទាំឱ្យបានត្រឹមត្រូវ ចៀសវាងយករថយន្តនេះទៅ ប្រើប្រាស់ខុសគោលដៅ។ សូមលោកមេបញ្ជាការកងរាជអាវុធហត្ថខេត្តទាំង២៣ ពិនិត្យស្វែងរកលទ្ធភាព រៀបចំ ឯកសណ្ឋានឱ្យឯកភាពគ្នាសម្រាប់កម្លាំងនេះ និងសូមយកចិត្តទុកដាក់ការងារចិញ្ចឹមថែទាំបំប៉នផង។ ឯកម្លាំងនេះពិតមែនតែបិទវគ្គថ្ងៃនេះ តែដោយសារយើងជាកម្លាំងគន្លឹះ ត្រូវតែធ្វើការហ្វឹកហាត់ជាប្រចាំក្រៅពីបេសកកម្ម។

*ទី៦៖ ចំពោះកម្លាំងដែលបញ្ចូលក្នុងក្របខ័ណ្ឌកងអន្តរាគមន៍ គឺរក្សានៅក្នុងមជ្ឈមណ្ឌលហ្វឹកហ្វឺន និងរៀបចំហ្វឹកហ្វឺនប្រើប្រាស់មធ្យោបាយគ្រឿងបំពាក់ដែលទើបទទួលបាន នូវការបំពាក់ថ្មី និងត្រៀមចេញប្រតិបត្តិការតាមបទបញ្ជាទៅគ្រប់កន្លែងនៅទូទាំងប្រទេស។

*ទី៧៖ ពាក់ព័ន្ធនិងការងារហ្វឹកហ្វឺន ស្នើការិយាល័យហ្វឹកហ្វឺន របស់វិទ្យាស្ថាននិងមជ្ឈមណ្ឌលហ្វឹកហ្វឺន សិក្សារៀបចំកម្មវិធី មេរៀន ស្តង់ដា SOP ដើម្បីធ្វើការវាយតម្លៃឱ្យបានសុក្រឹតនូវគុណភាពកម្មសិក្សា ព្រោះការវាយតម្លៃដែលលោកឧត្តមសេនីយ៍ នាយកមជ្ឈមណ្ឌល ខ្ញុំបានពិនិត្យហើយមិនទាន់សុក្រឹតទេ។

*ទី៨៖ ស្នងការដ្ឋានកសាងកម្លាំង ត្រូវតាមដាន គ្រប់គ្រងបុគ្គលិក ក្នុងកងរាជអាវុធហត្ថទាំងមូលឱ្យជាប់ ដើម្បីបន្តធ្វើកំណែទម្រង់ យើងមិនមែនចេះតែរៀនមេរៀនដដែលៗនោះទេ។

*ទី៩៖ សព្វថ្ងៃយើងមានសាលាពីរ គោលដៅនៃការបង្កើតសាលាទាំងពីរនេះគឺ ដើម្បីកងរាជអាវុធហត្ថម្ចាស់ការអប់រំបណ្តុះបណ្តាល កសាងសមត្ថភាព រ៉ាប់រងភារកិច្ចជំនាញដោយខ្លួនឯង។ មជ្ឈមណ្ឌលហ្វឹកហ្វឺនសម្រាប់បណ្តុះបណ្តាលនាយទាហានរង និងជំនាញឯកទេសមួយចំនួនដូចជា បើកបរ បញ្ជូនសារ គីមីសាស្ត្រ ទ័ពពិសេស និងគ្រប់គ្រងទីលានបាញ់ជាដើម។ល។ រីឯវិទ្យាស្ថាន គឺដើម្បីបណ្តុះបណ្តាលនាយទាហានបឋម និងមន្ត្រីនគរបាលយុត្តិធម៌ នគរបាលបច្ចេកទេសវិទ្យាសាស្ត្រ ភាសាបរទេស កុំព្យូទ័រ និងបំប៉ននាយទាហានក្នុងកងរាជអាវុធហត្ថ៕