(ភ្នំពេញ)៖ កម្លាំងនគរបាលអន្ដោប្រវេសន៍ របស់នាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ នៅថ្ងៃទី១៩ ខែសីហា ឆ្នាំ២០១៦ស្អែកនេះ នឹងបានបណ្ដេញចេញជនជាតិវៀតណាម២២នាក់ ឲ្យត្រឡប់ទៅវិញ បន្ទាប់ពីចូលមករស់នៅខុសច្បាប់ក្នុងខេត្តសៀមរាប ខេត្តកោះកុង និងភ្នំពេញ។
លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា ប្រធាននាយកដ្ឋានស៊ើបអង្កេត បានឲ្យដឹងថា «ជនជាតិវៀតណាមទាំង២២នាក់ ក្នុងនោះស្រី២នាក់ ដែលបានឃាត់ខ្លួននេះ នឹងធ្វើការបណ្ដេញចេញពីកម្ពុជា តាមច្រកអន្ដរជាតិព្រែកចាក នៅថ្ងៃស្អែកនេះ»។
បច្ចុប្បន្នជនជាតិវៀតណាមទាំងអស់នេះ ត្រូវបានបញ្ជូលខ្លួនទៅអគ្គនាយកដ្ឋានអន្ដោប្រវេសន៍ ដើម្បីរៀបចំឯកសារ ក្នុងការបណ្ដេញចេញ។
លោកឧត្តសេនីយ៍ទោ បានបញ្ជាក់ថា ក្រោមបញ្ជាពីនាយឧត្តមសេនីយ៍ សុខ ផល កម្លាំងនគរបាលអន្ដោប្រវេសន៍ នៅតែបន្ដឃាត់ខ្លួន និងបណ្ដេញជនបរទេសណា ដែលបានចូលមករស់នៅកម្ពុជា ដោយខុសច្បាប់ជាបន្ដបន្ទាប់៕