(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ នាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានដឹកនាំកិច្ចប្រជុំផ្សព្វផ្សាយផែនការរបស់អគ្គស្នងការដ្ឋាននគរបាលជាតិ ជូនដល់នាយករងមន្ទីរ នាយការិយាល័យ និងនាយរងការិយាល័យដឹកនាំក្រុមប្រតិបត្តិការទាំងអស់ សរុបចំនួន៨២រូប។

ថ្លែងក្នុងឱកាសនោះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានផ្តាំផ្ញើនូវការសាកសួរសុខទុក្ខ ពីសំណាក់នាយឧត្តមសេនីយ៍ ស ថេត អគ្គស្នងការនគរបាលជាតិ ដល់បងប្អូនជាកម្លាំងនគរបាល នៃមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ និងជំរុញឱ្យកងកម្លាំងទាំងអស់ ខិតខំបំពេញការងារបង្ក្រាបបទល្មើសគ្រឿងញៀន ដោយចុះបង្ក្រាបដូចភ្លៀងរលឹម ដើម្បីកម្ចាត់ឱ្យអស់នូវគ្រឿងញៀន ដែលបង្កឱ្យអសន្តិសុខក្នុងសង្គមជាតិ។

លោកនាយកមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀន បានវាយតម្លៃខ្ពស់ និងថ្លែងនូវការកោតសរសើរ ចំពោះកងកម្លាំងទាំងអស់​ ដែលកន្លងទៅបានខិតខំបំពេញការងារ ប្រកបដោយស្មារតីទទួលខុសត្រូវ ដោយបង្ក្រាបបានករណីគ្រឿងញៀនធំៗជាបន្តបន្ទាប់។

ជាមួយគ្នានេះ ឧត្តមសេនីយ៍ឯក ឃឹង សារ៉ាត់ បានណែនាំឱ្យកម្លាំងនគរបាលមន្ទីរប្រឆាំងបទល្មើសគ្រឿងញៀនទាំងអស់ ត្រូវគោរពវិន័យ ក្រមសីលធម៌ ឱ្យបានម៉ឺងម៉ាត់ ដោយអនុវត្តន៍ឱ្យបានត្រឹមត្រូវតាមជំនាញ និងនីតិវិធីច្បាប់។

ជាថ្មីម្តងទៀត ឧត្តមសេនីយ៍ឯកប្រធានមន្ទីរបានណែនាំឲ្យមន្រ្តីទាំងអស់ មានស្មារតីប្រឹងប្រែងចុះបង្រ្កាប ចុះស្រាវជ្រាវ ស៊ើបអង្កេត តស៊ូធ្វើករណីជួញដូរ ករណីកែច្នៃគ្រឿងញៀន ដែលជាករណីធំៗ ហើយធ្វើឲ្យត្រឹមត្រូវតាមនីតិវិធី។ ចំណែកករណីប្រើប្រាស់ គឺទុកឲ្យខាងអាជ្ញាធរមូលដ្ឋានជាអ្នកធ្វើ។

លោកឧត្តមសេនីយ៍បានបញ្ជាក់បន្ថែមថា រាល់ពេលចុះបង្រ្កាបត្រូវរាយការណ៍ជូនលោកផ្ទាល់ ដើម្បីឲ្យលោករាយការណ៍បន្ត ទៅតាមឋានានុក្រម៕