(ភ្នំពេញ)៖ លោក នេត្រ ភក្ត្រា រដ្ឋមន្ត្រីក្រសួងព័ត៌មាន នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានថ្លែងថា កិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន នៅមានបញ្ហាប្រឈម និងការលំបាកផងដែរ ដោយសារតែភាគីទាំងពីរ នៅមិនទាន់ស្វែងយល់ពីគ្នាឱ្យបានស៉ីជម្រៅ ទាំងផ្នែកបច្ចេកទេស និងបរិបទថ្មីជាដើម។

លោករដ្ឋមន្ត្រីបានថ្លែងបែបនេះ នៅក្នុង «វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន លើកទី៣» នៅសណ្ឋាគារសុខាភ្នំពេញ ដែលរៀបចំឡើងដោយក្រសួងព័ត៌មាន និងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៏មជ្ឈឹមចិន ដោយមានការចូលរួមពីលោក វ៉ាង វិធាន ឯកអគ្គរដ្ឋទូតចិនប្រចាំកម្ពជា និងលោក Hu Jinjun អគ្គនាយករង នៃស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន។

លោក នេត្រ ភក្ត្រា បានរំលឹកឡើងវិញថា នៅដើមឆ្នាំ២០២៣កន្លងទៅនេះ ក្នុងឱកាសនៃដំណើរទស្សនកិច្ចនៅប្រទេសចិន របស់សម្តេចតេជោ ហ៊ុន សែន អគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មាន បានចុះហត្ថលេខាលើអនុស្សារណៈ ស្ដីពីកិច្ចសហប្រតិបត្តិការ រវាងអគ្គស្ថានីយវិទ្យុ និងទូរទស្សន៍មជ្ឈិមចិន និងក្រសួងព័ត៌មាន។

លោកបន្តថា ភាគីទាំងពីរ ក៏បានបន្តពិភាក្សាកំណត់គោលការណ៍ និងពង្រឹង កិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដូចជាការផ្លាស់ប្តូរព័ត៌មាន ទំនាក់ទំនងធនធានមនុស្ស នវានុវត្តន៍ បច្ចេកទេសប្រព័ន្ធផ្សព្វផ្សាយជាដើម ដើម្បីចូលរួមចំណែកជួយជំរុញការកសាងសហគមន៍ជោគវាសនារួម កម្ពុជា-ចិន និងបំពេញតួនាទីជាវិជ្ជមានក្នុងការលើកកម្ពស់ជំនឿទុកចិត្តផ្នែកនយោបាយ ការផ្តល់ផលប្រយោជន៍ខាងសេដ្ឋកិច្ច និងការរៀនសូត្រវប្បធម៌ពីគ្នាទៅវិញទៅមក។

«ក្នុងហេតុផលនេះ វេទិកាជាន់ខ្ពស់ប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន គឺជាឱកាសមួយដ៏កម្រ ហើយក៏ជាវេទិកាមួយដ៏សំខាន់ ដែលយើងគួរតែប្រើប្រាស់ឱកាស និងវេទិកានេះឱ្យបានពេញលេញ ដើម្បីពិភាក្សាគ្នាឱ្យបានស៊ីជម្រៅអំពីស្ថានភាពបច្ចុប្បន្ន និងទៅអនាគត លើការផ្លាស់ប្ដូរបទពិសោធន៍ និងបញ្ហាប្រឈមនានា ក្នុងគោលបំណងស្វែងរកកាលានុវត្តភាព និងគោលគំនិតថ្មី នៃកិច្ចសហប្រតិបត្តិការប្រព័ន្ធផ្សព្វផ្សាយ»។ នេះបើតាមប្រសាសន៏របស់លោករដ្ឋមន្ត្រីនេត្រ ភត្រា ។

សូមបញ្ជាក់ថា «វេទិកាជាន់ខ្ពស់នៃប្រព័ន្ធផ្សព្វផ្សាយកម្ពុជា-ចិន និងវេទិកាផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន លើកទី៣» ត្រូវបានធ្វើឡើង ដើម្បីពង្រឹង និងធ្វើឱ្យស៉ីជម្រៅនូវកិច្ចសហប្រតិបត្តិការផ្នែកប្រព័ន្ធផ្សព្វផ្សាយរវាងកម្ពុជានិងចិន និង ពង្រីកការផ្លាស់ប្ដូរវប្បធម៌មនុស្សជាតិរវាងប្រទេសទាំងពីរ៕