(កណ្តាល)៖ បន្ទាប់ពីបានចុះពិនិត្យឃើញ ដោយផ្ទាល់ពីស្ថានភាពក្រលំបាក របស់គ្រួសារអតីតយុទ្ធជនមួយគ្រួសារ នៅក្នុងស្រុកស្អាង ខេត្តកណ្តាលនាព្រឹកថ្ងៃទី១៨ ខែសីហា នេះ នាយឧត្តមសេនីយ៍ គន់ គីម អគ្គលេខាធិការសមាគមអតីតយុទ្ធជន បានសម្រេចរៀបចំចាត់ចែងសាងសង់ផ្ទះថ្មីមួយខ្នងជូនពួកគេ ដើម្បីបានកន្លែងស្នាក់នៅសមរម្យ។
ស្រ្តីជាភរិយាគ្រួសារអតីតយុទ្ធជនកំពុងជួបការលំបាក ហើយទទួលបានការសាងសង់ផ្ទះ ជូនពីនាយឧត្តមសេនីយ៍ គន់ គីម មានឈ្មោះ ជួប គង់ ជាស្ត្រីមេម៉ាយមានកូននៅក្នុងបន្ទុករហូតដល់ទៅ ៤នាក់ និងពុំមានមុខរបរអ្វីពិតប្រាកដនោះឡើយ។
អ្នកស្រី ជួប គង់ បានបញ្ជាក់ថា មុនពេលស្វាមីរបស់គាត់ ទទួលមរណភាពនៅក្នុងឆ្នាំ២០០០ អ្នកស្រី បានចំណាយថវិកាអស់ពីខ្លួន ដើម្បីមើលថែទាំប្តី ដែលធ្លាក់ខ្លួនមានជំងឺ ជាហេតុធ្វើឲ្យជីវភាពក្នុងគ្រួសារមានសភាពដុនដាប ពីមួយថ្ងៃទៅមួយថ្ងៃ។
នាយឧត្តមសេនីយ៍ គន់ គីម បានគូសបញ្ជាក់ថា រាជរដ្ឋាភិបាលក្រោមការដឹកនាំរបស់សម្តេចតេជោ ហ៊ុន សែន តែងបានក្រើនរម្លឹកដល់ គ្រប់ស្ថាប័នពាក់ព័ន្ធ អាជ្ញាធរដែនដី កងកម្លាំងប្រដាប់អាវុធ ក្នុងការចូលរួមផ្តល់ជំនួយឧបត្ថម្ភគាំទ្រដល់អតីតយុទ្ធជន និងក្រុមគ្រួសារ ក៏ដូចជាជនចាស់ជរា ជនពិការ ស្រ្តីមេម៉ាយ និងគ្រួសារយុទ្ធជនពលីដែលក្រីក្រលំបាក សំដៅចូលរួមចំណែកជួយលើកកម្ពស់កម្រិតជីវ ភាព សុខុមាលភាព។
អ្នកស្រី ជួប គង់ បានសម្តែងក្តីសប្បាយរីករាយខ្លាំង និងបានគោរពថ្លែងអំណរគុណដល់នាយឧត្តមសេនីយ៍ គន់ គីម អាជ្ញាធរមូលដ្ឋាន ជាពិសេសសម្តេចតេជោ ហ៊ុន សែន ដែលតែងតែគិតគូរយកចិត្តទុកដាក់ជានិច្ច ចំពោះសុខទុក្ខរបស់គាត់ ក៏ដូចជាប្រជាពលរដ្ឋដទៃ៕