(ភ្នំពេញ)៖ សិល្បៈគំនូរនៅលើជញ្ជាំង ដែលបង្កប់ពីអត្ថន័យអភិរក្សព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ត្រូវបានដាក់តាំងបង្ហាញដល់មហាជនជាសាធារណៈ ដើម្បីស្វែងរកការចូលរួមការពារ និងអភិរក្សឱ្យបានគង់វង្ស ដើម្បីជាប្រយោជន៍ដល់មនុស្សជាតិ និងសត្វព្រៃ។

សិល្បៈគំនូរនៅលើជញ្ជាំង ដែលជាស្នាដៃរបស់វិចិត្រករ និងសិល្បករល្បីៗមកពីបរទេស ក្រោមការគាំទ្រពីអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) មានការផាត់ពណ៍ដ៏រស់រវើកដែល បានចែករំលែកពីក្តីស្រឡាញ់ ភាពរីករាយ និងសុភមង្គលនៅក្នុងសហគមន៍ ក្នុងស្រុកជីផាត នៃខេត្តកោះកុង។

ថ្លែងក្នុងសន្និសីទសារព័ត៌មាន កញ្ញាបណ្ឌិត ស៊ូវណ្ណា ហ្គោនឡែត នាយិកាប្រតិបត្តិអង្គការសម្ព័ន្ធមិត្តសត្វព្រៃ ហៅកាត់ WA (Wildlife Alliance ) បានបញ្ជាក់ថា ការដាក់តាំងពិព័រណ៍នូវផ្ទាំងគំនូរទាំងនោះ ធ្វើឡើងនៅ សាលពិព័រណ៍ FACTORY PHNOM PENH តាមបណ្តោយផ្លូវជាតិលេខ២ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ចាប់ពីថ្ងៃទី១៧ ដល់ថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០២៣។

ផ្ទាំងគំនូរដោយដៃទាំងនេះ បង្កប់នូវអត្ថន័យពីធនធានជីវៈចម្រុះនៅតំបន់ជួរភ្នំក្រវាញ ជីវភាពសហគមន៍នៅតំបន់នោះ ដើម្បីលើកកម្ពស់ការយល់ដឹងអំពីសារប្រយោជន៍នៃព្រៃឈើតំបន់ជួរភ្នំក្រវាញ ខណៈកំពុងគ្របទៅដោយ ព្រៃស្រោងក្រាស់មានពណ៌បៃតងគ្រប់រដូវកាល និងជាជួរព្រៃធំជាងគេនៅតំបន់អាស៊ីអាគ្នេយ៍ ដែលបានផ្តល់សារៈសំខាន់ចំពោះការរក្សាតុល្យភាពអាកាសធាតុរបស់សកលលោកទាំងមូល និងជាប្រភពទាញទឹកភ្លៀង និងថាមពលអគ្គិសនីដ៏សំខាន់សម្រាប់កម្ពុជា។

លោក ហ្វុនគី (Fonki) និងសិល្បករល្បីៗមកពីបរទេសផ្សេងទៀត បានបញ្ជាក់ឱ្យដឹងថា ផ្ទាំងគំនូរបង្កប់នូវអត្ថន័យអភិរក្សព្រៃឈើ ក្នុងនោះមានការបង្ហាញពីសហគមន៍ជីផាត អំពីសារៈសំខាន់នៃធនធានដ៏សម្បូរបែប នៅតំបន់ជួរភ្នំក្រវាញ។ ផ្ទាំងគំនូរដ៏ស្រស់ស្អាតមួយចំនួន ក៏បានចែកដល់សិស្ស និងសាលារៀននៅតាមសហគមន៍នៃតំបន់ជួរភ្នំក្រវាញផងដែរ។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៦ រាជរដ្ឋាភិបាល បានសម្រេចបង្កើតឧទ្យានជាតិជួរភ្នំក្រវាញកណ្តាល ដោយមានខេត្តចំនួន៣រួមមាន៖ ខេត្តកោះកុង (ស្រុកថ្មបាំង) ខេត្តកំពង់ស្ពឺ(ស្រុកឱរ៉ាល់) និងខេត្តពោធិ៍សាត់ (ស្រុកវាលវែង និងស្រុកភ្នំក្រវាញ) ដើម្បីជាទីជម្រកនៃពពួកប្រភេទសត្វទទួលរងការគំរាមកំហែង និងប្រភេទសត្វមានដោយកម្រជាសកល ដែលមានរហូតជាង៥០ប្រភេទមានដូចជា៖ ដំរីអាស៊ី ខ្លាពពក ក្រពើភ្នំ ខ្លាឃ្មុំធំ ខ្លាឃ្មុំតូច កែះ ទោចម្កុដ អណ្តើកភ្នំ មាន់ក្រិច ក្ងោក និងប្រភេទឈើកម្រផ្សេងៗទៀត ខណៈបានប្រភពទឹកដ៏សំខាន់ និងជាផ្ទៃរងទឹកភ្លៀងសម្រាប់បន្តនិរន្តរភាពទឹកបឹងទន្លេសាប។

គម្របព្រៃឈើនៅតំបន់ជួរភ្នំក្រវាញ ភាគច្រើនគ្របដណ្តប់ដោយព្រៃស្រោង ព្រៃពាក់កណ្តាលស្រោង ដែលជាឃ្លាំងដ៏សំខាន់សម្រាប់ផ្ទុកកាបូន និងជាព្រៃរបោះដែលអំណោយផលដល់ពពួកប្រភេទសត្វកម្រ សម្រាប់ផ្ដល់តម្លៃដល់ការអភិរក្ស និងការអភិវឌ្ឍសេដ្ឋកិច្ចជាតិ តាមរយៈការអភិវឌ្ឍវិស័យថាមពល ការលក់ឥណទានកាបូន និងវិស័យទេសចរណ៍ធម្មជាតិ។

ជួរភ្នំក្រវាញ ត្រូវបានចាត់ទុកជាតំបន់សំខាន់បំផុតនៃជីវៈចម្រុះ ជាពិសេសជាច្រករបៀងដំរីដែលនៅសេសសល់ចុងក្រោយនៅទ្វីបអាស៊ី និងជាទីជម្រករបស់សត្វព្រៃចំនួន៥២ប្រភេទដែលកំពុងរងការគំរាមកំហែង ហើយត្រូវបានចុះក្នុងបញ្ជីក្រហមរបស់អង្គការសហភាពអន្តរជាតិដើម្បីអភិរក្សធនធានធម្មជាតិ ហៅកាត់ថា IUCN។ ចាប់ពីឆ្នាំ២០១៦មក កម្ពុជាក៏រកចំណូលបានប្រមាណជាង១១,៦លានដុល្លារអាមេរិក ពីការលក់ឥណទានកាបូនពីព្រៃឈើ ទៅឱ្យក្រុមហ៊ុនមានឧស្សាកម្មបញ្ចេញផ្សែងពុលច្រើន ដែលមានមូលដ្ឋាននៅប្រទេសប៉ែកអឺរ៉ុប និងសហរដ្ឋអាមេរិក៕