(ព្រះវិហារ)៖ រដ្ឋបាលខេត្តព្រះវិហារ បានរៀបចំវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តអាណត្តិទី៣ ឆ្នាំ២០២៣ នៅឃុំកំពង់ស្រឡៅ ស្រុកឆែប នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

វេទិកាផ្សព្វផ្សាយនេះបានធ្វើឡើងក្រោមវត្តមាន ខូយ ឃុនហ៊ ប្រធានក្រុមប្រឹក្សាខេត្តស្ដីទី និងលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ តំណាងលោក គីម រិទ្ធី អភិបាលខេត្តដោយមានការចូលរួមពីលោក លោកស្រី ជាសមាជិកក្រុមប្រឹក្សាខេត្ត អភិបាលរងខេត្ត កងកម្លាំងទាំងបី ប្រធានមន្ទីរ អង្គភាព ជុំវិញខេត្ត អាជ្ញាធរស្រុករវៀង និងប្រជាពលរដ្ឋជាច្រើនរូបទៀត។

លោក ខូយ ឃុនហ៊ បានជម្រាបជូននប្រជាពលរដ្ឋថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារនាពេលនេះ ធ្វើឡើងក្នុងគោលបំណងដើម្បីផ្ដល់ឱកាសជូនប្រជាពលរដ្ឋ និងអ្នកពាក់ព័ន្ធទាំងអស់ បានបព្ចោញមតិរបស់ខ្លួន ដែលពាក់ព័ន្ធនឹងក្ដីកង្វល់ សំណូមពរ និងតម្រូវការជាក់ស្ដែងក្នុងមូលដ្ឋាន ដើម្បីឱ្យអាជ្ញាធរមានសមត្ថកិច្ចដោះស្រាយ និងឆ្លើយតបរាល់តម្រូវការ សំណូមពរ ដែលបានលើកឡើងចំគោលដៅទាន់ពេលវេលា ដើម្បីកែលម្អសហគមន៍ របស់ពួកគាត់ឱ្យកាន់តែល្អប្រសើរ ជាពិសេសពង្រឹងការចូលរូមរបស់ប្រជាពលរដ្ឋ លើការអភិវឌ្ឍន៍នៅតាមមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដើម្បីឆ្លើយតបទៅនឹងគោលការណ៍នៃការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ។

ប្រធានប្រឹក្សាខេត្តព្រះវិហារស្តីទី បានលើកឡើងថា វេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាថ្ងៃនេះ គឺពិភាក្សាទៅលើប្រធានបទមួយចំនួនដូចជា៖ បញ្ហាសន្តិសុខ សណ្តាប់ធ្នាប់សង្គម គោលនយោបាយភូមិ-ឃុំ មានសុវត្ថិភាព ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ ការគ្រប់គ្រងធនធានធម្មជាតិ ការប្រើប្រាស់ដីធ្លី ព្រៃឈើ កសិកម្ម និងជលផល ការងារអប់រំ យុវជន និងកីឡា និងបណ្តុះបណ្តាលវិជ្ជាជីវៈ សុខភាពអនាម័យ សុខភាពមាតា និងទារក កិច្ចគាំពាសង្គម ការទប់ស្កាត់ជំងឺឆ្លងកាចសាហាវ និងបញ្ហាផ្សេងៗ។

ដោយឡែកលោក សុខ សាន្តតារ៉ា អភិបាលរងខេត្តព្រះវិហារ ក៏បានជម្រាបជូនប្រជាពលរដ្ឋអំពីរបាយការណ៍សង្ខេប ស្តីពីសមិទ្ធផលសំខាន់ៗ ដែលរដ្ឋបាលខេត្តព្រះវិហារសម្រេចបាននាពេលកន្លងមករួមមាន៖ ការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ និងវិស័យជាអាទិភាពនានា។

បន្ថែមពីនេះ លោកអភិបាលរងខេត្ត បានឱ្យដឹងទៀតថា ក្នុងរយៈពេល៩ខែ ឆ្នាំ២០២៣នេះ គ្រប់លទ្ធផលសកម្មភាពទាំងអស់ មានការវិវត្តន៍ និងរីកចម្រើនគួរ្យកត់សម្គាល់ ទាំងវិស័យសន្តិសុខសណ្តាប់ធ្នាប់សាធារណៈ វិស័យសេដ្ឋកិច្ច សង្គមកិច្ច និងហេដ្ឋារចនាសម្ព័ន្ធផ្សេងៗ ដោយ មានការចូលរួមពីគ្រប់មជ្ឈដ្ឋានពាក់ព័ន្ធ អាជ្ញាធរក្រុង-ស្រុក និងមន្ទីរអង្គភាពជំនាញពាក់ព័ន្ធ។

ចូលរួមមតិក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តនាពេលនេះ ប្រជាពលរដ្ឋ ក៏បានលើកឡើងអំពីបញ្ហមួយចំនួនដូចជា៖ បញ្ហាបណ្តាញអគ្គីសនី ស្ពាន ផ្លូវថ្នល់ ដែលរងការខូចខាត ការប្រើប្រាស់ដីធ្លី បញ្ហាបំណុល មីក្រូហិរញ្ញវត្ថុ ការផ្តល់សេវាសុខភាពអនាម័យនៅក្នុងមូលដ្ឋានជាដើម។ បញ្ហាទាំងអស់ដែលប្រជាពលរដ្ឋបានលើកឡើង នៅក្នុងអង្គវេទិការផ្សព្វផ្សាយ និងពិគ្រោះយោបល់របស់ក្រុមប្រឹក្សាខេត្តព្រះវិហារនាពេលនេះ ត្រូវបានស្រាយបំភ្លឺ និងសម្របសម្រួលពីមន្ត្រីជំនាញពាក់ព័ន្ធ ពីអាជ្ញាធរមូលដ្ឋាន ដើម្បីលើកកម្ពស់ការអភិវឌ្ឍមូលដ្ឋានឱ្យកាន់តែល្អប្រសើរឡើង ដើម្បីបង្កើនប្រសិទ្ធភាព តម្លាភាព និងគណនេយ្យភាព ជាមួយប្រជាពលរដ្ឋ៕