(កំពង់ធំ)៖ អាវរងាដែលជាអំណោយរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ត្រូវបាននាំយកមកប្រគល់ជូនដល់ តំបន់ប្រតិបត្តិការសឹករងកំពង់ធំ នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន មេបញ្ជាការតំបន់ប្រតិបត្តិការសឹករងកំពង់ធំ តាំងនាមជំនួសមុខឲ្យនាយទាហាន នាយហានរង និងពលទាហាន ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ សូមគោរពថ្លែង អំណរគុណដ៏ជ្រាលជ្រៅជាទីបំផុតចំពោះសម្ដេចតេជោ ហ៊ុន សែន និងសម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ដែលជានិច្ចកាលសម្ដេចទាំងទ្វេ តែងតែគិតគូរយកចិត្តទុកដាក់ខ្ពស់បំផុតដល់សុខទុក្ខ និងជីវភាពរស់នៅ របស់កងទ័ព ព្រមទាំងគ្រួសារកងទ័ព។ ជាក់ស្ដែងនៅរដូវភ្លៀងសម្ដេចបានផ្ដល់អាវភ្លៀង នៅក្នុងរដូវត្រជាក់នេះ សម្ដេចបានផ្ដល់អាវរងា និងបានផ្គត់ផ្គង់គ្រប់បែបយ៉ាងដល់ជីវភាពរស់នៅរបស់កងទ័ពព្រមទាំងគ្រួសារកងទ័ពផងដែរ។
ឧត្តមសេនីយ៍ទោ សោម ស៊ុន បានណែនាំដល់យោធិនទាំងអស់ចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ ក្រុមគ្រួសារត្រូវខិតខំថែរក្សសុខភាពនឹងត្រូវត្រៀមខ្លួនជានិច្ចក្នុងកិច្ចការពារបូរណភាពទឹកដី ការពារជាតិសាសនា ព្រះមហាក្សត្រ ការពាររដ្ឋធម្មនុញ្ញ ការពាររាជរដ្ឋាភិបាលស្របច្បាប់ ដែលដឹកនាំដោយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី និងត្រៀមខ្លួនរួចជាស្រេចដើម្បីចល័តអន្តរាគមន៍ដោះស្រាយសភាពការណ៍ផ្សេងៗតាមបទបញ្ជារបស់ថ្នាក់ដឹកនាំតាមឋានានុក្រម នៃកងយោធពលខេមរភូមិន្ទ ព្រមទាំងត្រៀមកងកម្លាំង មធ្យោបាយ សម្ភារគ្រប់គ្រាន់ដើម្បីជួយសង្គ្រោះប្រជាពលរដ្ឋដែលរងគ្រោះដោយគ្រោះមហន្ត រាយផ្សេងៗ បានទាន់ពេលវេលា និងមានប្រសិទ្ធភាព។
យោធិនចំណុះឱ្យបញ្ជាការដ្ឋានតំបន់ប្រតិបត្តិការសឹករងកំពង់ធំ និងក្រុមគ្រួសារបានប្តេជ្ញាចិត្តដាច់ខាតការពារ និងថែរក្សាឱ្យបាននូវសុខសន្តិភាពដែលកំពុងមានសព្វថ្ងៃនេះ ឱ្យនៅគង់វង្សជារៀងរហូតដើម្បីប្រទេសជាតិបន្តអភិវឌ្ឍន៍ ឱ្យមានការរីកចម្រើនរុងរឿងបន្ថែមទៀត ក្រោមការដឹកនាំប្រកបដោយគតិបណ្ឌិតរបស់សម្ដេចធិបតី ហ៊ុន ម៉ាណែត៕