(ស្វាយរៀង)៖ លោក ប៉េង ពោធិ៍សា អភិបាលខេត្តស្វាយរៀង និងជាប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្ត និងលោកឧត្តមសេនីយ៍ទោ កៅ តឹក មេបញ្ជាការងយោធភូមិភាគទី២ តំណាងលោកឧត្តមសេនីយ៍ឯក ជឿន សុវណ្ណថា មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការយោធភូមិភាគទី២ នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ បានអញ្ជើញប្រកាសចូលកាន់មុខតំណែងលោកឧត្តមសេនីយ៍ត្រី ថុល សុធី ជាមេបញ្ជាការតំបន់ ប្រតិបត្តិការសឹករងខេត្តស្វាយរៀង ជំនួសលោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន ដែលត្រូវតែងតាំងជាអនុរដ្ឋលេខាធិការការក្រសួងការពារជាតិ។
ថ្លែងក្នុងឱកាសនោះ លោកអភិបាលខេត្ត បានសម្តែងនូវការកោតសរសើរនូវស្នាដៃនិងសមិទ្ធផលល្អៗជាច្រើន ក្នុងអាណត្តិដឹកនាំរបស់លោកឧត្តមសេនីយ៍ទោ ប៉ែន សារ៉ុន អតីតមេបញ្ជាការតំបន់ប្រតិបត្តិការសឹករងស្វាយរៀង ក្នុងនោះក៏សូមចូលរួមអបអរសាទរលោក ដែលត្រូវបានព្រះមហាក្សត្រ នៃកម្ពុជា ត្រាស់បង្គាប់តែងតាំងជា អនុរដ្ឋលេខាធិការ ក្រសួងការពារជាតិ ព្រមទាំងសូមអបអរសាទរជាមួយលោកមញ្ជាការថ្មី ដែលត្រូវបានតែងតាំង មុខតំណែង និងប្រកាសនាពេលនេះ ដែលនេះជាការសម្រេចចិត្តដ៏ត្រឹមត្រូវ ដោយឈរលើការពិនិត្យ និងវាយតម្លៃយ៉ាងល្អិតល្អន់ ពិសេសវាយតម្លៃអំពីឆន្ទៈ សមត្ថភាព អតីតភាពការងារ ចំណេះដឹង បទពិសោធន៍ និងលក្ខណៈសម្បត្តិជាច្រើនទៀត។
លោកឧត្តមសេនីយ៍ទោ កៅ តឹក បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ ក្រោមការដឹកនាំរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា បន្តដឹកនាំនាវាកម្ពុជា ធានាបាននិរន្តរភាពជាតិ សន្តិភាព ស្ថិរភាពយូរអង្វែង ដែលជាមូលដ្ឋានគ្រឹះ ក្នុងការអភិវឌ្ឍប្រទេសជាតិ ក៏ដូចជាលទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោកឧត្តមសេនីយ៍ទោ បានផ្តាំផ្ញើដល់គ្រប់កងឯកភាព នៃតំបន់ប្រតិបត្តិការសឹករងខេត្តត្រូវយកចិត្តទុកដាក់កសាងធនធានមនុស្សគ្រប់ជំនាញ ឲ្យសមស្របទៅនឹងផែនការយុទ្ធសាស្ត្រកំណែទម្រង់កងយោធពលខេមរភូមិន្ទ ដោយធ្វើការបណ្តុះបណ្តាលនាយទាហានវ័យក្មេងមានសមត្ថភាពឱ្យចូលក្នុងជួរថ្នាក់ដឹកនាំ៕