(កណ្តាល)៖ «ទីវត្តអារាម ជាឃ្លាំងផ្ទុកចំណេះដឹង វប្បធម៌ អក្សរសាស្ត្រ និងអរិយធម៌ជាតិខ្មែរ តាំងពីយូរលង់មកហើយ»។ នេះជាការលើកឡើងរបស់លោក ណុប រ័ត្ននិមល ជំនួយការសេរម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្ដេចធិបតី និងជាប្រធានក្រុមការងាររាជរដ្ឋាភិបាលចុះមូលដ្ឋានស្រុកកណ្ដាលស្ទឹង និងលោកស្រី នៅក្នុងពិធីបុណ្យអង្គកឋិនទានវេរ ប្រគេនព្រះភិក្ខុសង្ឃគង់ចាំព្រះវស្សា នៅវត្តវិហារបិទមាស អស់កាលត្រីមាស និងជួបសំណេះសំណាលជាមួយមន្ត្រីរាជការ ប្រជាពលរដ្ឋ ក្នុងឃុំព្រែកស្ដែង ស្រុកកណ្តាលស្ទឹង ប្រមាណ៥៥០នាក់ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

ក្នុងរបាយការណ៍ស្វាគមន៍របស់លោក អ៊ូច សៅវឿន អភិបាលស្រុកកណ្តាលស្ទឹង បានឲ្យដឹងថា វិស័យសាសនា ក្នុងទូទាំងស្រុកមានវត្តសរុបចំនួន ៣៤វត្ត និងអាស្រមចំនួន២ ព្រះសង្ឃសរុបចំនួន ៤៥០អង្គ។

នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ឹង ប៊ុនហៀង និងលោកជំទាវ បានផ្តល់ជាចំណងដៃនូវព្រះវិហារ ចំនួន៤ គឺវត្តអង្គជុំភ្នំចចក ឃុំទ្រា, វត្តវិហារត្រាញ់ ឃុំព្រែកស្លែង, វត្តវិហារបិទមាស ឃុំព្រែកស្លែង និងវត្តបឹងខ្យាង ឃុំបឹងខ្យាង ស្រុកកណ្ដាលស្ទឹង ខេត្តកណ្តាល។

ដោយឡែក សម្រាប់វត្តវិហារបិទមាស នាយឧត្តមសេនីយ៍ កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ព្រមទាំង ឯកឧត្ដម លោកជំទាវ សប្បុរសជន ព្រះសង្ឃ គណៈកម្មាធិការអាចារ្យវត្ត និងពុទ្ធបរិស័ទចំណុះជើងវត្ត ទាំងជិតឆ្ងាយបានរួមគ្នាសាងសង់រួចជាស្ថាពរនូវសមិទ្ធផលមួយចំនួន មានព្រះវិហា, កសាងសាលាធម្មសភា, មហាកុដិ ១ខ្នង, បណ្ណាល័យ, សាលាបាលី និងទិញដីស្រែពង្រីក ទីធ្លា១ហិកតា សរុបបច្ច័យកសាង ប្រាក់រៀល មានចំនួន ១១៤លានរៀល និងប្រាក់ដុល្លារជាង ១លាន ២សែនដុល្លារសហរដ្ឋអាមេរិក។

នៅក្នុងឱកាសនោះលោក ណុប រ័ត្ននិមល បានពាំនាំនូវការផ្តាំផ្ញើការសាកសួរសុខទុក្ខពីសំណាក់ សម្តេចធិបតី និងលោកជំទាវបណ្ឌិត និងកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ជូនចំពោះប្រជាពលរដ្ឋ ឃុំព្រែកស្លែង ស្រុកកណ្តាលស្ទឹង។ ជាមួយគ្នានេះ លោកបានថ្លែងអំណរគុណដល់ ព្រះសង្ឃ មន្ត្រីរាជការ និងប្រជាពលរដ្ឋទាំងអស់ ដែលបានផ្តល់ឱកាសដល់គណបក្សប្រជាជនកម្ពុជា បន្តដឹកនាំ និងបម្រើប្រជាពលរដ្ឋ។

លោក ណុប រ័ត្ននិមល បានបញ្ជាក់ថា កន្លងមកនេះ ជីវភាពរស់នៅ និងសុខទុក្ខរបស់ប្រជាពលរដ្ឋ គឺតែងតែត្រូវបានយកចិត្តទុកដាក់ដោយសម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន តាមរយៈការរៀបចំគោលនយោបាយគាំទ្រ ជាប់ជាប្រចាំ ជាពិសេសការបង្កើត និងពង្រីកការងារឱ្យកាន់តែច្រើន បង្កើតបរិយាកាសលក្ខខណ្ឌការងារល្អ របបសន្តិសុខសង្គម និងគាំពារលើជីវភាពរស់នៅប្រចាំថ្ងៃ។ ទាំងនេះ ត្រូវបានរាជរដ្ឋាភិបាល អាណត្តិទី៧ ក្រោមការដឹកនាំដោយ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត បន្តធ្វើតទៅទៀត។

លោកបន្តថា ដើម្បីអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាឲ្យមានចីរភាពក្នុងរយៈពេលមធ្យម និងរយៈពេលវែងរាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ក្រោមការដឹកនាំរបស់សម្ដេចមហាបបវរធិបតី ហ៊ុន ម៉ាណែត បានផ្តល់អាទិភាពគន្លឹះលើ រួមមាន៖ ធនធានមនុស្ស ផ្លូវ ទឹកភ្លើង និងបច្ចេកវិទ្យា ដើម្បីធានានិរន្តរភាពក្នុងការកសាងអភិវឌ្ឍន៍ប្រទេសជាតិ ស្របតាមសភាពការណ៍វិវត្តន៍ជឿនលឿនរបស់ពិភពលោក និងការបន្តការពារសមិទ្ធផលនានា និងថែរក្សាសុខសន្តិភាព និងការអភិវឌ្ឍជាតិ។

ក្នុងឱកាសនោះដែរលោក ណុប រ័ត្ននិមល និងលោកស្រី ហ៊ីង សុខលាភ បានវេរប្រគេនបច្ច័យសង្កត់ត្រ័យ សម្រាប់បន្តលើការសមិទ្ធផលនានា នៅក្នុងទីអារាមវត្តវិហារបិទមាស មានចំនួន ១២០លានរៀល ក្នុងនោះ បច្ច័យរបស់លោកកិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង និងលោកជំទាវ ប៉ែន ចាន្នី មានចំនួន ៣១លាន ២០ម៉ឺនរៀល។

ជាមួយគ្នានេះដែរ លោក និងលោកស្រី បាននាំយកអំណោយដ៏ថ្លៃថ្លារបស់សម្តេចតេជោ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត និងសម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ចែកជូនឧបត្ថម្ភដល់សីលវន្តសីលវត្តី មន្ត្រីក្រុមប្រឹក្សាស្រុក-ឃុំ លោកគ្រូអ្នកគ្រូ យុវជន ប្រជាពលរដ្ឋ និងកងកម្លាំងមានសមត្ថកិច្ចផងដែរ៕