(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សឹង សំណាង អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាមេបញ្ជាការកងទ័ពជើងអាកាស បានគូសរំលេចថា សុខសន្តិភាពមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ជាតិ ប្រជាជន ដូចនេះត្រូវយកចិត្តទុកដាក់ខ្ពស់ការពារសុខសន្តិភាព សន្តិភាព គឺជាកត្តាស្លាប់រស់ និងចាំបាច់សម្រាប់ប្រទេសជាតិ។
ការលើកឡើងបែបនេះរបស់នាយឧត្តមសេនីយ៍ សឹង សំណាង បានធ្វើឡើងក្នុងពិធីសំណេះសំណាលជាមួយយោធិនចូលនិវត្តន៍ ឆ្នាំ២០២៣ របស់បញ្ជាការដ្ឋានកងទ័ពជើងអាកាស នៅថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ។
នាយឧត្តមសេនីយ៍ បានណែនាំដល់កងទ័ពត្រូវគោរពច្បាប់នានារបស់រដ្ឋ ពង្រឹងអត្តចរិត សីលធម៌រស់នៅឱ្យបានស្អាតស្អំ ដូចពេលដែលយើងកំពុងនៅបម្រើក្នុងជួរកងទ័ព និងត្រូវជឿជាក់ដោយឥតងាករេលើការដឹកនាំ របស់រាជរដ្ឋាភិបាល នីតិកាលទី៧ នៃរដ្ឋសភា ដែលមានសម្តេចធិបតី ហ៊ុន ម៉ាណែត ជានាយករដ្ឋមន្ត្រីដើម្បីកម្ពុជារក្សាបាននូវសុខសន្តិភាព សេរីភាព និងការអភិវឌ្ឍន៍ប្រកបដោយចីរភាព។
បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សឹង សំណាង បានបន្តថា កងទ័ពត្រូវយកចិត្តទុកដាក់ក្នុងការវិនិច្ឆ័យរាល់គ្រប់ព័ត៌មាន ទាំងក្នុងបណ្តាញសង្គម និងក្នុងជីវភាពរស់នៅប្រចាំថ្ងៃ ដោយត្រូវពិចារណារកហេតុផលឱ្យបានច្បាស់លាស់មុននឹងធ្វើការសម្រេចចិត្តណាមួយទៅលើព័ត៌មានទាំងនោះ ដើម្បីជៀសផុតពីកំហុសឆ្គង។ ត្រូវចេះទំនាក់ទំនងល្អជាមួយ អាជ្ញាធរដែនដី និងសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់ដោយត្រូវចូលរួមក្នុងរាល់សកម្មភាពនានា ដែលរដ្ឋអំណាចបានកំណត់។ ត្រូវក្តាប់ឱ្យបានរាល់កង្វល់ និងសំណូមពរផ្សេងៗរបស់ប្រជាជន និងផ្តល់ជូនដល់ ស្ថាប័នពាក់ព័ន្ធ ដើម្បីមុខការ។
ទន្ទឹមនឹងនេះដែរ មេទ័ពជាន់ខ្ពស់កម្ពុជារូបនេះ ក៏បានពញ្ញាក់ស្មារតីដល់កងទ័ពជើងអាកាសថា ត្រូវចងចាំនូវសច្ចភាពប្រវត្តិសាស្ត្រ និងបច្ចុប្បន្នភាពនៃកម្ពុជារួមមាន៖ សោកនាដកម្មនៃកម្ពុជាដែលកើតចេញពីការផ្លាស់ប្ដូររបបនាពេលកន្លងមកពីរបបរាជានិយមអាស្រ័យធម្មនុញ្ញ (សង្គមរាស្ត្រនិយម) ទៅរបបសាធារណរដ្ឋខ្មែរ និងពីរបបសាធារណរដ្ឋខ្មែរ ទៅរបបកម្ពុជាប្រជាធិបតេយ្យ, ត្រូវចងចាំជានិច្ចនូវការលះបង់គ្រប់បែបយ៉ាងរបស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីនៃកម្ពុជា ក្នុងការចេញទៅរំដោះជាតិ និងប្រជាជនកម្ពុជា, ត្រូវគោរពដឹងគុណ និងមានកតញ្ញូចំពោះសម្ដេចតេជោ ហ៊ុន សែន ដែលលោកបានដឹកនាំកម្ពុជាឱ្យមានសន្តិភាព មានការអភិវឌ្ឍឱ្យយើងទាំងអស់គ្នាបានរស់នៅប្រកបដោយសុខដុមរមនា និងមានសេរីភាពលើការគោរពសាសនា។
នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានលើកឡើងគុណសម្បត្តិរបស់យោធិនដែលត្រូវចូលនិវត្តន៍ ដែលបានរួមផ្ដួលរំលំរបបប្រល័យពូជសាសន៍ ប៉ុល ពត, ចូលរួមការពារមិនឱ្យរបបប្រល័យពូជសាសន៍វិលត្រឡប់មកវិញ, ចូលរួមបញ្ចប់សង្គ្រាមរ៉ាំរ៉ៃដែលអូសបន្លាយលើមាតុភូមិរាប់ទសវត្ស, ចូលរួមថែរក្សាសន្តិភាព សន្តិសុខ សណ្ដាប់ធ្នាប់សង្គម, ចូលរួមជួយការអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាល, ចូលរួមពង្រឹងលើវិស័យការពារជាតិ, ចូលរួមចំណែកក្នុងកំណែទម្រង់កងយោធពលខេមរភូមិន្ទឱ្យបានរឹងមាំ និងជំរុញឱ្យប្រទេសជាតិឈានដល់ការធ្វើសមាហរណកម្មក្នុង តំបន់ និងពិភពលោក ចូលរួមបេសកកម្មមនុស្សធម៌អង្គការសហប្រជាជាតិ។
នាយឧត្តមសេនីយ៍ សឹង សំណាង ក៏បានចាត់ទុកកងទ័ពដែលចូលនិវត្តន៍ គឺជាគំរូសម្រាប់អ្នកជំនាន់ក្រោយ និងធ្វើអ្វីដែលមានប្រយោជន៍ជូនប្រទេសជាតិ និងប្រជាជន។ ជាប្រវត្តិសាស្រ្តយោធិនដែលចូលនិវត្តន៍គ្រប់រូបសុទ្ធតែមានគុណបំណាច់ជូនប្រជាជន និងប្រទេសជាតិ នេះជាមោទកភាពរបស់យើងទាំងអស់គ្នាក្នុងនាមជាកងទ័ព៕