(ភ្នំពេញ)៖ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី អនុប្រធានទី១ នៃគណៈកម្មាធិការជាតិ និងជាអគ្គនាយកមជ្ឈមណ្ឌលជាតិរក្សាសន្តិភាព បានបញ្ជាក់ថា បើទោះបីជា បេសកកម្មរក្សាសន្តិភាពនៅប្រទេសម៉ាលី ក្រោមឆត្រអង្គការសហប្រជាជាតិ (UN) នឹងត្រូវបញ្ចប់ តែកិត្តិយកងទ័ពកម្ពុជានៅជាប់ជានិច្ចក្នុងទឹកដីប្រទេសម៉ាលី ហើយវាជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានថ្លែងយ៉ាងដូច្នេះថា៖ «ការចូលរួមរក្សាសន្តិភាពរបស់កម្លាំងយើង បានបង្ហាញអំពីភាពក្លាហាន ដើម្បីបុព្វហេតុសន្តិភាព។ ទោះបីជាបេសកកម្មរក្សាសន្តិភាពនៅសាធារណរដ្ឋម៉ាលី នឹងត្រូវបិទបញ្ចប់ក៏ពិតមែន ប៉ុន្តែកិត្តិនាមរបស់កម្លាំងយើង ប្រទេសជាតិយើងនៅតែមានជានិច្ចនៅក្នុងទឹកដីម៉ាលី»

បន្ថែមពីនេះ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានឱ្យដឹងថា ស្ថានការណ៍នៅក្នុងប្រទេសម៉ាលី កាន់តែធ្លាក់ចុះប្រឈមនឹងហានិភ័យខ្ពស់ ប៉ុន្តែ កងទ័ពមួកខៀវកម្ពុជា នៅតែរក្សានូវស្មារតីប្រុងប្រយ័ត្នខ្ពស់ប្រកបដោយភាពអត់ធ្មត់នឹងនរបំផុត ក្នុងការបំពេញភារកិច្ចជាប្រចាំ ដោយទទួលបានលទ្ធផលគួរជាទីមោទន។

ក្នុងឱកាសទទួលស្វាគមន៍ដំណើរនិវត្តន៍របស់កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និងកងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ សរុបចំនួន ៩០នាក់ នៅរាត្រីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានគូសបញ្ជាក់បន្ថែមថា៖ «កិច្ចខិតខំប្រឹងប្រែងក្នុងការបំពេញភារកិច្ច ការគោរព និងការចូលរួមបេសកកម្មនេះ គឺជាការរួមចំណែកជាមគ្គុទេសក៍សម្រាប់ជំនាន់ក្រោយ ដើម្បីសន្តិភាពពិភពលោក»

នាឱកាសនោះដែរ នាយឧត្តមសេនីយ៍ បានបន្តថា កងកម្លាំងវិស្វកម្មព្រលានយន្តហោះលេខ៧២៩ និង កងកម្ទេចគ្រាប់មិនទាន់ផ្ទុះលេខ៨២៨ មិនត្រឹមតែជាកងយោធពលខេមរភូមិន្ទប៉ុណ្ណោះទេ អ្នកក៏ជាគ្រួសារមួយរបស់អង្គការសហប្រជាជាតិ លើសពីនោះ អ្នកក៏ជានិមិត្តរូបនៃភាពក្លាហានក្នុងការចូលរួមចំណែក បំពេញភារកិច្ចក្នុងប្រទេសដែលរងជម្លោះ និងអស្ថិរភាព។

នាយឧត្តមសេនីយ៍ សែម សុវណ្ណនី បានលើកឡើងថា ការធ្វើមាតុភូមិនិវត្តន៍នាពេលនេះ បង្ហាញពីការខិតខំពុះពារជម្នះគ្រប់ឧបសគ្គទៅនឹងស្ថានការណ៍ជាក់ស្តែងរបស់វីរយុទ្ធជន និងយុទ្ធនារីរបស់យើង ព្រមទាំងបានវិលត្រឡប់មកវិញប្រកបដោយកាយាមាំមួន រីឯក្រុមគ្រួសារក៏ពោរពេញដោយទឹកមុខញញឹមប្រឹមប្រិយ។

គួរបញ្ជាក់ផងដែរថា រយៈពេល១៧ឆ្នាំមកនេះ កម្ពុជាបានបញ្ជូនកងកម្លាំងនៃកងយោធពលខេមរភូមិន្ទ សរុបចំនួន ៩,២០៧នាក់ ក្នុងនោះនារីចំនួន ៧២៩នាក់ ទៅកាន់បេសកកម្មចំនួន១២ ក្នុងប្រទេសចំនួន១០ មានជាអាទិ៍៖ សាធារណរដ្ឋស៊ូដង់, ស៊ូដង់ខាងត្បូង, ឆាដ, អាហ្វ្រិកកណ្តាល, លីបង់, សាយប្រឺស, ស៊ីរី, ម៉ាលី, យេមេន និងកុងហ្គោ លើជំនាញសំខាន់ៗដូចជាបោសសំអាតមីន, កម្ទេចគ្រឿងផ្ទុះ, ប្រឆាំង-បន្សាបគ្រឿងផ្ទុះកែច្នៃ, កងរាជអាវុធហត្ថ, វិស្វកម្មពហុ ជំនាញ, នាយទាហានសេនាធិការ និងសង្កេតការណ៍យោធា៕