(ភ្នំពេញ)៖ ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ប្រទេសឥណ្ឌូណេស៊ីជាម្ចាស់ផ្ទះ រៀបចំកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានឆ្នាំ២០២៣ បានបន្តកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី១០ (10th ADMM-Plus) ដែលមានការអញ្ជើញចូលរួមពីរដ្ឋមន្រ្តីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិប្រទេសបូក ចំនួន៨មកពី ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ អូស្រ្តាលី ញូហ្សឺឡែន សហព័ន្ធរុស្សី ឥណ្ឌា និងសហរដ្ឋអាមេរិក ក្នុងនោះរដ្ឋមន្ត្រីការពារជាតិប្រទេសទីម័រខាងកើត បានចូលរួមប្រជុំលើកទី១ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី១០ ក្នុងនាមជាអ្នកសង្កេតការណ៍។

នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ អមដោយនាយទាហានជាន់ខ្ពស់ ក្នុងក្រសួងការពារជាតិ ជាច្រើនរូបទៀត បានដឹកនាំគណៈប្រតិភូក្រសួងការពារជាតិកម្ពុជា ចូលរួមកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូក លើកទី១០ នៅទីក្រុងហ្សាកាតា ប្រទេសឥណ្ឌូណេស៊ី។ កិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិអាស៊ាន-បូកលើកទី១០ បានធ្វើការផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ។

កិច្ចប្រជុំបានធ្វើការអនុម័ត សេចក្តីព្រាងសេចក្តីប្រកាសការណ៍រួម ស្តីពីស្ត្រី សន្តិភាព និងសន្តិសុខ ដែលសេចក្តីប្រកាសរួមនេះ បានឆ្លុះបញ្ចាំងពីទស្សនៈ និងផលប្រយោជន៍ទាំងអស់ របស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ព្រមទាំងបានបញ្ជាក់ឡើងវិញ នូវការប្តេជ្ញាចិត្តរួមរបស់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក ក្នុងការពង្រឹងមជ្ឈភាព អាស៊ាន និងការគោរពប្រកាន់ខ្ជាប់នូវគោលការណ៍មូលដ្ឋាន នៃធម្មនុញ្ញអង្គការសហប្រជាជាតិ និងអាស៊ាន ស្របពេលនឹងធ្វើការរួមគ្នាដើម្បីសម្រេចបាននូវរបៀបវារៈរបស់អង្គការសហប្រជាជាតិស្តីពី ស្ត្រី សន្តិភាព និងសន្តិសុខ។

ក្នុងការចូលរួមផ្លាស់ប្ដូរទស្សនៈគ្នាទៅវិញទៅមក លើបញ្ហាសន្តិសុខតំបន់ និងអន្តរជាតិ ក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការពារជាតិ អាស៊ានបូកលើកទី១០ នាយឧត្តមសេនីយ៍ ទៀ សីហា បានថ្លែងអំណរគុណ និងកោតសរសើរយ៉ាងជ្រាលជ្រៅចំពោះការរួមចំណែកដ៏ធំធេងរបស់ រដ្ឋមន្ត្រីការពារជាតិទាំងអស់ ក្នុងការបង្កើនទំនុកចិត្តជាយុទ្ធសាស្ត្រ និងការកសាងអន្តរប្រតិបត្តិការ លើវិស័យការពារជាតិរបស់អាស៊ាន តាមរយៈវេទិកាកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក និងក្រុមការងារជំនាញ។

លោកបានបញ្ជាក់ថា កម្ពុជាតែងតែប្តេជ្ញាចិត្តក្នុងការធ្វើកិច្ចសហប្រតិបត្តិការ ប្រកបដោយការស្ថាបនាជាមួយប្រជាជាតិទាំងអស់ តាមរយៈក្របខ័ណ្ឌទ្វេភាគី តំបន់ និងអន្តរជាតិ ដើម្បីរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព ការអភិវឌ្ឍ ប្រកបដោយចីរភាព និងវិបុលភាពពិភពលោក។ កម្ពុជានៅតែបន្តជំហរយ៉ាងរឹងមាំចំពោះគោលការណ៍នៃការ គោរពអធិបតេយ្យភាព និងផលប្រយោជន៍រួម។ យ៉ាងណាក៏ដោយកម្ពុជា ប្រឆាំងដាច់ខាតនឹងការប្រើកម្លាំងដើម្បីដោះស្រាយបញ្ហា និងការចងសម្ព័នភាពដែលមានគោលបំណងបំផ្លាញគ្នាទៅវិញទៅមក។

នាយឧត្តមសេនីយ៍ ទៀ សីហា បានសង្កត់ធ្ងន់ថា ខណៈពេលដែលសន្តិភាព និងសន្តិសុខរបស់យើងមានភាពប្រទាក់ក្រឡាគ្នា ការរក្សាសន្តិភាពក្នុងតំបន់ គួរតែជាអាទិភាពចម្បងសម្រាប់យើងទាំងអស់គ្នា។ សន្តិភាព គឺជាមូលដ្ឋានគ្រឹះដែលមិនអាចខ្វះបានសម្រាប់ការ ពង្រឹងតំបន់ប្រកបដោយនិរន្តរភាព និងវិបុលភាព។

ជាក់ស្ដែង សមិទ្ធផលសំខាន់ៗរបស់កម្ពុជា រួមមាន ការអភិវឌ្ឍសេដ្ឋកិច្ចសង្គម ភាពរីកចម្រើន ស្ថិរភាពក្នុងប្រទេស និងសណ្ដាប់ធ្នាប់សាធារណៈ សុទ្ធតែជាផ្លែផ្កា នៃសន្តិភាពយូរអង្វែងដែលកើតចេញពីគោលនយោបាយ ឈ្នះ ឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន៕