(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋម​ន្ត្រីនៃកម្ពុជា បានថ្លែងថា ទស្សនរើសអើង និងទស្សនជ្រុលនិយម មិនថានៅក្នុងផ្នែកសាសនា និងផ្នែកនយោបាយនោះទេ គឺត្រូវតែលុបបំបាត់ឱ្យអស់ ដើម្បីរក្សាសុខសន្តិភាព សុខដុមរមនារបស់ប្រជាពលរដ្ឋ និងសាសនិក។

ការថ្លែងបែបនេះធ្វើឡើងក្នុងឱកាសដែលសម្ដេចធិបតី ហ៊ុន​ ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ច័ន្ទមុន្នី អញ្ជើញក្នុងពិធីស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់នៃគណៈមហានិកាយចំនួន១១អង្គ នៅវត្តមុនីសុវណ្ណ ហៅវត្ត​ចចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ នាព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣។

សម្ដេចធិបតីបានឱ្យដឹងថា គោលនយោបាយរបស់រាជរដ្ឋាភិបាល គឺទប់ស្កាត់និងលុបបំបាត់នូវការប្រកាន់គោលជំហររើសអើង ឬមួយទស្សនជ្រុលនិយមមិនឱ្យកើតមាននៅលើទឹកដីកម្ពុជា បូករួមទាំងការចូលរួមរបស់សហគមន៍ផងនោះ ធ្វើឱ្យទូទាំងប្រទេសកម្ពុជាបន្តថែរក្សានូវសុខសន្តិភាព និងសុខដុមរមនាក្នុងវិស័យសាសនា។

សម្ដេចធិបតីបានថ្លែងយ៉ាងដូច្នេះថា «ទស្សនៈនិងគោលការណ៍ជ្រុលនិយម មិនថានៅក្នុងសាសនា ឬនយោបាយ ត្រូវលុបបំបាត់និងបំផ្លាញចោលឱ្យអស់ ព្រោះវាធ្វើឱ្យបែកបាក់សាមគ្គីនៅក្នុងសង្គមជាតិ ដែលជាកត្តាបំផ្លាញនូវសុខសន្តិភាព»។​

សម្ដេចធិបតីបានបន្តថា សង្គ្រាមមិនចាំបាច់កើតឡើងដោយសារអាវុធនោះទេ អ្វីដែលកើតឡើងមុនគេគឺជម្លោះនៅក្នុងចិត្តរបស់មនុស្ស ការប្រកាន់នូវការរើសអើង ការលាបពណ៌គ្នា ការឱ្យស្អប់សញ្ជាតិនេះ សាសនានោះ គឺជាកត្តាដែលធ្វើឱ្យមនុស្សឈានទៅដល់ការស្អប់ និងបង្កជម្លោះ។ ផ្ទុយទៅវិញ ប្រសិនជាមានភាពកក់ក្ដៅ យោគយល់គ្នា ការស្រឡាញ់គ្នា គឺរក្សានូវសុខដុមរមនា ការគោរពគ្នាទៅវិញទៅមក ដែលអាចឱ្យយើងថែរក្សានូវសន្តិភាពបាន។

ក្រោយថ្ងៃរំដោះប្រទេសនិងប្រជាជនកម្ពុជាពីរបបប្រល័យពូជសាសន៍ ប៉ុល ពត នៅថ្ងៃទី៧ ខែមករា ឆ្នាំ១៩៧៩ ជាពិសេសក្រោយពេលកម្ពុជាមានសុខសន្តិភាពពេញតាមរយៈនយោបាយឈ្នះ-ឈ្នះរបស់សម្តេចតេជោ ហ៊ុន សែន មកនោះ គ្រប់សាសនាទាំងអស់នៅកម្ពុជាចាប់ផ្ដើមរស់រានឡើងវិញដូចគ្នា ទទួលឱកាសក្នុងការគោរពប្រតិបត្តិដូចគ្នា និងមានការជំរុញលើកទឹកចិត្តដូចគ្នា ដោយមិនមានការរើសអើងនោះឡើយ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបន្ថែមថា នៅកម្ពុជា អាចនិយាយបានថា «គ្មានសាសនាណាមួយប្រកាន់និន្នាការជ្រុលនិយមនោះទេ ទោះបីនៅក្នុងសាសនានីមួយៗមានការបែងចែកនិកាយផ្សេងៗគ្នាក៏ដោយ»