(ភ្នំពេញ)៖ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា នៅព្រឹកថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានថ្លែងបញ្ជាក់ថា នៅប្រទេសកម្ពុជា គ្មានជម្លោះសាសនានោះទេ ហើយរាជរដ្ឋាភិបាលបានផ្តល់សិទ្ធិពេញលេញ ដល់ប្រជាពលរដ្ឋគ្រប់រូប ក្នុងការគោរពប្រតិបត្តិសាសនាផ្សេងៗ ដោយគ្មានការរើសអើងឡើយ។

សម្តេចនាយករដ្ឋមន្ត្រីបានបង្ហាញនូវមោទនភាព ដែលការគោរពប្រតិបត្តិសាសនា របស់ប្រជាពលរដ្ឋ ទោះបីគោរពសាសនាផ្សេងៗគ្នាក្តី ក៏មិនបានបង្កជាជម្លោះសាសនាឡើយ ខណៈដែលប្រទេសជាច្រើន គ្មានសុខដុមនីយកម្មសាសនា បានបង្កជាជម្លោះបែកបាក់ បង្កើតជាសង្គ្រាមស្លាប់មនុស្សរាប់ពាន់នាក់។

ការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ធ្វើឡើងក្នុងឱកាសអញ្ជើញស្រោចស្រពព្រះសុគន្ធវារី ប្រគេនព្រះមន្ត្រីសង្ឃជាន់ខ្ពស់ គណៈមហានិកាយ នៃព្រះរាជាណាចក្រកម្ពុជាចំនួន១១អង្គ។ ពិធីនេះប្រព្រឹត្តទៅនៅវត្តមុនីសុវណ្ណ ហៅវត្ត ចំពុះក្អែក ក្នុងសង្កាត់ព្រែកថ្មី ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងដូច្នេះថា «ទោះបីជាព្រះពុទ្ធសាសនាជាសាសនារបស់រដ្ឋ សិទ្ធិសេរីភាព និងការគោរពជំនឿសាសនាត្រូវបាន ធានាដោយរដ្ឋធម្មនុញ្ញ ហើយប្រជាពលរដ្ឋគ្រប់រូបមានសិទ្ធិពេញលេញ ក្នុងការគោរពប្រតិបត្តិសាសនា ផ្សេងៗដោយគ្មានការរើសអើងឡើយ រហូតមកដល់ពេលនេះ នៅក្នុងប្រទេសកម្ពុជា យើងគ្មានប្រជាពលរដ្ឋណាម្នាក់ ដែលត្រូវបានធ្វើទុក្ខបុកម្នេញដោយសារតែការ គោរពជំនឿសាសានារបស់ពួកគាត់ឡើយ ផ្ទុយទៅវិញការគោរព និងការប្រតិបត្តិជំនឿសាសនាផ្សេងៗរបស់ប្រជាពលរដ្ឋកម្ពុជាគ្រប់រូប ត្រូវបានធានាការពារនៅក្នុងលក្ខខណ្ឌ ដែលមិនធ្វើឱ្យប៉ះពាល់ដល់ជំនឿ ឬសាសនាដទៃ ក៏ដូចជាដល់សណ្តាប់ធ្នាប់សង្គម និងសន្តិសុខសាធារណៈ»

សម្តេចសង្កត់ធ្ងន់ថា «យើងអាចនិយាយបានថា មិនមានជម្លោះសាសនានៅកម្ពុជាទេ នេះជាតថភាពមួយដែលយើងគួរមានមោទនភាព ព្រោះមានប្រទេសជាច្រើន ដែលមិនអាចធានាបាននូវសុខដុមនីយកម្មសាសនា ដែលពេលខ្លះបានបង្កជម្លោះបែកបាក់រវាងប្រជាជន នៅក្នុងសហគមន៍សាសនា រហូតដល់បង្កើតជាសង្គ្រោម ធ្វើឱ្យមនុស្សរាប់រយរាប់ពាន់នាក់ ត្រូវបានស្លាប់បាត់បង់ជីវិត»

សម្តេចនាយករដ្ឋមន្ត្រីបានថ្លែងទៀតថា នៅកម្ពុជាគ្រប់សាសនាទាំងអស់ បានឆ្លងកាត់នូវស្ថានភាពដូចគ្នា នៅក្នុងរបបប្រល័យពូជសាសនា ប៉ុល ពត សមិទ្ធផលគ្រប់សាសនាមិនថាព្រះសាសនា គ្រឹស្តសាសនា សាសនាឥស្លាម ត្រូវបានបំផ្លាញគ្មានសល់ ទើបក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ សាសនាទាំងអស់ បានរស់ឡើងវិញ ទទួលនូវឱកាសដូចគ្នា សិទ្ធិដូចគ្នា។

ជាមួយគ្នានេះ សម្តេចធិបតី ហ៊ុន ម៉ាណែត បានអំពាវនាវដល់គណៈទាំងពីរនិកាយនៃព្រះពុទ្ធសាសនា ចូលរួមជាមួយក្រសួងធម្មការ និងសាសនា រួមគ្នារក្សាសុខដុមនីយកម្មសាសនា និងចូលរួមផ្សព្វផ្សាយពុទ្ធសាសនា លើកកម្ពស់សីលធម៌សង្គម៕