(បន្ទាយមានជ័យ)៖ លោកទេសរដ្ឋមន្ដ្រី សេរី កុសល អនុប្រធានទី១អាជ្ញាធរមីន បានដាស់តឿនដល់កងកម្លាំងប្រដាប់អាវុធទាំងអស់ ត្រូវលើកយកបញ្ហាគ្រោះថ្នាក់ដោយសារមីន និងសំណល់ជាតិផ្ទុះពីសង្គ្រាម ជាបញ្ហាអាទិភាពសម្រាប់បញ្ជ្រាបដល់ប្រជាពលរដ្ឋ ដើម្បីបញ្ចៀសគ្រោះថ្នាក់សម្រាប់ប្រជាពលរដ្ឋ។
លោកទេសរដ្ឋមន្ដ្រីលើកឡើងដូច្នេះក្នុងជំនួបសំណេះសំណាល់សាកសួរសុខទុក្ខ ជាមួយជនពិការ ដែលរងគ្រោះដោយសារមីន នៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ នៅភូមិតាមាំង ឃុំគោករមៀត ស្រុកថ្មពក់ ខេត្តបន្ទាយមានជ័យ។ លោកទេសរដ្ឋមន្ដ្រី ក៏បានស្នើដល់មន្ដ្រី CMAC ប្រចាំខេត្តបន្ទាយមានជ័យ ត្រូវពិនិត្យផែនការដោះមីន ដើម្បីបោសសម្អាតមីន និងយុទ្ធភ័ណ្ឌមិនទាន់ផ្ទុះទាំងអស់។
លោកទេសរដ្ឋមន្ដ្រី ក៏បាននាំយកនូវការផ្តាំផ្ញើសាកសួរសុខទុក្ខដល់បងប្អូនប្រជាពលរដ្ឋពីសំណាក់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រី នៃកម្ពុជា និងថវិកាជូនប្រជាពលរដ្ឋចូលរួម ១០៥នាក់ ដោយក្នុងនោះម្នាក់ៗទទួលបានថវិកា ២០,០០០រៀល ព្រមទាំងអាជ្ញាធរមូលដ្ឋាន ១០នាក់ ម្នាក់ៗទទួលបាន៤០,០០០រៀល។
លោកទេសរដ្ឋមន្រ្តី ក៏បានផ្ដល់ជូនគ្រឿងឧបភោគបរិភោគ ដល់ជនពិការដោយសារមីន និងពលរដ្ឋដែលមានជីវភាពក្រីក្រលំបាក៥នាក់ ដោយក្នុងនោះម្នាក់ៗទទួលបានអង្ករ ៥០គីឡូកា្រម មី ១កេស ត្រីខ ១យួរ ទឹកក្រូច១កេស ទឹកផ្លែឈើ១កេស ទឹកត្រី ១យួរ ទឹកស៊ីអ៊ីវ១យួរ ទឹកសុទ្ធកេស និងថវិកា ២០០,០០០រៀល។
ជាចុងក្រោយលោក សេរី កុសល បានបន្តដំណើរចុះទៅសាកសួរសុខទុក្ខ និងនាំយកគ្រឿងឧបភោគបរិភោគ ព្រមទាំងថវិកាទៅចែកជនរងគ្រោះដោយសារផ្ទុះមីនកាលពីថ្ងៃ១២ ខែសីហា ឆ្នាំ២០១៦កន្លងទៅ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យបង្អែកខេត្ត៕