(ភ្នំពេញ)៖ តបតាមការអញ្ចើញរបស់ក្រសួងគ្រប់គ្រងគ្រោះអាសន្នចិន នៅយប់ថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ លោកកិត្តិសង្គហបណ្ឌិត គន់ គីម ទេសរដ្ឋមន្ត្រី អនុប្រធានទី១ គណៈកម្មាធិការជាតិគ្រប់គ្រងគ្រោះមហន្តរាយ បានអញ្ជើញចូលរួមក្នុងវេទិកាខ្សែក្រវាត់ និងផ្លូវ ថ្នាក់រដ្ឋមន្ត្រី សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ ក្នុងការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ និងការគ្រប់គ្រងគ្រោះអាសន្ន ឆ្នាំ២០២៣ ក្រោមប្រធានបទ «ការគ្រប់គ្រងគ្រោះអាសន្ន៖ សុវត្ថិភាព និងការត្រៀមបង្ការជាមុន» តាមប្រព័ន្ធវីដេអូ។

កិច្ចប្រជុំ​នេះ​ប្រព្រឹត្តក្រោមអធិបតីភាពលោក លីវ គួរជុង ឧបនាយករដ្ឋមន្រ្តី នៃសាធារណរដ្ឋប្រជាមានិតចិន និងមានការអញ្ជើញចូលរួមវេទិកានេះ តាមប្រព័ន្ធវីដេអូ មានឥស្សរជន សំខាន់ៗ ទទួលបន្ទុកអាជ្ញាធររដ្ឋាភិបាល សម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ សុវត្ថិភាពនៅកន្លែងធ្វើការ និងការសង្គ្រោះបន្ទាន់នៃប្រទេសជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ទីភ្នាក់ងារសហប្រជាជាតិ អង្គការ អន្តរជាតិ ឯកអគ្គរដ្ឋទូត នៃបណ្តាប្រទេសជាសមាជិក នៃគំនិតផ្តួចផ្តើម ខ្សែក្រវ៉ាត់ និងផ្លូវ ប្រចាំប្រទេសចិន និងអ្នកតំណាងមកពីការិយាល័យអង្គការអន្តរជាតិនានារបស់ប្រទេសចិន ចូលរួមដោយផ្ទាល់ផងដែរ។

ក្នុងឪកាសនោះលោកកិត្តិសង្គហបណ្ឌិត គន់ គីម បានសម្តែងនូវក្តីអំណរសាទរ និងកោតសរសើរយ៉ាងជ្រាលជ្រៅ ចំពោះរដ្ឋាភិបាលនៃសាធារណរដ្ឋប្រជាមានិតចិន និងបណ្តាប្រទេសចូលរួមក្នុងគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនៅក្នុងឱកាសនៃការរំលឹកខួបគម្រប់១០ឆ្នាំ នៃគំនិតផ្តួចផ្តើមដ៏សំខាន់នេះ និងបានរៀបចំវេទិកាខ្សែក្រវាត់និងផ្លូវ សម្រាប់កិច្ចសហប្រតិបត្តិការអន្តរជាតិ លើកទី៣ ប្រកបដោយជោគជ័យ ដើម្បីពិភពលោកវិបុលភាព តាមរយៈការតភ្ជាប់ដ៏រឹងមាំ ទាំងផែ្នកទន់ និងផ្នែករឹង។

លោកកិត្តិសង្គហបណ្ឌិត ក៏បានគូសបញ្ជាក់ផងដែរ អំពីសារៈសំខាន់នៃគំនិតផ្តួចផ្តើម ខ្សែក្រវាត់ និងផ្លូវនេះ បានផ្តល់អត្ថប្រយោជន៍ជាច្រើន ដល់ប្រទេសកំពុងអភិវឌ្ឍន៍ រួមទាំងកម្ពុជា ក្នុងនោះរួមមាន ការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ ការវិនិយោគផ្ទាល់ពីបរទេស កំណើនសេដ្ឋកិច្ច ការធ្វើសមាហរណកម្មក្នុងតំបន់ និងសកលលោក និងការផ្លាស់ប្តូរប្រជាជន និងប្រជាជន។

បន្ថែមពីនេះលោកកិត្តិសង្គហបណ្ឌិត គន់ គីម មានប្រសាសន៍ថា កម្ពុជាសូមបញ្ជាក់ពីការគាំទ្រពេញទំហឹង និងការត្រៀមខ្លួនរួចជាស្រេចរបស់ខ្លួន ដើម្បីរួមគ្នាអនុវត្តសកម្មភាពសំខាន់ៗ នៃការកសាងបណ្តាញតភ្ជាប់ពហុវិស័យ ខ្សែក្រវាត់ និងផ្លូវ, អនុវត្តកិច្ចសហប្រតិបត្តិការជាក់ស្តែង, ការជំរុញការអភិវឌ្ឍបៃតង, ការជំរុញនវានុវត្តន៍ផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា, ការគាំទ្រការផ្លាស់ប្តូរប្រជាជន និង ប្រជាជន, លើកកម្ពស់កិច្ចសហប្រតិបត្តិការខ្សែក្រវាត់ និងផ្លូវ ដែលឈរលើមូលដ្ឋាននៃ សុចរិតភាព និងការអភិវឌ្ឍស្ថាប័ន តាមរយៈការបង្កើតមជ្ឈមណ្ឌលអាស៊ាន-ចិន សម្រាប់ កិច្ចសហប្រតិបត្តិការគ្រប់គ្រងគ្រោះអាសន្ន ដើម្បីរួមចំណែកកាន់តែច្រើនទៀត ក្នុងការការពារអាយុជីវិត និងទ្រព្យសម្បត្តិរបស់ប្រជាជន និងការកសាងសហគមន៍វាសនារួមសម្រាប់មនុស្សជាតិ៕