(ឥណ្ឌូណេស៊ី)៖ លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានអញ្ជើញចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូក (ADMM-Plus) នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី។

នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន ក៏បានរាយការណ៍ជូនបណ្ដារដ្ឋមន្ត្រីការពារជាតិ អំពីការវិវត្តន៍ចុងក្រោយនៅក្នុងអាស៊ាន រួមទាំងលទ្ធផលសំខាន់ៗនៃកិច្ចប្រជុំកំពូលអាស៊ានលើកទី ៤៣ កាលពីខែកញ្ញា ឆ្នាំ២០២៣ផងដែរ។ លោកក៏បានកោតសរសើរពីការងារដ៏មានសារៈសំខាន់នៃ ADMM-Plus  តាមរយៈក្រុមការងារជំនាញ ដែលបានជួយពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ក្នុងចំណោមប្រទេសចូលរួមក្នុង ADMM-Plus ក៏ដូចជាបានចូលរួមចំណែកដ៏វិជ្ជមានដល់កិច្ចខិតខំប្រឹងប្រែងកសាងសហគមន៍អាស៊ាន។

នាព្រឹកនេះដែរលោកបណ្ឌិត កៅ គឹមហួន ក៏បានអញ្ជើញញជួបពិភាក្សាការងារជាមួយ Patrick Conroy រដ្ឋមន្ត្រីទទួលបន្ទុកឧស្សាហកម្មការពារជាតិអូស្ត្រាលី ក្នុងឱកាសចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកលើកទី១០។ នៅក្នុងឱកាសនោះភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈស្តីពីបញ្ហាសន្តិសុខតំបន់ និងទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ាន-អូស្ត្រាលី។

លោកបណ្ឌិត កៅ គឹមហួន ក៏បានបន្តជួបពិភាក្សាទ្វេភាគីជាមួយលោកបណ្ឌិត Gilberto Teodoro Jr. រដ្ឋមន្ត្រីការពារជាតិហ្វីលីពីន។ នៅក្នុងឱកាសនោះលោកបណ្ឌិត កៅ គឹមហួន បានកោតសរសើរចំពោះការចូលរួមចំណែកយ៉ាងសកម្មរបស់ហ្វីលីពីន នៅក្នុងភាពរីកចម្រើននៃកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិ នៅក្នុងអាស៊ាន។ ភាគីទាំងពីរក៏បានពិភាក្សាអំពី ទិសដៅបន្តសម្រាប់កិច្ចប្រជុំរដ្ឋមន្ត្រីការពារជាតិអាស៊ាន និងរដ្ឋមន្ត្រីការពារជាតិអាស៊ានបូកផងដែរ។

នៅរសៀលថ្ងៃដដែលនេះដែរនៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយ ដាតុ Seri Utama Haji Mohamad bin Haji Hasan រដ្ឋមន្ត្រីការពារជាតិម៉ាឡេស៊ី។ លោកអគ្គលេខាធិការអាស៊ាន ក៏បានគូសបញ្ជាក់ពីតម្រូវការក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិជាក់ស្តែង នៅក្នុងចំណោមប្រទេសសមាជិកអាស៊ាន និងប្រទេសបូក ជាពិសេស ក្នុងវិស័យជំនួយមនុស្សធម៌ និងការគ្រប់គ្រងគ្រោះមហន្តរាយ សន្តិសុខតាមប្រព័ន្ធអ៊ីនធឺរណែត និងការប្រឆាំងភេរវកម្មជាដើម។

នៅរសៀលថ្ងៃព្រហស្បតិ៍ទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយលោក Alexander Fomin អនុរដ្ឋមន្ត្រីការពារជាតិរុស្ស៉ី។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីបញ្ហាសន្តិសុខតំបន់ និងសកលលោក ព្រមទាំងបានគូសបញ្ជាក់ពីតម្រូវការដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង នៅក្នុងចំណោមប្រទេស ADMM-Plus ផងដែរ។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយឧត្តមសេនីយ Dato Paduka Seri Haji Awang Halbi bin Haji Mohd Yussof  រដ្ឋមន្ត្រីទីស្តីការនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីការពារជាតិទី ២ របស់ព្រុយណេ។ នៅក្នុងឱកាសនោះ ភាគីទាំងពីរបានផ្លាស់ប្តូរទស្សនៈអំពីការប្រឈមផ្នែកសន្តិសុខពេលបច្ចុប្បន្ន នៅក្នុងតំបន់ និងបានពិភាក្សាពីទិសដៅបន្តសម្រាប់កិច្ចសហប្រតិបត្តិការផ្នែកការពារជាតិអាស៊ាន។

លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន ក៏បានអញ្ជើញជួបពិភាក្សាការងារជាមួយលោកបណ្ឌិត  Donaciano Do Rosario Da Costa Gomes រដ្ឋមន្ត្រីការពារជាតិទីម័រខាងកើត។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានស្វាគមន៍ចំពោះការចូលរួមលើកដំបូង ក្នុងកិច្ចប្រជុំ ADMM និង ADMM-Plus របស់ទីម័រខាងកើត ក្នុងនាមជាអ្នកសង្កេតការណ៍។ លោកបណ្ឌិត កៅ គឹមហួន បានលើកទឹកចិត្តឱ្យទីម័រខាងកើតចូលរួមយ៉ាងសកម្មក្នុងកិច្ចប្រជុំ និងសកម្មភាពនានា នៅក្នុងវិស័យការពារជាតិអាស៊ាន។

ជាមួយគ្នានោះនៅល្ងាចថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅទីក្រុងហ្សាការតា សាធារណរដ្ឋឥណ្ឌូណេស៊ី លោកបណ្ឌិត កៅ គឹមហួន អគ្គលេខាធិការអាស៊ាន បានអញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តម Shri Rajnath Singh រដ្ឋមន្ត្រីការពារជាតិឥណ្ឌា។ នៅក្នុងឱកាសនោះលោកអគ្គលេខាធិការអាស៊ាន បានគូសបញ្ជាក់ពីសារៈសំខាន់ជាយុទ្ធសាស្ត្រនៃទំនាក់ទំនងអាស៊ាន-ឥណ្ឌា ក្នុងការរក្សាសន្តិភាព ស្ថិរភាព និងសន្តិសុខនៅក្នុងតំបន់ ហើយបានលើកទឹកចិត្តឱ្យមានកិច្ចសហប្រតិបត្តិការផ្នែកការពារជាតិកាន់តែជិតស្និទ្ធ រវាងអាស៊ាន និងឥណ្ឌាផងដែរ៕