(ភ្នំពេញ)៖ ប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) លោក ស៊ិក ប៊ុនហុក បានថ្លែងថា បើតាមអាយុរបស់លោក គឺត្រូវ ដល់ពេលសម្រាកហើយ ប៉ុន្តែដោយសារតែចង់ឃើញប្រទេសជាតិមានស្ថេរភាព និងមានការគោរពមនុស្សគ្រប់ និងគ្មានសត្រូវនៅក្នុងសង្គម ទើបរូបលោកបន្តកាន់តំណែងជាប្រធាន គ.ជ.ប ដើម្បីរៀបចំស្ថាប័ន្ធ និងដំណើរការ នៃការបោះឆ្នោតនៅកម្ពុជា។
ក្នុងពិធីប្រកាសដាក់ឲ្យដំណើរការជាផ្លូវនូវប្រព័ន្ធចុះបញ្ជីឈ្មោះបោះឆ្នោតថ្មីតាមប្រព័ន្ធកុំព្យូទ័រនៅរសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦នេះ លោក ស៊ិក ប៊ុនហុក ដែលបច្ចុប្បន្នមានវ័យ ៧០ឆ្នាំហើយនោះ បានថ្លែងថា «អ៊ុំបើគិតអាយុមិនគួរប្រឹងប៉ុណ្ណឹង! បើតាមអាយុគេឲ្យចូលសម្រាកហើយ ប៉ុន្តែដោយសារចង់ឃើញប្រទេសជាតិមានស្ថេរភាពមានការគោរពមនុស្សគ្រប់រូប គ្មានសត្រូវនៅក្នុងសង្គម គោរពសិទ្ធគេ គេចេញមតិ ហើយធ្វើឲ្យបានត្រឹមត្រូវ ហើយយុត្តិធម៌បំផុត។ នេះហើយជាបំណងប្រាថ្នារបស់អ៊ុំផ្ទាល់»។
លោក ស៊ិក ប៊ុនហុក កើតនៅថ្ងៃទី០១ ខែឧសភា ឆ្នាំ១៩៤៦ មានស្រុកកំណើត នៅភូមិព្រែកព្រះស្តេច ឃុំស្វាយប៉ោ ស្រុកសង្កែ ខេត្តបាត់ដំបង។ បច្ចុប្បន្នស្នាក់នៅផ្ទះលេខ១១ ផ្លូវ៤៤៨ ភូមិ៧ សង្កាត់បឹងកេងកង៣ ខណ្ឌចំការមន រាជធានីភ្នំពេញ។ លោកជាតំណាងរាស្ត្រមណ្ឌលកំពង់ធំ នៃគណបក្សប្រជាជនកម្ពុជា។
លោក ស៊ិក ប៊ុនហុក បានបញ្ចប់ការសិក្សាមធ្យមសិក្សាប័ត្រភាគទី២ (Bac II) ធ្លាប់បានធ្វើជាសាស្ត្រាចារ្យមធ្យមសិក្សាបឋមភូមិ និង បានបញ្ចាប់ការសិក្សាឧត្តមសិក្សាទស្សនៈវិជ្ជា។
លោក ស៊ិក ប៊ុនហុក បានបញ្ចប់ការសិក្សាសញ្ញាប័ត្រជាន់ខ្ពស់ការងារវប្បធម៌ សញ្ញាប័ត្រឧត្តមសិក្សាវិទ្យាសាស្ត្រនយោបាយសង្គម (បណ្ឌិតសភាវិទ្យានយោបាយទីក្រុង Moscou) សញ្ញាប័ត្ររដ្ឋបាលវប្បធម៌ ក្រសួងវប្បធម៌បារាំង។
សម្រាប់បទពិសោធន៍ការងារវិញ នៅឆ្នាំ១៩៦៧ បានធ្វើជាសាស្ត្រចារ្យភាសាបារាំង-ខ្មែរ នៅវិទ្យាល័យព្រះមុនីវង្ស បាត់ដំបង។ ឆ្នាំ១៩៦៧ ដល់ឆ្នាំ១៩៧២ ធ្វើនាយកវិទ្យាល័យមោងឫស្សី បាត់ដំបង។
ឆ្នាំ១៩៧២ ដល់ឆ្នាំ១៩៧៥ ជាអ្នកតំណាងរាស្ត្រ នៅសភាជាតិ ជាប្រធានគណៈកម្មការនីតិកម្ម។ ពីឆ្នាំ១៩៧៥ ដល់ឆ្នាំ១៩៧៩ ជាកសិករភូមិពពឹង ស្រុកសណ្តាន់ ខេត្តកំពង់ធំ។ ពីឆ្នាំ១៩៧៩ ដល់១៩៨៤ ប្រធានទីរួមខេត្តកំពង់ធំ។ ពីឆ្នាំ១៩៨៤ ដល់ឆ្នាំ១៩៩៣ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យវិចិត្រសិល្បៈភ្នំពេញ។
ពីឆ្នាំ១៩៩៣ ដល់ឆ្នាំ១៩៩៨ អគ្គនាយកបច្ចេកទេស ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ។ ពីឆ្នាំ១៩៩៨ ដល់ឆ្នាំ២០០០ ទីប្រឹក្សាច្បាប់ប្រធាន គ.ជ.ប។ ពីឆ្នាំ២០០០ ដល់ឆ្នាំ២០០៧ ទីប្រឹក្សាច្បាប់លោក ងួន ញិល អនុប្រធានទី១ រដ្ឋសភា។ ពីឆ្នាំ២០០៧ ដល់បច្ចុប្បន្ន ជាអ្នកតំណាងរាស្ត្រមណ្ឌលកំពង់ធំ។
លោក ស៊ិក ប៊ុនហុក ត្រូវបានរដ្ឋសភាបោះឆ្នោតជ្រើសតាំងជាប្រធានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតកាលពីខែមេសា ឆ្នាំ២០១៥៕