(សៀមរាប)៖ មូលនិធិកូរ៉េសម្រាប់ថែទាំសុខភាពអន្តរជាតិ កូហ្វី (KOFIH) រៀបចំសិក្ខាសិលាស្តីពីការពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៣ និងរៀបចំផែនការឆ្នាំ២០២៤ សម្រាប់ការអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺមិនឆ្លង ដល់មន្រ្តីសុខាភិបាល មកពីខេត្តបាត់ដំបង ខេត្តពោធិ៍សាត់ និងខេត្តប៉ៃលិន ចំនួន ១៣០នាក់ រយៈពេល៣ ចាប់ពីថ្ងៃទី១៥ ដល់១៧ ខែវិច្ឆិកា ឆ្នាំ២០២៣ នៅសណ្ឋាគារសោម៉ាទេវី ខេត្តសៀមរាប។​

សិក្ខាសាលា​នេះធ្វើឡើងដើម្បីពិនិត្យលទ្ធផលប្រចាំឆ្នាំ២០២៣ និងរៀបចំផែនការឆ្នាំ២០២៤ សម្រាប់ការអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺមិនឆ្លង ក្រោមអធិបតីភាពលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន រដ្ឋលេខាធិការនៃ​ក្រសួងសុខាភិបាល និងលោក សុង យ៉ុងហ្គឹន​ (SONG Yonggun) នាយកប្រចាំប្រទេសកម្ពុជារបស់មូលនិធិកូរ៉េសម្រាប់ការថែទាំសុខភាពអន្តរជាតិ (កូហ្វី) និងប្រធានមន្ទីរសុខាភិបាលខេត្តទាំង៣ ព្រមទាំងមន្រ្តីសុខាភិបាល ជាច្រើនចូលរួមផងដែរ។

ក្នុងឱកាសនោះដែរលោក សុង យ៉ុងហ្គឹន​ បានលើកឡើងថា ជំងឺមិនឆ្លងកំពុងក្លាយជាក្តីបារម្មណ៍សម្រាប់ប្រទេសកម្ពុជា ហើយមានអង្គការដៃគូរសុខភាពជាច្រើនកំពុងចាប់ផ្តើមកម្មវិធីប្រយុទ្ធប្រឆាំងនឹងជំងឺមិនឆ្លងនេះ»។ លោកបន្តថា​ កូហ្វី បានសហការជាមួយក្រសួងសុខាភិបាល បន្តកម្មវិធីរបស់ខ្លួនសម្រាប់រយៈពេល ៥ឆ្នាំបន្ថែមទៀត (២០២១-២០២៥) ទៅលើគម្រោង «ការអនុវត្តកម្មវិធីធ្វើឱ្យប្រសើរឡើងនូវគុណភាពសេវាថែទាំសុខភាព និងការពង្រឹងការគ្រប់គ្រងជំងឺមិនឆ្លង» បន្ទាប់ពីបានបញ្ចប់គម្រោង «ការថែទាំសុខភាពមាតា កុមារ និងទារក» ដែលបានចាប់ផ្តើមតាំងពីឆ្នាំ២០១១ នៅតំបន់ភាគខាងលិចនៃប្រទេសកម្ពុជា។ ​

លោក សុង យ៉ុងហ្គឹន​ បានបន្តថា កូហ្វី មានសេចក្តីរីករាយដោយយមានការគាំទ្រពីក្រសួងសុខាភិបាលកម្ពុជា ក្នុងការប្រយុទ្ធប្រឆាំងនៃជំងឹមិនឆ្លង និងអរគុណដល់មន្ទីរសុខាភិបាល មន្ទីរពេទ្យ និងមណ្ឌលសុខភាពទាំងអស់នៃខេត្តទាំងបី ដែលបានប្តេជ្ញាចិត្តអនុវត្តទៅលើគម្រោងជំងឺមិនឆ្លងនេះ។

នាឱកាសនោះលោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានលើកឡើងថា គោលនយោបាយរបស់រាជរដ្ឋាភិបាលអាណត្តិទី៧ លោកកំពុងដាក់ចេញឲ្យអនុវត្តគឺជាការល្អប្រសើរ ដោយសារសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី បានផ្តល់អទិភាពខ្ពស់ដល់វិស័យសុខាភិបាល។ លោកស្រីវេជ្ជបណ្ឌិត បន្តថាលោកសាស្រ្តាចារ្យ ឈាង រ៉ា រដ្ឋមន្រ្តីក្រសួងសុខាភិបាល ក៏លោកបានដាក់ចេញនូវចក្ខុវិស័យក្នុងការកែលម្អ គុណភាព សេវាសុខាភិបាល និយាយដូច្នេះ មិនម៉ែនក្រុមគ្រូពេទ្យរបស់យើងធ្វើមិនបានល្អនោះទេ តែនៅមានចំណុចខ្វះខាតតិចតួច គឺរាជរដ្ឋាភិបាល ផ្តោតទៅលើការផ្តល់សេវាសុខាភិបាលដល់ប្រជាពលរដ្ឋ។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបន្តថា ប្រសិនបើយើងធ្វើឲ្យប្រសើរឡើងនូវតាមមណ្ឌលសុខភាពទាំង ១៣៧មណ្ឌល ក្នុងខេត្តដែលបានមកចូលរួមសិក្ខាសិលានាពេលនេះ ហើយក៏ជាគោលមួយស្របពេលដែលយើងទាំងអស់គ្នាកំពុងតែធ្វើផែនការ និងជាពេលវេលាដ៏បំផុត ហើយសូមឲ្យគ្រូពេទ្យយើងយកទៅពិចារណា ក្នុងការរៀបចំជាផែនការអនុវត្តរបស់ខ្លួនឲ្យត្រូវទៅតាមអ្វីដែលជាទិសដៅ និងគោលបំណងដែលបានដាក់ចេញដោយក្រសួងសុខាភិបាល ក៏ដូចជារាជរដ្ឋាភិបាលកម្ពុជា។

លោកស្រីវេជ្ជបណ្ឌិត ឱ វណ្ណឌី​ន បានបញ្ជាក់ថា ថ្នាក់ដឹកនាំក្រសួងសុខាភោបាល បានចុះទៅមើលមន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព កាលដែលថ្នាក់ដឹកនាំក្រសួងចុះទៅនេះ គឺដើម្បីជួយគាំទ្រ ប្រសិនបើយើងមានផលលំបាក ឬក៏បញ្ហាអ្វីដែលធ្វើឲ្យដំណើរការ មន្ទីរពេទ្យបង្អែកខេត្ត មន្ទីរពេទ្យបង្អែកស្រុក និងមណ្ឌលសុខភាព ដែលមិនបានដំណើរការរលូននោះ យើងអាចជជែកជាមួយពួកគាត់ឲ្យជួយគាំទ្រ បើសិនគាត់អាចដោះស្រាយបាន គឺគាត់នឹងដោះស្រាយ ប្រសិនបើដោះស្រាយមិនបាន គាត់នឹងពាំនាំទៅថ្នាក់លើបន្តទៀតផងដែរ៕