(ហ្សឺណែវ)៖ ឧត្តមស្នងការអង្គការសហប្រជាជាតិ ទទួលបន្ទុកសិទ្ធិមនុស្ស បាននិយាយនៅថ្ងៃព្រហស្បតិ៍សប្តាហ៍នេះថា ជំងឺរាតត្បាត និងភាពអត់ឃ្លាន ហាក់ដូចជា «ជៀសមិនរួចឡើយ» នៅក្នុងតំបន់ហ្គាហ្សា ប៉ុន្មានសប្តាហ៍បន្ទាប់ពីការវាយលុករបស់អ៊ីស្រាអែល លើតំបន់ប៉ាឡេស្ទីន ដែលមានប្រជាជនរស់នៅច្រើនកុះករ។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

ថ្លែងនៅក្នុងសន្និសីទសារព័ត៌មានក្រៅផ្លូវការមួយ ទៅកាន់បណ្តាប្រទេសនៅអង្គការសហប្រជាជាតិក្នុងទីក្រុងហ្សឺណែវ បន្ទាប់ពីបានទៅបំពេញទស្សនកិច្ចនៅមជ្ឈិមបូព៌ា លោក Volker Türk បាននិយាយថា ការខ្វះខាតប្រេងឥន្ធនៈនឹងមានផលប៉ះពាល់ជា «មហន្តរាយ» នៅទូទាំងតំបន់ហ្គាហ្សា។ ហើយវានឹងនាំទៅដល់ការដួលរលំនៃប្រព័ន្ធអនាម័យ និងការថែទាំសុខភាព។

ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សរូបនេះ បានសង្កត់ធ្ងន់ថា «ការរីករាលដាលនៃជំងឺឆ្លង និងភាពអត់ឃ្លាន ហាក់ដូចជាជៀសមិនរួចទេ»។

ចំណែកឯ អង្គការសុខភាពពិភពលោកក៏បានព្រមានអំពី «និន្នាការគួរឱ្យព្រួយបារម្ភ» ក្នុងការរីករាលដាលនៃជំងឺនៅតំបន់ហ្គាហ្សា ដោយនិយាយថា មានចំនួនករណីជំងឺរាគរូសខ្ពស់ខុសពីធម្មតា។

មេសិទ្ធិមនុស្សរបស់ UN និយាយថា សន្តិភាពយូរអង្វែងគឺមិនអាចទៅរួចទេ បើគ្មានការបញ្ចប់ការរំលោភសិទ្ធិមនុស្សដែលកំពុងបន្ត និងបានពណ៌នាការទម្លាក់គ្រាប់បែករបស់អ៊ីស្រាអែលថា «ខ្លាំងក្លាដែលកម្រឃើញក្នុងសតវត្សរ៍នេះ» ជាមួយនឹងការសម្តែងការព្រួយបារម្ភអំពីការបង្កើនអំពើហិង្សា និងការរើសអើងប្រឆាំងនឹងប៉ាឡេស្ទីននៅក្នុងតំបន់ West Bank ដែលកាន់កាប់ រួមទាំងក្រុងហ្សេរុយសាឡឹមខាងកើតផងដែរ»៕