(ភ្នំពេញ)៖ ក្រសួងឧស្សាហកម្ម និងសិប្បកម្ម បានរៀបចំពិធីប្រគល់វិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ការពារកម្មសិទ្ធបញ្ញា ជូនវិចិត្រករ រឿម ប៊ុនហាក់ សម្រាប់ការរកឃើញ វិធីសាស្ត្រនៃការគូររូបភាព ដោយប្រើប្រាស់ដែកក្បាលមាន់ ដុតឲ្យក្តៅគូរលើស្លឹកត្នោតស្ងួត ក្រោមអធិបតីភាព លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម និងសិប្បកម្មនាសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅក្នុងសាលប្រជុំនៃរដ្ឋាករទឹកស្វយ័តក្រុងភ្នំពេញ។
ថ្លែងក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រី ចម ប្រសិទ្ធ បានកោតសរសើរ ចំពោះទេពកោសល្យរបស់លោក រឿម ប៊ុនហាក់ ដែលជាការរកឃើញដំបូង សម្រាប់វិចិត្រករខ្មែរ ហើយក៏ជាការលើកមុខមាត់ សម្រាប់ជនជាតិខ្មែរ ព្រោះគំនូរដែលលោកគូររួច មិនត្រឹមតែទទួលបានការគាំទ្រ ពីប្រជាជនខ្មែរប៉ុណ្ណោះទេ តែក៏ទទួលបានការចាប់អារម្មណ៍ និងកោតសរសើរយ៉ាងខ្លាំង ពីភ្ញៀវបរទេសផងដែរ។
លោកទេសរដ្ឋមន្ត្រី ក៏បានបន្ថែមទៀតថា ដើម្បីឲ្យវិស័យផលិតកម្មក្នុងស្រុក អាចរីកចម្រើនទៅមុខលឿន វិស្វករ ផលិតករ វិចិត្រករ ក៏ដូចជាសិប្បករខ្មែរទាំងអស់ ត្រូវខិតខំធ្វើយ៉ាងណា រិះរកនូវការបង្កើតថ្មី ប្រកបដោយភាពច្នៃប្រឌិតខ្ពស់ ដើម្បីលើកតម្កើងឲ្យផលិតកម្មក្នុងស្រុកផង និងក៏ជាមុខមាត់របស់ប្រទេសជាតិផង។ ជាងនេះទៅទៀត លោកទេសរដ្ឋមន្ត្រី បានជម្រុញឲ្យ វិស្វករ ផលិតករ សិប្បករខ្មែរទាំងឡាយណា ដែលបានរកឃើញនូវការបង្កើតថ្មីនានា ត្រូវរួសរាន់យកស្នាដៃរបស់ខ្លួន មកចុះបញ្ជីដើម្បីស្នើសុំការការពារផ្នែកច្បាប់ ទៅលើអ្វីដែលជាស្នាដៃផ្ទាល់ខ្លួនរបស់ពួកគេ ដែលមិនបានលួចចម្លងពីអ្នកដទៃ។
ដោយឡែកតាមការឲ្យដឹង ពីលោក រឿម ប៊ុនហាក់ វិចិត្រករ កំឡោចរូបគំនូរលើស្លឹកត្នោត បានបញ្ជាក់ថា លោករកឃើញនៅវិធីសាស្ត្រថ្មី ក្នុងការយកកម្តៅភ្លើងធ្យូង មកកំឡោចលើស្លឹកត្នោត ឲ្យចេញជារូបគំនូរយ៉ាងរស់រវើកនេះ តាំងពីឆ្នាំ២០០៧ មកម្ល៉េះ គឺនៅពេលដែលលោកធ្វើជា អ្នករត់តុគុយទាវឲ្យឪពុកមារបស់លោក។ នៅពេលដែលលោកប្រមូលសម្រាម នៅខាងមុខហាងគុយទាវ យកទៅដុត ដែលសម្រាមទាំងនោះ ក៏មានលាយស្លឹកត្នោតផងដែរ ដែលធ្វើឲ្យចំហេះនៃសម្រាមទាំងនោះ មានក្លិនឆ្ងុយម្យ៉ាង ដែលជាក្លិននៃចំហេះស្លឹកត្នោត។
លោកបន្តថា ដោយសារតែហេតុនេះហើយ ទើបធ្វើឲ្យលោកមានការចាប់អារម្មណ៍ និងដោយសារលោកមានទេព្យកោសល្យ ផ្នែកគំនូរស្រាប់ លោកក៏បានសាកល្បង យកដែកទៅដុតឲ្យក្តៅ ហើយរោលទៅលើស្លឹកត្នោត ដើម្បីឲ្យចេញជារូបគំនូរផ្សេងៗ។ នៅដំណាក់កាលដំបូង វាពិតជាមានការលំបាក និងទាមទាឲ្យមានការអត់ធ្មត់ជាខ្លាំង ដើម្បីអភិវឌ្ឍន៍វិធីសាស្ត្រគូរឲ្យមានភាពរលូន ដូចការយកជក់ ឬខ្មៅដៃគូរនៅលើក្រដាស ដែលលោកត្រូវប្រើពេលវេលាជាច្រើនឆ្នាំ ដើម្បីឲ្យមានភាពស្ទាត់ជំនាញ ដូចសព្វថ្ងៃនេះ។
គួរបញ្ជាក់ផងដែរថា វិញ្ញាបនបត្រដែល វិចិត្រករ រឿម ប៊ុនហាក់ ទទួលបានក្នុងថ្ងៃនេះ គឺជាវិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្មការពារកម្មសិទ្ធបញ្ញា លើវិធីសាស្រ្តគូររូបភាព ដោយប្រើប្រាស់ដែកក្បាលមាន់ដុតឲ្យក្តៅគូរលើស្លឹកត្នោតស្ងួត។ ជាពិសេសទៅទៀតនោះ គឺ លោក រឿម ប៊ុហាក់ បានក្លាយជាជនជាតិខ្មែរដំបូងគេ ដែលទទួលបាននូវវិញ្ញាបនបត្រ ប្រកាសនីយបត្រតក្កកម្ម ការពារកម្មសិទ្ធបញ្ញាលើស្នាដៃបង្កើតថ្មីរបស់លោក ពីក្រសួងឧស្សាហកម្ម និងសិប្បកម្ម៕