(ភ្នំពេញ)៖ ស្ថានទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជា នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានរៀបចំសិក្ខាសាលា និងកិច្ចពិភាក្សាស្តីពី «ការប្រើប្រាស់ថាមពលថ្មី និងកកើតឡើងវិញ ដើម្បីបង្កើនផលិតភាពនៃសហគមន៍ជនបទនៅប្រទេសឥណ្ឌូនេស៊ី និងកម្ពុជា» ដើម្បីជំរុញការប្រើប្រាស់ថាមពលស្អាត និងកាត់បន្ថយការប្រើប្រាស់ថាមពលដែលចេញពីឥន្ធនៈផូស៊ីស ដែលជាការចូលរួមចំណែកកាត់បន្ថយការប្រែប្រួលអាកាសធាតុ។
សិក្ខាសាលា និងកិច្ចពិភាក្សានេះរៀបចំឡើង ស្របពេលដែលប្រទេសកម្ពុជា រៀបចំកម្មវិធី«សប្តាហ៍ថាមពលស្អាតឆ្នាំ ២០២៣ »ពីថ្ងៃទី១៦ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៣។
លោក Santo Darmosumarto អគ្គរដ្ឋទូតឥណ្ឌូនេស៊ីប្រចាំកម្ពុជាបានថ្លែងថា ព្រឹត្តិការណ៍នេះរៀបចំឡើងគឺបង្ហាញពីតម្លៃនៃថាមពលស្អាត ដើម្បីជំរុញឱ្យមានការប្រើប្រាស់ថាមពលស្អាត និងការបង្កើនផលិតភាពរបស់សហគមន៍ជនបទ។
លោកបន្តថា ថាមពលស្អាតមានអត្ថប្រយោជន៍ខ្លាំងណាស់សម្រាប់សេដ្ឋកិច្ច និងសង្គម ហើយការខិតខំ ដើម្បីទទួលបានថាមពលស្អាត គឺត្រូវតែលើកត្តាបី គឺទី១ការកកើតឡើង ទី២.អត្ថប្រយោជន៍ និងទី៣.ភាពជាដៃគូ។
លោកបន្ថែមថា«យើងខិតខំស្វែងរកប្រភពថាមពលកកើតឡើងវិញកាន់តែច្រើន។ជាមួយនឹងចក្ខុវិស័យរបស់យើងសម្រាប់ការផ្លាស់ប្តូរសេដ្ឋកិច្ចបៃតង។
នៅក្នុងប្រទេសឥណ្ឌូនេស៊ីយើងមានបំណងស្វែងរកប្រភពថាមពលកកើតឡើងវិញចំនួន២៣%នៅឆ្នាំ២០២៥ និង៣១% នៅឆ្នាំ ២០៥០។»
លោកលើកឡើងទៀតថា ការអភិវឌ្ឍន៍ថាមពលស្អាតត្រូវតែផ្តល់អត្ថប្រយោជន៍ដល់កិច្ចខិតខំប្រឹងប្រែងជារួមនៃកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងឥណ្ឌូនេស៊ី រួមទាំងក្នុងចំណោមអាជីវកម្មរបស់ប្រទេសទាំងពីរ។ ការផ្លាស់ប្តូរទៅប្រើប្រាស់ប្រភពថាមពលស្អាត នឹងជំរុញដល់ការបង្កើតការងារ បង្កើនផលិតភាពសេដ្ឋកិច្ចសហគមន៍ ជំរុញការបង្កើតថ្មី និងបង្កើនគុណសម្បត្តិប្រកួតប្រជែងនៅក្នុងទីផ្សារពិភពលោក។
លោក ភាវ សុវុទ្ធី អនុរដ្ឋលេខាធិការនៃក្រសួងបរិស្ថាន បានលើកឡើងថា រាជរដ្ឋាភិបាលកម្ពុជា បានប្តេជ្ញាចិត្តយ៉ាងមុតមាំក្នុងការផ្សព្វផ្សាយអំពីការប្រើប្រាស់ថាមពលកកើតឡើងវិញ តាមរយៈការជំរុញសេដ្ឋកិច្ចបៃតង ដើម្បីបង្កើនផលិតភាព និងជួយសម្រួលដល់ជីវិភាពប្រជាជនកម្ពុជា។
លោកបន្ថែមថា «កម្ពុជាជាប្រទេសបញ្ចេញឧស្ម័នផ្ទះកញ្ចក់តិចតួច ប៉ុន្តែយើងធ្លាប់បានរួមចំណែកធ្វើការងារដើម្បីកាត់បន្ថយបញ្ហាប្រែប្រួលអាកាសធាតុជាមួយបណ្តាប្រទេសផ្សេងទៀត។ កម្ពុជាក៏មានគម្រោងប្រើប្រាស់ថាមពលស្អាត និងកកើតឡើងវិញជាផ្នែកនៃធាតុផ្សំសម្រាប់ផ្គត់ផ្គង់វិស័យថាមពលរបស់ខ្លួន។ ជាមួយប្តេជ្ញាចិត្តដោះស្រាយបញ្ហាអាកាសធាតុ និងដើម្បីសម្រេចឲ្យបាននូវគោលដៅអភិវឌ្ឍប្រកបដោយចីរភាព កម្ពុជាបាននិងកំពុងបង្កើនការប្រើប្រាស់ថាមពលកកើតឡើងវិញ បង្កើតរោងចក្រអគ្គិសនីដើរដោយធ្យូងថ្មបន្ថែមទៀត និងជម្រើសប្រើប្រាស់ថាមពលព្រះអាទិត្យ ដែលនឹងសម្រេចឲ្យបាននូវការប្រើប្រាស់ប្រភពថាមពលចម្រុះនៅឆ្នាំ ២០៣០»៕