(ភ្នំពេញ)៖ លោកបណ្ឌិត លី ធុជ ទេសរដ្ឋមន្រ្តី និងជាអនុប្រធានទី១ អាជ្ញាធរមីន នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានធ្វើសន្និសីទសារព័ត៌មានពាក់ព័ន្ធនឹងការទទួលធ្វើជាប្រធាននៃអនុសញ្ញាអូតាវ៉ា ISU-APMBC នៅឆ្នាំ២០២៤ និងកិច្ចប្រជុំកំពូលសៀមរាប-អង្គរ ស្តីពីពិភពលោកមួយដែលគ្មានមីន (The Siem Reap-Angkor Summit ON A MINE FREE WORLD)។
អនុសញ្ញាអូតាវ៉ា គឺជាអនុសញ្ញាអង្គការសហប្រជាជាតិ (UN) ហើយអនុសញ្ញាអូតាវ៉ា មានសមាជិកចំនួន ១៦៤ប្រទេស និងស្ថាប័នអន្តរជាតិដទៃទៀត ដោយបានចុះហត្ថលេខា និងគាំទ្រលើអនុសញ្ញាអូតាវ៉ានេះ។ អនុសញ្ញាអូតាវ៉ា ជាការអនុសញ្ញាស្តីពីការហាមឃាត់ ការប្រើប្រាស់ ការដឹកជញ្ជូន ការស្តុកទុក និងការផ្ទេរ គ្រាប់មីនប្រឆាំងមនុស្សលោក។
សូមបញ្ជាក់ថា កម្ពុជា បានក្លាយជារដ្ឋភាគីមួយនៃអនុសញ្ញាអូតាវ៉ា ចាប់ពីឆ្នាំ២០០០។ ក្នុងនាមជារដ្ឋភាគី កម្ពុជា បានយកចិត្តទុកដាក់យ៉ាងខ្លាំងលើវិស័យមីន ហើយក៏បាននឹងកំពុងបំពេញកាតព្វកិច្ចរបស់ខ្លួនយ៉ាងសស្រាក់ស្រាំ ព្រមទាំងទទួលបាននូវការវាយតម្លៃខ្ពស់ពីគ្រប់រដ្ឋភាគី៕