(កៀវ)៖ កងកម្លាំងអាកាសអ៊ុយក្រែនបាននិយាយនៅថ្ងៃព្រហស្បតិ៍ (១៦ វិច្ឆិកា) ថា យោធាអ៊ុយក្រែនបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើក ចំនួន ១៦ គ្រឿងក្នុងចំណោម ១៨ គ្រឿងដែលរុស្ស៊ីបានបាញ់បង្ហោះ ក៏ដូចជាមីស៊ីកមួយគ្រាប់ក្នុងអំឡុងពេលវាយប្រហារពេលយប់។ នេះបើយោងតាមការចេញផ្សាយដោយ ទីភ្នាក់ងារសារព័ត៌មាន AFP នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

អភិបាលរងតំបន់បាននិយាយថា ប្រតិបត្តិការការពារដែនអាកាសត្រូវបានចាប់ផ្តើមនៅភាគខាងលិចនៃតំបន់ Khmelnytskyi។ អ្នកស្រុកត្រូវបានគេប្រាប់ឱ្យជ្រកកោនក្នុងតំបន់ និងទីក្រុង Starokostyantyniv នៃតំបន់នោះ ដែលជាទីតាំងមូលដ្ឋានទ័ពអាកាសមួយរបស់អ៊ុយក្រែន ហើយការវាយប្រហារតាមអាកាសរបស់រុស្ស៊ី បានកំណត់គោលដៅលើទីតាំងនេះជារើយៗ។

ទោះជាយ៉ាងណា ភ្លាមៗនេះគេមិនទាន់ដឹងច្បាស់ថា តើយន្តហោះគ្មានមនុស្សបើកពីរគ្រឿងផ្សេងទៀត ដែលគេចផុតពីប្រព័ន្ធការពារដែនអាកាសអ៊ុយក្រែន បានធ្លាក់នៅឯណានោះទេ។

អាជ្ញាធរបាននិយាយថា ហេដ្ឋារចនាសម្ព័ន្ធស៊ីវិលក្នុងតំបន់ Kharkiv ភាគខាងកើតជាប់ព្រំដែនប្រទេសរុស្ស៊ី ត្រូវបានបំផ្លាញដោយមីស៊ីល S-300 ប៉ុន្តែមិនមានអ្នកស្លាប់ ឬរបួសត្រូវបានរាយការណ៍ទេ។

នៅក្នុងសេចក្តីថ្លែងការណ៍ដាច់ដោយឡែកមួយបានឱ្យដឹងថា ក្រសួងថាមពលអ៊ុយក្រែនបាននិយាយថា ការទម្លាក់គ្រាប់បែករបស់រុស្ស៊ី បានកំណត់គោលដៅលើស្ថានីយថាមពលមួយ នៅក្នុងតំបន់ Donetsk ភាគខាងកើត ហើយបណ្តាលឱ្យខូចខាតដល់សម្ភារៈបរិក្ខារ។

ប្រជាជនអ៊ុយក្រែនភ័យខ្លាចថា រុស្ស៊ីកំពុងរៀបចំផែនការវាយប្រហារតាមផ្លូវអាកាស នៅរដូវរងាលើកទីពីរ សំដៅលើបណ្តាញអគ្គិសនី និងប្រព័ន្ធថាមពល ដែលនឹងបណ្តាលឱ្យដាច់ចរន្តអគ្គិសនី៕

រូបភាពពី Reuters