(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន ប្រធានក្រុមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ និងជាប្រធានគណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ពីគោលបំណងរបស់សម្តេច ក្នុងការអញ្ជើញទៅប្រទេសជប៉ុន នៅពេលខាងមុខ ដើម្បីពិនិត្យសុខភាពភ្នែក។

ការបញ្ជាក់នេះ បានធ្វើឡើងនៅវិមាន៧មករា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ ក្នុងឱកាស សម្តេចអនុញ្ញាតឲ្យ លោក ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ (Shihohara Katsuhiro) អតីតឯកអគ្គរាជទូតជប៉ុន និងជាប្រធានតំណាងមូលនិធិគាំទ្រការអប់រំអន្តរជាតិកម្ពុជា និងលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី (Kaai Atsushi) ចូលជួបសំដែងការគួរសម។

លោក ស៊ីណូហារ៉ា កាត់ស៊ូហ៊ីរ៉ូ មានប្រសាសន៍សម្ដែងនូវការភ្ញាក់ផ្អើលចំពោះភាពរីកចំរើនដ៏អស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំប្រកបដោយកិត្តិបណ្ឌិត របស់សម្តេចតេជោ ហ៊ុន សែន និងបន្តក្រោមការដឹកនាំរបស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី។ ដោយឡែកលោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី មានប្រសាសន៍ជំរាបជូនសម្តេចតេជោថា រូបលោកធ្លាប់បានជួយកម្ពុជាលើបញ្ហាភ្នែកជូនប្រជាជនកម្ពុជា រយៈពេលជាង៣០ឆ្នាំមកហើយ ក្នុងនោះរួមទាំងបានជួយពិនិត្យព្យាបាល និងផលិតកែវភ្នែកជូនសម្តេចតេជោផងដែរ។

លោកវេជ្ជបណ្ឌិតបន្តថា រូបលោកខកខានមកកាន់កម្ពុជារយៈពេល១៣ឆ្នាំមកហើយ មកដល់ពេលនេះរូបលោកមានការភ្ញាក់ផ្អើលយ៉ាងខ្លាំងចំពោះការរីកចំរើនយ៉ាងឆាប់រហ័ស និងមានភាពអស្ចារ្យរបស់ប្រទេសកម្ពុជា ក្រោមការដឹកនាំរបស់សម្តេចតេជោ និងបន្តមកក្រោមការដឹកនាំរបស់ សម្តេចធិបតី ហ៊ុន ម៉ាណែត។

សម្តេចតេជោមានប្រសាសន៍ថ្លែងអំណរគុណចំពោះថ្នាក់ដឹកនាំទាំងពីរ ដែលបានចូលរួមសហការជាមួយសម្តេច កាលពីពេលកន្លងមក ពិសេសការចូលរួមសហការលើបញ្ហាភ្នែករបស់លោកវេជ្ជបណ្ឌិតសាស្រ្តាចារ្យកិត្តិយស កាណៃ អាត់ស៊ូស៊ី នៅកម្ពុជា ក្នុងនោះរួមទាំងបញ្ហាផ្នែករបស់សម្តេចផ្ទាល់ មានភាពល្អប្រសើរបំផុត។ សម្តេចតេជោក៏បានបញ្ជាក់ពីកោលបំណងនៃការអញ្ជើញទៅប្រទេសជប៉ុន នៅពេលខាងមុខ ដើម្បីពិនិត្យសុខភាពភ្នែករបស់សម្តេចផងដែរ៕