(ភ្នំពេញ)៖ លោកបណ្ឌិត អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា ក្នុងរយៈពេល៥ឆ្នាំខាងមុខទៀត តាមរយៈការអនុវត្តនូវយុទ្ធសាស្រ្តចក្រាបរិស្ថាន ២០២៣ -២០២៨ កម្ពុជាអាចនឹងក្លាយជាប្រទេសមួយដ៏ស្រស់ស្អាត គ្មានសំរាម ទាំងនេះដោយសារការចូលរួមពីសំណាក់សិស្សានុសិស្ស លោកគ្រូ អ្នកគ្រូ ព្រះសង្ឃ និងភាគីពាក់ព័ន្ធបានចូលរួម។ តាមរយៈយុទ្ធសាស្រ្តនេះវានឹងជួយទាក់ទាញដល់វិស័យទេសចរណ៍និងរួមទាំងការឈានទៅមុខលើវិស័យសេដ្ឋកិច្ច។

ការថ្លែងបែបនេះរបស់លោកបណ្ឌិត អ៊ាង សុផល្លែត បានធ្វើឡើងក្នុងពិធីប្រកាសដាក់ឱ្យប្រើប្រាស់ជាផ្លូវការយុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ និងយុទ្ធនាការផ្ទៃមេឃព័ណ៌ខៀវ និងការបញេញឧស្ម័នផ្ទះកញ្ចក់ស្មើសូន្យ២០៥០ នៅកម្ពុជានៅរសៀលថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ នាទីស្តីការក្រសួងបរិស្ថាន។

លោកបណ្ឌិត អ៊ាង សុផល្លែត បានបន្ថែមថា យុទ្ធសាស្រ្តចក្រក្រានឹងលើកកម្ពស់បរិស្ថានកម្ពុជាក្នុងរយៈពេល៥ឆ្នាំខាងមុខឱ្យរឹតតែមានភាពរីកចម្រើន សំដៅធានាឱ្យបាននូវចីរភាពបរិស្ថាន និងសុក្រិតកម្មបរិស្ថានកិច្ចដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុនិងលើកកម្ពស់សេដ្ឋកិច្ចបៃតងឱ្យរឹតតែមានប្រសិទ្ធភាព សម្រាប់ជាប្រយោជន៍ដ៏សំខាន់ដល់ពលរដ្ឋកម្ពុជាគ្រប់ជំនាន់ និងលើកតម្កើងកិត្យានុភាពប្រទេសកម្ពុជាក្នុងឆាកអន្តរជាតិ។

លោករដ្ឋមន្រ្តីក្រសួងបរិស្ថាន បានថ្លែងថា យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ២០២៣-២០២៨ បានរៀបចំឡើងក្នុងគោលបំណងប្រែក្លាយសក្តានុពលវិស័យបរិស្ថាន ឱ្យទៅជាឧត្តមប្រយោជន៍ពិតជាក់ស្តែង សម្រាប់ប្រទេសជាតិ និងប្រជាជនកម្ពុជាគ្រប់ជំនាន់។ យុទ្ធសាស្រ្តចក្រាវិស័យបរិស្ថាន ផ្តោតសំខាន់លើកម្លាំងបង្វិល៣ធំៗ គឺ(១) គោលនយោបាយ, (២) រដ្ឋបាលឌីជីថល និង(៣) ការផ្សព្វផ្សាយ ដែលជាកម្លាំងចលកររុញនាវាកម្ពុជាឆ្ពោះទៅសម្រេចបាននូវចក្ខុវិស័យកម្ពុជាឆ្នាំ២០៥០។

លោកបណ្ឌិត អ៊ាង សុផល្លែត បានលើកឡើងដោយបញ្ជាក់បន្ថែមថានៅក្នុងយុទ្ធសាស្រ្តចក្រាយើងទី១ គឺភាពស្អាត ដែលក្នុងនេះមានទាំងភាពស្អាតខាងលើមានខ្យល់ អាកាសធាតុ ភាពស្អាតផ្នែកខាងក្រោមមានដីក្រោមដី និងផ្ទៃទឹក, ទី២ ភាពបៃតងក្នុងនេះមិនត្រឹមតែបៃតងបរិស្ថានទេ គឺនៅបៃតងទាំងសេដ្ឋកិច្ចផង៕