(ភ្នំពេញ)៖ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន នៅថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣នេះ បានគូសបញ្ជាក់ថា ដើម្បីឲ្យប្រទេស មានការរីកចម្រើនខ្លាំង ដាច់ខាត និងចាំបាច់បំផុតនោះ ត្រូវមានការចូលរួមពីវិស័យឯកជន ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ។

ការគូសបញ្ជាក់បែបនេះ ធ្វើឡើងក្នុងឱកាសដែល រដ្ឋមន្ត្រី អ៊ាង សុផល្លែត អញ្ជើញចូលរួមក្នុងពិធី ប្រគល់សញ្ញាបត្រ លើកទី៣២ ជូននិស្សិតជ័យលាភី សរុបចំនួន ៤៤៦នាក់ នារី ២៥២នាក់ ដែលបានបញ្ចប់ការសិក្សា នៅសាកលវិទ្យាល័យ អន្តរជាតិ នារសៀលថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។

លោក អ៊ាង សុផល្លែត បានបញ្ជាក់ថា «ដើម្បីឲ្យប្រទេស មានការរីកចម្រើនខ្លាំងជាបន្ត ទៅមុខទៀតនោះ ដាច់ខាត និងចាំបាច់បំផុតនោះ ត្រូវមានការចូលរួមចំណែកផ្តើម ចេញពីវិស័យឯកជន ដែលជាផ្នែកមួយ ដែលមានសារសំខាន់ និងមិនអាចកាត់ផ្តាច់បាន ក្នុងការចូលរួមចំណែកជាមួយ រាជរដ្ឋាភិបាល ក្នុងការអភិវឌ្ឍប្រទេសជាតិ និងការកាត់បន្ថយភាពក្រីក្រ របស់ប្រជាពលរដ្ឋរបស់យើងគ្រប់ៗគ្នា»។

ទន្ទឹមគ្នានេះ លោក អ៊ាង សុផល្លែត ក៏បានវាយតម្លៃខ្ពស់ ជូនដល់ថ្នាក់ដឹកនាំ សាស្ត្រាចារ្យ បុគ្គលិក នៃសាកលវិទ្យាល័យ អន្តរជាតិ ដែលបានចូលរួមអភិវឌ្ឍ ចូលរួមបណ្តុះបណ្តាល និងទ្រទ្រង់ ដើម្បីឲ្យគ្រឹះស្ថាន បណ្តុះបណ្តាលឯកជនមួយនេះ បន្តនិរន្តរភាពរបស់ខ្លួន ប្រកបដោយភាពរីកចម្រើន តទៅថ្ងៃអនាគតជាបន្តទៀត។

ឆ្លៀតក្នុងឱកាសនេះ លោក អ៊ាង សុផល្លែត បានផ្តាំផ្ញើដល់និស្សិតជ័យលាភីទាំងអស់ បន្ទាប់ពីបញ្ចប់ការសិក្សានេះទៅ ត្រូវយកចំណេះវិជ្ជា ដែលបានសិក្សារួចមកហើយ ទៅប្រើប្រាស់ឲ្យបានត្រឹមត្រូវ ក្នុងផ្លូវល្អ ប្រកបដោយសមត្ថភាព គុណធម៌ សីលធម៌ និងប្រកបដោយវិជ្ជាជីវៈខ្ពស់ ដើម្បីជាប្រយោជន៍សម្រាប់ខ្លួនឯង ក្រុមគ្រួសារ សង្គមជាតិ និងពិភពលោក។

លោកសាស្រ្ដាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យអន្ដរជាតិ បានឲ្យដឹងថា សាកលវិទ្យាល័យ អន្ដរជាតិ បានខិតខំធ្វើទំនើបកម្ម បច្ចេកវិទ្យា សម្ភារៈ ក៏ដូចជាធនធានបម្រើដល់ការសិក្សា ឲ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ដ្រចតុកោណ របស់រាជរដ្ឋាភិ​បាលកម្ពុជា។

បន្ថែមពីនោះទៀត លោកសាស្រ្ដាចារ្យ មហាបរិញ្ញាបណ្ឌិត សាបូ អូហ្សាណូ បានគូសបញ្ជាក់ថា ដើម្បីលើកកម្ពស់គុណភាពអប់រំ សាកលវិទ្យាល័យ បានខិតខំធ្វើកិច្ចសហប្រតិបត្ដិការ ក្នុងក្របខណៈជាតិ-អន្ដរជាតិ និងដៃគូអភិវឌ្ឍន៍ជាច្រើនផងដែរ៕