(កំពង់ឆ្នាំង)៖ កម្លាំងសមត្ថកិច្ចចម្រុះនៅខេត្តកំពង់ឆ្នាំង ដឹកនាំដោយលោក ប្រាក់ លាងហួរ អនុប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្ត និងលោក តាត សីហាក់ ប្រធានផ្នែករដ្ឋបាលជលផលផ្សារឆ្នាំង នាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣ បានចុះបង្ក្រាបបទល្មើសនេសាទ ការដាក់របាំងលបលូដែលមានប្រវែងវែងៗខុសច្បាប់ រួមទាំងរបាំងស្បៃមុងសរុបចំនួន៧កន្លែង នៅក្នុងភូមិសាស្ត្រឃុំឆ្នុកទ្រួ ស្រុកបរិបូរណ៍ ខេត្តកំពង់ឆ្នាំង។

យោងតាមរបាយការណ៍របស់សមត្ថកិច្ចចម្រុះបានឱ្យដឹងថា កម្លាំងសមត្ថកិច្ចចម្រុះក្នុងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសនេសាទខាងលើនេះមានចំនួនជិត២០នាក់ ដោយបានប្រើប្រាស់មធ្យោបាយកាណូតបាឡាស្មាច់ចំនួន ៣គ្រឿងនិងបានចុះបង្ក្រាបនៅទីតាំងក្នុងភូមិសេះស្លាប់ និងភូមិកំពង់ព្រះ ស្ថិតក្នុងឃុំឆ្នុកទ្រូ ស្រុកបរិបូរណ៍។

ជាលទ្ធផល សមត្ថកិច្ចចម្រុះបានកាប់បំផ្លាញចោលរបាំងលបលូសាច់អួនវែងៗ រួមនិងរបាំងស្បៃមុងចំនួន៧កន្លែង ដែលមានប្រវែងសរុបចំនួន១.៤០០ម៉ែត្រលបលូចំនួន១៤មាត់ បង្គោល៤០០ដើម និងចាក់លែងកូនត្រីដែលជាប់នៅក្នុងលបចូលទៅក្នុងទន្លេធម្មជាតិវិញចំនួន១០គីឡូផងដែរ។

សមត្ថកិច្ចបានបញ្ជាក់ថា យោងតាមច្បាប់ស្ដីពីជលផលការដាក់របាំងលបសាច់អួន និងរបាំងសាច់ស្បៃមុង គឺមិនត្រឹមត្រូវតាមច្បាប់កំណត់នោះឡើយ ក្នុងច្បាប់ស្ដីពីជលផលគឺអនុញ្ញាតឱ្យដាក់បានត្រឹមតែប្រវែង ៥០ម៉ែត្រប៉ុណ្ណោះ ដែលមានក្រឡាត្រឹមតែ៣ហ៊ុន ចំណែកការដាក់លើសប្រវែងកំណត់ខាងលើ និងប្រើឧបករណ៍ស្បៃមុងគឺច្បាប់មិនអនុញ្ញាតនោះឡើយ។ ដូច្នេះប្រជានេសាទដែលដាក់របាំងលបសាច់អួនប្រវែងរាប់រយ ឬរាប់ពាន់ម៉ែត្រ គឺត្រូវតែបង្ក្រាបដោយរុះរើចេញនិងដុតបំផ្លាញចោល ដោយមិនមានការលើកលែងជាដាច់ខាត ព្រោះកន្លងមកប្រជានេសាទនៅតាមសហគមន៍នានា សមត្ថកិច្ចធ្លាប់បានចុះធ្វើការអប់រំជាច្រើនលើកច្រើនសារ រួចមកហើយ ចំណែកសកម្មភាពការចុះបង្ក្រាបបទល្មើសនេសាទគឺបានរុះរើ និងកាប់បំផ្លាញចោល និងយកមកដុតកម្ទេចចោលបែបនេះ គឺបានអនុវត្តជារៀងរាល់ឆ្នាំ ប៉ុន្តែពួកគាត់មួយចំនួនតូចនៅតែមិនរាងចាល។

ករណីដែលបទល្មើសនេសាទនៅតែបន្តកើតមានជាហូរហែបែបនេះលោក ងិន ហ៊ុន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តកំពង់ឆ្នាំង នៅថ្ងៃទី១៦ ខែវិច្ឆិកានេះ បានបញ្ជាក់ប្រាប់តាមទូរសព្ទឲ្យដឹងដែរថា ដោយសារតែបែបនេះហើយទើបនៅពេលថ្មីៗកន្លងទៅនេះលោកប្រធានសង្កាត់នេសាទស្រុកជលគីរីម្នាក់ ត្រូវបានមន្ទីរកសិកម្មចេញសេចក្តីសម្រេចផ្លាស់ប្ដូរភារកិច្ចឲ្យមកធ្វើការនៅសង្កាត់នេសាទស្រុករលាប្អៀរវិញ ព្រោះតែមិនយកចិត្តទុកដាក់ក្នុងការចុះបង្ក្រាបបទល្មើសនេសាទនៅក្នុងដែនសមត្ថកិច្ចរបស់ខ្លួននៅក្នុងភូមិសាស្ត្រស្រុកជល់គីរី ករណីបើនៅតែមិនព្រមកែប្រែខ្លួននឹងត្រូវទទួលវិន័យរដ្ឋបាលតាមផ្លូវច្បាប់ជាបន្តទៀត។

លោកបានបញ្ជាក់ឲ្យដឹងទៀតថា ការអនុវត្តធម៌ក្តៅបែបនេះ គឺជាការព្រមានដល់មន្ត្រីផ្សេងៗទៀតឲ្យចេះទទួលខុសត្រូវទៅតាមតួរនាទីនិងភារកិច្ចរបស់ខ្លួន បើពុំដូច្នោះទេបទល្មើសនេសាទ និងបទល្មើសផ្សេងៗទៀត ដែលមន្ត្រីជំនាញរដ្ឋបាលជលផលមានភារកិច្ចជាអ្នកទទួលខុសត្រូ និងមិនអាចទប់ស្កាត់បាននោះឡើយ៕