(ភ្នំពេញ)៖ នៅព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នា២០២៣ កម្ពុជា អូស្ត្រាលី នូវែលសេឡង់ និងកម្មវិធីអភិវឌ្ឍន៍អង្គការសហប្រជាជាតិ (UNDP) បានបើកសម្ភោធជាផ្លូវការកម្មវិធី សប្តាហ៍ថាមពលស្អាតកម្ពុជា ឆ្នាំ២០២៣ ជាមួយការអំពាវនាវឱ្យមានសកម្មភាព សម្របសម្រួលលើអន្តរកាលថាមពលស្អាត ពីគ្រប់ភាគីពាក់ព័ន្ធ ដើម្បីរួមគ្នាសម្រេចគោលដៅរួម ក្នុងការបង្កើនថាមពលកកើតឡើងវិញ និងថាមពលសូឡា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា។

កម្មវិធីបើកសម្ភោធជាផ្លូវការ សប្តាហ៍ថាមពលស្អាត២០២៣នេះ ប្រព្រឹត្តទៅក្រោមការចូលរួមពីលោក កាន់ ផារិទ្ធ រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ,​ លោក ពៅ ម៉ាលី រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន​,​ លោក រដ្ឋ ឯកឧត្តម អនុរដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន។

ក្នុងនោះក៏មានការចូលរួមពីលោកឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត ឯកអគ្គរដ្ឋទូតអូស្ត្រាលីប្រចាំនៅកម្ពុជា, លោក Allen លេខាទីមួយផ្នែកអភិវឌ្ឍន៍ របស់ឯកអគ្គរដ្ឋទូតនូវែលសេឡង់ប្រចាំកម្ពុជាឡាវ និងថៃនិងលោកស្រី អាលីហ្សា ឆាកឃឺ អ្នកតំណាងកម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិប្រចាំកម្ពុជា និងលោក ណត្តារុណ ង៉ោសឺន នាយកប្រចាំប្រទេស​ របស់អង្គការអេននឺជីឡេប។

ឯកអគ្គរដ្ឋទូត ចាស្ទីន វ៉ាយអេត ថ្លែងឲ្យដឹងថា «អន្តរកាលថាមពលស្អាតរបស់កម្ពុជា ជាឱកាសមួយ ដើម្បីឆ្លើយតបទៅនឹងការប្រែប្រួលអាកាសធាតុ និងគាំទ្រដល់កំណើនសេដ្ឋកិច្ចប្រកបដោយបរិយាបន្ន និងនិរន្តរភាព។ អូស្ត្រាលីប្ដេជ្ញាគាំទ្រការផ្លាស់ប្តូរនេះ រួមទាំងការចែករំលែកបទពិសោធន៍ ក្នុងការរួមបញ្ចូលបណ្ដាញថាមពល កកើតឡើងវិញ ដើម្បីជួយកម្ពុជាសម្រេចបានលទ្ធផលតាមការរំពឹងទុក»

លោកបានបន្ថែមថា តាមរយៈកម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ច
ប្រកបដោយភាពធន់ ឬហៅកាត់ថា​ (CAPRED) អូស្ត្រាលីកំពុងធ្វើការជាមួយក្រសួងរ៉ែ និងថាមពល អាជ្ញាធរអគ្គិសនីកម្ពុជា និងភាគីពាក់ព័ន្ធដទៃទៀត លើការរួមបញ្ចូលថាមពលកកើតឡើងវិញ។ CAPRED ក៏កំពុងអនុវត្តគម្រោង ដែលជួយឲ្យប្រជាជននៅតំបន់ដាច់ស្រយាល មានលទ្ធភាពភ្ជាប់ទៅប្រព័ន្ធថាមពល​ សូឡាដែលមិនភ្ជាប់នឹងបណ្តាញអគ្គិសនីរដ្ឋ និងគាំទ្រប្រសិទ្ធភាពថាមពល តាមរយៈទីផ្សារក្រុមហ៊ុនផ្តល់សេវាកម្មថាមពល(ESCOs)។

លោកស្រី Alissar Chaker អ្នកតំណាង កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជាបានថ្លែងឲ្យដឹងថាការទទួលយកថាមពលស្អាត មិនមែនជាគោលជំហរមនោគមវិជ្ជាទ តែជាឱកាសអភិវឌ្ឍសេដ្ឋកិច្ចសម្រាប់កម្ពុជា ក្នុងការបង្កើនសន្តិសុខថាមពល បង្កើតភាគលាភពាណិជ្ជកម្ម និងការងារ លទ្ធភាពទទួលបានហិរញ្ញវត្ថុ និងបង្កើនភាពធន់ និងបរិយាបន្ន។

លោកស្រីបានបន្ដែមថា «កម្មវិធីអភិវឌ្ឍន៍សហប្រជាជាតិ ប្រចាំកម្ពុជា កំពុងធ្វើការ ដើម្បីលើកកម្ពស់ និងគាំទ្រដល់អន្តរកាលថាមពលនៅកម្ពុជា តាមរយៈភាពជាដៃគូ ជាមួយរាជរដ្ឋាភិបាលកម្ពុជា ដៃគូអភិវឌ្ឍន៍ អង្គការក្រៅរដ្ឋាភិបាល សង្គមស៊ីវិល បញ្ញវន្ត និងស្ថាប័នឯកជន ហើយប្ដេជ្ញាជំរុញតាមរយៈវិធីសាស្ត្ររួមបញ្ចូលគ្នា ផ្ដោតលើគោលនយោបាយ ការអនុវត្តរួមគ្នាសម្រាប់ការដាក់ឱ្យប្រើប្រាស់នូវ ដំណោះស្រាយប្រកបដោយភាពច្នៃប្រឌិត និងបច្ចេកវិទ្យាថាមពលស្អាត ការអភិវឌ្ឍន៍សមត្ថភាព និងហិរញ្ញប្បទានប្រកបដោយភាពច្នៃប្រឌិត។

លោកស្រីបានបន្ថែមថា ជាក់ស្ដែងក្នុងអំឡុងពេល៣ឆ្នាំចុងក្រោយនេះ UNDP បានគាំទ្របទបញ្ញាតិ្តសំខាន់ដូចជា ការរណែនាំពីថាមពលសូឡាលើដំបូល និងប្រសិទ្ធភាពថាមពលក្នុងអាគារ ហើយបានតភ្ជាប់បណ្ដាញអគ្គិសនី ដល់ភូមិដែលមិនបានភ្ជាប់នឹង បណ្ដាញអគ្គិសនីរដ្ឋចំនួន២១ ដែលមានបណ្តាញអគ្គិសនីខ្នាតតូច ដើរដោយថាមពលពន្លឺព្រះអាទិត្យ ដោយផ្តល់លទ្ធភាព ទៅដល់សហគមន៍ដាច់ស្រយាល និងតំបន់ដែលនៅខ្វះខាតផងដែរ។

លោក Allen បានថ្លែងថា «នូវែលហ្សេឡង់សូមស្វាគមន៍ ចំពោះឱកាសនានា ក្នុងការជួយដល់ប្រទេសកម្ពុជាក្នុងដំណើរអន្តរកាលថាមពលស្អាតនាពេលអនាគត។ ព្រឹត្តិការណ៍ដូចជា សប្ដាហ៍ថាមពលស្អាត ផ្ដល់ឱកាសដើម្បីបណ្តុះការផ្លាស់ប្តូរជាវិជ្ជមាន និងចែករំលែកដំណោះស្រាយប្រកបដោយ ភាពច្នៃប្រឌិតក្នុងការដោះ ស្រាយបញ្ហាបន្ទាន់បំផុត ដែលពិភពលោកកំពុងប្រឈមមុខនាពេលបច្ចុប្បន្ននេះ តាមរយៈការដឹកនាំ និងការផ្ដល់អនុសាសន៍ដល់ភាគីពាក់ព័ន្ធទាំងអស់ ដូចជាអ្នកទាំងអស់គ្នាដែលមានវត្តមានក្នុងកម្មវិធីនេះដែលនឹងធ្វើការរួមគ្នាឆ្ពោះទៅរកចក្ខុវិស័យ នៃអនាគតពណ៌បៃតង និងនិរន្តរភាព»

លោក ណត្តារុណ ង៉ោសឺន បានថ្លែងថា «យើងសង្ឃឹមថាសប្តាហ៍ថាមពលស្អាតឆ្នាំ២០២៣ នឹងគាំទ្រដល់គោលដៅមួយរបស់ឯកឧត្តម កែវ រតនៈ ក្នុងការបង្កើនថាមពលកកើតឡើងវិញអថេរ (VRE) និងថាមពលសូឡា ដើម្បីបង្កើនសន្តិសុខថាមពលរបស់កម្ពុជា»

សូមជម្រាបថា កម្មវិធីនេះក៏មានកិច្ចពិភាក្សា លើអាទិភាពសំខាន់ៗ សម្រាប់អន្តរកាលថាមពលស្អាតរបស់ប្រទេសកម្ពុជាដោយមានវាគ្មិនកិត្តិយសមកពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធនាគារពិភពលោក កម្មវិធីភាពជាដៃគូកម្ពុជា អូស្ត្រាលី សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចប្រកបដោយភាពធន់(CAPRED) និង Empacte៕