(បារាំង)៖ លោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ និងជាប្រធានក្រុមប្រឹក្សាភិបាលអាជ្ញាធរជាតិអប្សរា អមដំណើរដោយអគ្គនាយកអាជ្ញាធរជាតិអប្សរា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមួយចំនួនទៀត ថ្មីៗនេះ នាខែវិច្ឆិកា ឆ្នាំ២០២៣ បានពិនិត្យនិងសម្ពោធការដំឡើងសាកល្បងស្ថានីយគ្រប់គ្រងទឹកស្វ័យប្រវត្តិ ដែលសហជីពអន្តរសង្កាត់នៃជ្រលងប៊ីយ៉ែវនឹងត្រូវយកទៅដំឡើងនៅរមណីយដ្ឋានអង្គរចំនួន៦ស្ថានីយ នាទីស្នាក់ការសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) ប្រទេសបារាំង។

លោក Francisque Vigouroux ប្រធានសហជីពអន្តរសង្កាត់គ្រប់គ្រងទឹកនៃជ្រលងប៊ីយ៉ែវ (SIAVB) បានបង្ហាញអំពីផលប្រយោជន៍នៃស្ថានីយទាំងនេះ ព្រមទាំងប្រសិទ្ធភាពនៃស្ថានីយក្នុងការគ្រប់គ្រងទឹក។

សូមបញ្ជាក់ថា អាជ្ញាធរជាតិអប្សរា និងសហជីពអន្តរសង្កាត់ជ្រលងប៊ីយ៉ែវ បានចុះកិច្ចព្រមព្រៀងសហប្រតិបត្តិការវិមជ្ឈការនៅក្នុងគម្រោងប្រព័ន្ធជំនួយស្វ័យប្រវត្តិក្នុងការគ្រប់គ្រងទឹកក្នុងតំបន់សៀមរាបអង្គរ (SDGERA) កាលពីថ្ងៃទី១៦ ខែធ្នូ ឆ្នាំ២០២២៕