(ភ្នំពេញ)៖​ លោក រស់ វណ្ណា រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើខ្លឹមសារកំណត់ហេតុសង្ខេបជំនួយបច្ចេកទេសរបស់ដៃគូអភិវឌ្ឍន៍ នៃប្រទេសអូស្ត្រាលី ក្នុងភាពជាដៃគូសម្រាប់ហេដ្ឋារចនាសម្ព័ន្ធ (Partnerships for Infrastructure -P4I) ផ្តោតលើគោលនយោបាយ និងយុទ្ធសាស្រ្តគ្រប់គ្រងវិស័យទឹកកខ្វក់ ដោយមានការចូលរួមពីលោកអនុរដ្ឋលេខាធិការ អគ្គនាយកស្ដីទី អគ្គនាយករង ប្រធាន-អនុប្រធាននាយកដ្ឋាន និងមន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានប្រព័ន្ធចម្រោះទឹកកខ្វក់។

កិច្ចប្រជុំនេះបានធ្វើឡើងនាថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣​ក្នុងគោលបំណងសំខាន់នៃកិច្ចប្រជុំ គឺដើម្បីធ្វើការពិនិត្យបន្ថែមលើខ្លឹមសារកំណត់ហេតុសង្ខេបជំនួយបច្ចេកទេស របស់ដៃគូអភិវឌ្ឍន៍ នៃប្រទេសអូស្ត្រាលី និងផ្ទៀងផ្ទាត់លើសំណើជាមួយដៃគូអភិវឌ្ឍន៍នានាមួយចំនួនដូចជា វិទ្យាស្ថាន AgroParisTech នៃប្រទេសបារាំង ទីប្រឹក្សាបច្ចេកទេស ហ្រ្គែត (GRET) ដែលសហការ និងផ្តល់ជាជំនួយបច្ចេកទេសលើការងារ ដែលមានចរិតលក្ខណៈ និងទំហំការងារដូចគ្នា ក្នុងគោលបំណងជៀសវាងភាពត្រួតស៊ីគ្នា៕