(ភ្នំពេញ)៖ ព្រះករុណា ព្រះបាទ សម្តេចព្រះបរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃកម្ពុជា បានយាងថ្លែងព្រះរាជសុន្ទរកថា ក្នុងឱកាសខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក នៃសន្និសីទអន្តររដ្ឋាភិបាលលើកទី៤ ស្តីពីអង្គរយូណេស្កូ ទីក្រុងប៉ារីស ថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ២០២៣។

ពិធីប្រារព្ធខួបលើកទី៣០ នៃគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក ក៏មានការចូលរួមថ្លែងសុន្ទរកថា ដោយលោកស្រីអគ្គនាយិកាអង្គការយូណេស្កូ អូដ្រេ អាហ្ស៊ូឡាយ (Audrey Azoulay) ផងដែរ។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលថា កម្ពុជានឹងទាញយកនូវអត្ថប្រយោជន៍យ៉ាងល្អប្រសើរ ពីពាក្យពេចន៍នៃសុន្ទរកថា របស់លោកស្រី Audrey Azoulay ដែលបានថ្លែង ដោយពាក្យពេចន៍ទាំងនេះ រំលេចឱ្យឃើញនូវភាពស្របច្បាប់ និងមហិច្ឆតាប្រកបដោយ មោទនភាព ដែលដឹកនាំពីការវិវត្តរបស់រមណីយដ្ឋានអង្គរ និងប្រាសាទសំបូរព្រៃគុក រហូតដល់ដំណាច់ទសវត្សរ៍ឆ្នាំ ២០២៣-២០៣៣។

ត្រង់ចំណុចនេះ គំរូរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (CIC) ដែលបានអនុវត្តនៅរមណីយដ្ឋានអង្គរ និងរមណីយដ្ឋានសំបូរព្រៃគុក នឹងត្រូវយកទៅអនុវត្ត នៅរមណីដ្ឋានកោះកេរដែរ។

ព្រះមហាក្សត្របានមានព្រះរាជបន្ទូលទៀតថា «សំណេរនៃសុន្ទរកថានេះ មិនទាន់ស្ងួតផងទេ ខណៈពេលដែលព័ត៌មានដ៏អស្ចារ្យ នៃការដាក់បញ្ចូលរមណីយដ្ឋានកោះកេរ ទៅក្នុងបញ្ជីបេតិកភណ្ឌពិភពលោក ត្រូវបានប្រកាសចេញពីព្រះរាជាណាចក្រអារ៉ាប៊ីសាអូឌីត នៅក្នុងឱកាសនៃកិច្ចប្រជុំលើកទី៤៥ នៃគណៈកម្មាធិការបេតិកភណ្ឌពិភពលោក។ ប្រទេសកម្ពុជាបានដាក់សំណើបញ្ចូលរមណីយដ្ឋានកោះកេរ ជាផ្លូវការក្នុងខែមករា ឆ្នាំ២០២១។ អាស្រ័យហេតុនេះ គំរូរបស់គណៈកម្មាធិការសម្របសម្រួលអន្តរជាតិ (CIC) នឹងត្រូវយកទៅអនុវត្ត ចំពោះការអភិរក្ស ជួសជុល និងគ្រប់គ្រងយ៉ាងពិសេស ចំពោះប្រាសាទចំនួន៧៦ និងបុរាណវត្ថុចំនួន១៦៩។ សិល្បៈ និងប្រាសាទកោះកេរដ៏អស្ចារ្យ បញ្ជាក់ពីអត្ថិភាពនៃនគរដ៏មានអំណាច និងរុងរឿង ដែលប្រវត្តិសាស្រ្ត និងវប្បធម៌ដ៏សម្បូរបែបមួយផ្នែកធំត្រូវតែធ្វើការស្រាវជ្រាវ និងកត់ត្រាទុក»

ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា អស់រយៈពេល៣០ឆ្នាំហើយ មិត្តភក្តិបារាំង និងជប៉ុន បាននិងកំពុងសហការ ជាមួយអង្គការយូណេស្កូ ផ្តល់នូវគំរូនៃការអនុវត្តកិច្ចសហប្រតិបត្តិការពហុភាគីដ៏អស្ចារ្យ ប្រកបដោយប្រសិទ្ធភាព ដែលទទួលបានការកោតសរសើរពីគ្រប់មជ្ឈដ្ឋានជាតិ-អត្តរជាតិ ។ មកទល់នឹងពេលបច្ចុប្បន្ននេះ ប្រទេសជាងសាមសិបបានចូលរួមចំណែកក្រោមទម្រង់ផ្សេងៗគ្នា ក្នុងការការពារបេតិកភណ្ឌដ៏មហិមារបស់កម្ពុជា ក្នុងលក្ខខណ្ឌដ៏ល្អប្រសើរបំផុត។

ព្រះមហាក្សត្រមានព្រះរាជបន្ទូលទៀតថា ជាការពិតបន្ទាប់ពីទទួលបានលទ្ធផលជាទីគាប់ប្រសើរនៃស្នាដៃអភិវឌ្ឍឡើងវិញ ដែលប្រទេសបារាំង និងជប៉ុនបានចាប់ផ្តើមនៅឆ្នាំ១៩៩៣ ជាពិសេសក្នុងវិស័យបុរាណវិទ្យា និងហេដ្ឋារចនាសម្ព័ន្ធទេសចរណ៍ស្របតាមគោលបំណងពីអតីតកាល រហូតមកដល់បច្ចុប្បន្ន គឺផ្តោតលើការកំណត់គោលនយោបាយមួយ ពោរពេញដោយមហិច្ឆតា ក្នុងការអភិវឌ្ឍប្រកប ដោយចីរភាពនូវរមណីយដ្ឋានអង្គរ ប្រាសាទព្រះវិហារ សំបូរព្រៃគុក និងកោះកេរ។

សូមជម្រាបថាគណៈកម្មាធិការអន្តរជាតិ ដើម្បីសម្របសម្រួលកិច្ចគាំពារ និងអភិវឌ្ឍន៍រមណីយដ្ឋានប្រវត្តិសាស្រ្តអង្គរ និងសំបូរព្រៃគុក (CIC) មាន​តួនាទី និង​ភារកិច្ច​សំខាន់​ក្នុងការ​ស្រោចស្រង់ អភិរក្ស និង​អភិវឌ្ឍ​ប្រកបដោយ​ចីរភាព​នៅ​តំបន់​រមណីយដ្ឋាន​សៀមរាប​អង្គរ និងប្រាសាទសំបូរព្រៃគុក បន្ទាប់ពីរមណីដ្ឋាននេះត្រូវបានដាក់បញ្ចូលក្នុងបញ្ជីបេតិកភណ្ឌពិភពលោក៕