(ពោធិ៍សាត់)៖ លោក ខូយ រីដា អភិបាលខេត្តពោធិ៍សាត់ នាថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣ បានលើកឡើងថា ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ត្រូវប្រកាន់គោលជំហររួបរួមសាមគ្គី ឯកភាពផ្ទៃក្នុង បង្កើនសមត្ថភាពការងារ បន្តខិតខំបំពេញតួនាទីភារកិច្ច ក្នុងការបម្រើប្រជាពលរដ្ឋ ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន កាត់បន្ថយនូវភាពអសកម្ម និងមិនត្រូវបង្កបញ្ហាស្មុកស្មាញ ដែលនាំឲ្យប៉ះពាល់ និងមានការថ្នាំងថ្នាក់ ពីសំណាក់មហាជន មកលើថ្នាក់ដឹកនាំនោះឡើយ។

អភិបាលខេត្ត បានលើកឡើងបែបនេះ នៅសាលប្រជុំសាលាក្រុងពោធិ៍សាត់ ក្នុងឱកាសជួបសំណេះសំណាល ជាមួយក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ចំនួន៦៦រូប ដោយមានការចូលរួមពីលោក លោកស្រី អភិបាលរងខេត្ត ថ្នាក់ដឹកនាំមន្ទីរអង្គភាពនានាជុំវិញខេត្ត និងកងកម្លាំងប្រដាប់អាវុធទាំង៣។

អភិបាលខេត្តរូបនេះ បានបញ្ជាក់បន្ថែមថា ចាប់តាំងពីរូបលោកបានចូលកាន់មុខតំណែង ជាអភិបាលខេត្តពោធិ៍សាត់ បានជិតមួយឆ្នាំ ស្ទើរតែគ្មានពេលសម្រាក គឺមានមហិច្ឆតាអភិវឌ្ឍន៍ខេត្តពោធិ៍សាត់ ជាខេត្តកំណើត ឲ្យមានការរីកចម្រើនឡើងជាបន្តបន្ទាប់ និងសូមឲ្យមានការចូលរួម និងគាំទ្រពីគ្រប់មជ្ឈដ្ឋាន ជាពិសេសក្រុមប្រឹក្សា គណៈអភិបាលក្រុង ចៅសង្កាត់ និងអ្នកពាក់ព័ន្ធ ទើបសម្រេចទៅបាន។

លោកបានក្រើនរំលឹក ដល់ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ ទោះបីមកពីគណបក្សណាក៏ដោយ ក៏ត្រូវបង្កើនសមត្ថភាពការងារ សាមគ្គីឯកភាពផ្ទៃក្នុង មានស្មារតីឧត្តមគតិតែមួយ កាត់បន្ថយភាពអសកម្ម ក្នុងគោលបំណងអនុវត្តគោលនយោបាយវិមជ្ឈការ និងវិសហមជ្ឈការ ស្របតាមយុទ្ធសាស្ត្របច្ចកោណរបស់រាជរដ្ឋាភិបាល ដំណាក់កាលទី៧ នៃរដ្ឋសភា។

លោកបានថ្លែងទៀតថា នូវរាល់សមិទ្ធិផលដែលកើតមានសព្វថ្ងៃ គឺដោយសារសង្គមជាតិយើងទទួលបានសុខសន្តិភាព ស្ថេរភាព ក្រោមការលះបង់គ្រប់បែបយ៉ាង ពីសំណាក់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងបន្តវេនសម្តេចបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា រួមជាមួយឥស្សរជនសំខាន់ៗមួយចំនួនទៀត។ ដូចនេះក្រុមប្រឹក្សាក្រុង ក្រុមប្រឹក្សាសង្កាត់ ត្រូវតែចូលរួមថែរក្សាការពារ តាមរយៈការបំពេញតួនាទីភារកិច្ច និងចេះចែករំលែក បែងចែកការងារ ជម្រុញការអភិវឌ្ឍន៍ក្នុងមូលដ្ឋាន ឲ្យកាន់តែរីកចម្រើន ដែលជាក្តីសង្ឃឹមរបស់ប្រជាពលរដ្ឋ ជាម្ចាស់សន្លឹកឆ្នោត តែងតែបោះឆ្នោតគាំទ្រប្រមុខរាជរដ្ឋាភិបាលគ្រប់អាណត្តិ។

លោក ខូយ រីដា សូមឲ្យលោក លោកស្រី ​ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំងអស់ គប្បីខិតខំបញ្ចេញនូវសកម្មភាពនៅក្នុងមូលដ្ឋានប្រកបដោយភាពជឿជាក់ ជូនប្រជាពលរដ្ឋ គឺមិនត្រូវប្រកាន់អំពីនិន្នាការនយោបាយ​ មិនបង្កបញ្ហាស្មុកស្មាញ គឺរួមគ្នាធ្វើ រួមគ្នាដោះស្រាយនូវករណីប្រឈមនានាឲ្យបានទាន់ពេលវេលា ទាំងការផ្តល់សេវាសាធារណៈ ការចូលរួមរក្សាការពារសន្តិសុខ សណ្តាប់ធ្នាប់សង្គម និងមានទំនូលខុសត្រូវ ចេះសម្របសម្រួលដោះស្រាយក្រៅប្រព័ន្ធតុលាការ ឲ្យមានប្រសិទ្ធិភាព តម្លាភាព មិនត្រូវលម្អៀងខាងភាគីណាមួយនោះទេ គឺឈរនៅកណ្តាល ដើម្បីទទួលបាន ឈ្នះ-ឈ្នះ ទាំងអស់គ្នា។

លោកក៏សូមថ្លែងអំណរគុណ និងកោតសរសើរ ដល់ក្រុមប្រឹក្សាក្រុង និងក្រុមប្រឹក្សាសង្កាត់ទាំង៧ នៃក្រុងពោធិ៍សាត់ ដែលជានិច្ចកាលបានខិតខំប្រឹងប្រែងបំពេញការងារ និងមានស្នាដៃជាច្រើន ក្នុងបុព្វហេតុបម្រើជាតិ និងប្រជាពលរដ្ឋ។

ជាមួយគ្នានោះ លោកបានសម្គាល់ឃើញថា លោក លោកស្រីក្នុងជួរក្រុមប្រឹក្សាក្រុង សង្កាត់ គិតមកដល់ពេលនេះ ភាគច្រើនពួកគាត់កាន់តែមានវ័យចំណាស់ រីឯសុខភាពវិញកាន់តែមានសភាពទ្រុឌទ្រោមខ្លាំង បើអាចឈប់សម្រាកបានជាការល្អប្រសើរបំផុត គឺទុកកិច្ចការទាំងនេះដល់អ្នកបន្តវេន ឯចំពោះអ្នកមានសមត្ថភាព គប្បីយកចិត្តទុកដាក់ថែរក្សាសុខភាពជាប់ជាប្រចាំ ព្រោះថាសុខភាពជាកត្តាចម្បងមិនត្រូវមើលរំលងឡើយ ហើយក៏សូមឲ្យរដ្ឋបាលក្រុង សង្កាត់ បន្តការផ្សព្វផ្សាយ និងចលនាដល់មហាជន ប្រជាជនចូលរួមសម្អាតបរិស្ថានទាំងនៅក្នុងទីប្រជុំជន តាមលំនៅឋាន វត្តអារាម សាលារៀន និងទីសាធារណៈ ឲ្យបានព្រមៗគ្នា ដើម្បីនាំមកនូវសិរីសួស្តី ដល់យើងគ្រប់ៗគ្នា៕