(ភ្នំពេញ)៖ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា ប្រធានស្តីទីព្រឹទ្ធសភា សូមផ្ញើសារគោរពជូនពរ និងអបអរសាទរ ចំពោះសម្តេចអគ្គមហាពញាចក្រី ហេង សំរិន ក្នុងឱកាសដែលត្រូវបានអង្គមហាសន្និបាត អនុម័តជ្រើសតាំងជាប្រធានកិត្តិយស និងសម្ដេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ត្រូវបានជ្រើសរើសជាប្រធាន នៃក្រុមប្រឹក្សាជាតិរណសិរ្យសាមគ្គី អភិវឌ្ឍន៍មាតុភូមិកម្ពុជា។

ក្នុងឱកាសដ៏មហាប្រសើរថ្លៃថ្លានេះ ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ស៊ឹម កា សូមគោរពជូនពរ សម្ដេចអគ្គមហាពញាចក្រី និងសម្ដេចកិត្តិសង្គហបណ្ឌិត ព្រមទាំងបុត្រា បុត្រី ចៅប្រុស ចៅស្រីទាំងអស់របស់សម្ដេច សូមទទួលបាននូវ ព្រះពុទ្ធពរ ទាំងបួនប្រការគឺ អាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀងឃ្លាតឡើយ។

សូមជម្រាបថា មហាសន្និបាតរណសិរ្សសាមគ្គីអភិវឌ្ឍន៍មាតុភូមិកម្ពុជា លើកទី៦ ត្រូវបានរៀបចំឡើងក្រោមអធិបតីភាព សម្តេចតេជោ ហ៊ុន សែន ប្រធាន​គណបក្សប្រជាជនកម្ពុជា និងជាអធិបតីកិត្តិយសក្រុមប្រឹក្សាជាតិរណ​សិរ្ស​សាមគ្គី​អភិវឌ្ឍន៍មាតុភូមិកម្ពុជា នៅសណ្ឋាគារសុខា នៅព្រឹកថ្ងៃទី១៥​ ខែវិច្ឆិកា ឆ្នាំ២០២៣៕