(ភ្នំពេញ)៖ រាជបណ្ឌិត្យសភាកម្ពុជា នាព្រឹកថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ ២០២៣នេះ បានរៀបចំការប្រឡងបញ្ចប់វគ្គ​ជំនាញចុងភៅ​ ជំនាន់ទី៥​ របស់សិក្ខាកាម ដែលបានរៀននៅរាជបណ្ឌិត្យសភាកម្ពុជា ​រយៈពេល៣ខែ​ ទៅលើមុខម្ហូបអាស៊ី-អឺរ៉ុប​៣៦មុខ និង៥៥មុខ។

ការប្រឡងបញ្ចប់វគ្គបណ្តុះបណ្តាលនេះ ដោយមានការអញ្ជើញចូលរួមពី លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោកបណ្ឌិត យង់ ពៅ អគ្គលេខាធិការនៃរាជបណ្ឌិត្យសភាកម្ពុជា, លោកគ្រូ ស័រ សំអាង ជាគ្រូបង្គោល, លោក កែវ ឡាក់ ប្រធានផ្នែកចុងភៅវឌ្ឍនៈអេហ្វ និងប៊ី លីមីត និងលោក ប៉ាន សុធា នាយកផ្នែកលក់ចុងភៅចល័ត សេងហុកហេង និងភោជនីយដ្ឋាន។

ជាមួយគ្នានេះ លោកបណ្ឌិត សុខ ទូច ក៏បានផ្ដល់អនុសាសន៍ទាក់ទងនឹងការបណ្ដុះបណ្ដាល នៃវិជ្ជាជីវៈ លើជំនាញរួមមាន៖
* សិក្សាស្រាវជ្រាវកត់ត្រាដាក់ក្នុងបណ្ណាល័យ ឬធ្វើវីដេអូ បង្ហោះនៅក្នុងយូធូប
* សុខភាពខ្លួនឯង សុខភាពគ្រួសារ និងសុខភាពភ្ញៀវ
* ការបណ្ដុះបណ្ដាលការងារ
* ការលក់សេវាកម្មប្រកបដោយគុណភាពខ្ពស់
* រកចំណូល ពីការលកកម្លាំងពលកម្ម
* ការកែប្រែទម្លាប់។ល។

ជំនាញចុងភៅនេះ គឺជាជំនាញមួយដែលមានសារៈសំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ និងក៏ជាចំណែកសំខាន់មួយក្នុងការលើកស្ទួយវិស័យទេសចរណ៍។ ដោយមើលឃើញពីសក្ខានុពលនៃជំនាញចុងភៅនេះហើយ ទើបរាជបណ្ឌិត្យសភាកម្ពុជា បាននិងកំពុងផ្តល់ជូនការបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈលើជំនាញចុងភៅ ដល់យុវជនកម្ពុជា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា «យុវជនម្នាក់ ជំនាញមួយ»

សូមជម្រាបដែរថា វគ្គបណ្តុះបណ្តាលលើជំនាញចុងភៅ មានដូចខាងក្រោម៖
១៖ វគ្គម្ហូបអាស៊ី-អ៊ឺរ៉ុប (៥៥មុខ) មានរយៈពេល២៤០ម៉ោង សិក្សានៅថ្ងៃចន្ទ-ព្រហស្បតិ៍ ឬ សៅរ៍-អាទិត្យ
២៖ វគ្គម្ហូបអាស៊ី-អ៊ឺរ៉ុប (៣៦មុខ) មានរយៈពេល១៦០ម៉ោង សិក្សានៅថ្ងៃចន្ទ-ព្រហស្បតិ៍ ឬ សៅរ៍-អាទិត្យ
៣៖ វគ្គម្ហូបអាស៊ី-អ៊ឺរ៉ុប (១៥មុខ) មានរយៈពេល៨០ម៉ោង សិក្សានៅថ្ងៃចន្ទ-ព្រហស្បតិ៍ ឬ សៅរ៍-អាទិត្យ
៤៖ វគ្គអាហារពេលព្រឹក (៨មុខ) មានរយៈពេល២៤ម៉ោង សិក្សានៅថ្ងៃ ចន្ទ និងអង្គារ
៥៖ វគ្គជំនួយការចុងភៅ (ទ្រឹស្តី+៤មុខ) មានរយៈពេល៤៨ម៉ោង សិក្សានៅថ្ងៃ ចន្ទ-ព្រហស្បតិ៍។

សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងមកតាម៖ រយៈលេខទូរស័ព្ទ៖ ០១២ ៩៦៥ ៩២១ ឬ ០១០ ៩៦៥ ៩២១
ដែលមានអាសយដ្ឋាន នៅមហាវិថីសហព័ន្ធរុស្ស៊ី សង្កាត់អូរបែកក្អម ខណ្ឌសែនសុខ រាជធានីភ្នំពេញ
តាមរយៈទំព័រហ្វេសប៊ុក រាជបណ្ឌិត្យសភាកម្ពុជា-Royal Academy of Cambodia ឬ មជ្ឈមណ្ឌលបណ្តុះបណ្តាលនិងស្រាវជ្រាវនៃរាជបណ្ឌិត្យសភាកម្ពុជា៕