(ភ្នំពេញ)៖ កម្លាំងនគរបាលប៉ុស្ដិ៍ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ បានចាប់ខ្លួន ជនសង្ស័យ៤នាក់ ជាមុខសញ្ញាជួញដូរ និងប្រើប្រាស់គ្រឿងញៀន ព្រមទាំងដកហូតបានថ្នាំមួយចំនួន នារសៀលថ្ងៃទី១៨ ខែសីហា ឆ្នាំ២០១៦ នៅចំណុចផ្ទះជួលមួយកន្លែង ដែលមានទីតាំងស្ថិត នៅក្នុងភូមិព្រៃដូនអុក សង្កាត់ត្រពាំងក្រសាំង ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

មន្ដ្រីនគរបាលបានឲ្យដឹងថា ជនសង្ស័យដែលចាប់ខ្លួនបាន ទី១-ឈ្មោះ ឌី សុផានិត អាយុ២៤ឆ្នាំ ទី២-ឈ្មោះ ជាប ឌុច អាយុ២៨ឆ្នាំ ទី៣-ឈ្មោះ ឈុន សុផល អាយុ២២ ត្រូវជាប្រពន្ធរបស់ឈ្មោះ ជាប ឌុច និងទី៤-ឈ្មោះ ប៉ែន សុខចេង អាយុ២៣ឆ្នាំ ប៉ុន្ដែជនសង្ស័យនេះបានបដិសេធថា ខ្លួនមិនបានជាប់ពាក់ព័ន្ធនោះទេ។

មន្ដ្រីដដែលបញ្ជាក់ថា ក្រោយពេលចាប់ខ្លួនកម្លាំងនគរបាលជំនាញ ដកហូតបានគ្រឿងញៀន២កញ្ចប់ ដាវចំនួន៣ដើម កាំភ្លើងជ័រ១ដើម ទូរស័ព្ទចំនួន១០គ្រឿង និងវត្ថុតាងប្រើប្រាស់មួយចំនួនទៀត។
បច្ចុប្បន្នជនសង្ស័យត្រូវបានបញ្ជូលខ្លួន ទៅកាន់អធិការដ្ឋាននគរបាលខណ្ឌ ដើម្បីសាកសួរបន្ថែម និងចាត់ការតាមច្បាប់៕